យេរេមា 5
5
ក្រុងយេរូសាឡឹមពោរពេញដោយអំពើបាប
1ចូរនាំគ្នាដើរកាត់ក្រុងយេរូសាឡឹម
ចូរសង្កេតមើល
ហើយសាកសួរ និងរកមើលនៅតាមផ្សារ
ក្រែងលោឃើញមាននរណាម្នាក់ស្មោះត្រង់
និងប្រព្រឹត្តតាមសេចក្ដីសុចរិត
ប្រសិនបើអ្នករាល់គ្នារកឃើញតែម្នាក់
នោះយើងអត់ទោសឲ្យក្រុងយេរូសាឡឹម។
2ទោះបីគេស្បថ ដោយយកព្រះអម្ចាស់
ដែលមានព្រះជន្មគង់នៅធ្វើជាសាក្សីក្ដី
ក៏ពាក្យសម្បថរបស់គេមិនពិតដែរ។
3បពិត្រព្រះអម្ចាស់ ព្រះអង្គរំពៃមើល
ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។
ព្រះអង្គបានវាយប្រហារពួកគេ
តែពួកគេធ្វើព្រងើយ
ព្រះអង្គបានធ្វើឲ្យពួកគេវិនាស
តែពួកគេមិនរាងចាលទេ
ពួកគេកាន់ចិត្តរឹងដូចថ្ម
ពួកគេមិនព្រមវិលមករកព្រះអង្គវិញទេ។
4ខ្ញុំគិតថា: អ្នកទាំងនោះសុទ្ធតែជា
មនុស្សតូចតាច មិនសូវដឹងអី
គេពុំស្គាល់មាគ៌ារបស់ព្រះអម្ចាស់
ហើយក៏មិនស្គាល់ក្រឹត្យវិន័យនៃព្រះរបស់ខ្លួនដែរ។
5ខ្ញុំគួរតែទៅរកពួកអ្នកធំវិញ
ដើម្បីនិយាយជាមួយពួកគេ
អ្នកទាំងនោះពិតជាស្គាល់មាគ៌ារបស់ព្រះអម្ចាស់
ហើយស្គាល់ក្រឹត្យវិន័យនៃព្រះរបស់ខ្លួន។
ប៉ុន្តែ អ្នកទាំងនោះក៏បះបោរប្រឆាំងនឹងព្រះអង្គ
ព្រមទាំងផ្ដាច់ចំណងមេត្រីពីព្រះអង្គ
ដូចអ្នកតូចតាចដែរ។
6ហេតុនេះហើយបានជាសត្វតោចេញពីព្រៃ
មកប្រហារពួកគេ
សត្វចចកចេញពីព្រៃល្បោះមកហែកពួកគេស៊ី
ខ្លារខិនមកសម្ងំចាំចាប់ពួកគេនៅមាត់ទ្វារក្រុង
អស់អ្នកដែលចេញពីទីក្រុងនឹងត្រូវខ្លាហែកស៊ី
ដ្បិតពួកគេបានបះបោរជាច្រើនដង
និងក្បត់ព្រះអម្ចាស់ជាច្រើនលើកច្រើនសា។
7«តើយើងអត់ទោសឲ្យអ្នកដូចម្ដេចបាន?
កូនចៅរបស់អ្នកបានបោះបង់ចោលយើង
គេស្បថដោយយកព្រះក្លែងក្លាយធ្វើជាសាក្សី។
យើងបានឲ្យពួកគេមានភោគទ្រព្យបរិបូណ៌
តែពួកគេបែរជានាំគ្នាផិតក្បត់ទៅវិញ
គឺពួកគេលើកគ្នាទៅប្រព្រឹត្តអំពើផិតក្បត់
ក្នុងវិហាររបស់ព្រះក្លែងក្លាយ។
8ពួកគេប្រៀបបាននឹងសេះបាដែលពេញកម្លាំង
គឺម្នាក់ៗគិតតែចែចង់ប្រពន្ធគេ។
9ដូច្នេះ តើមិនគួរឲ្យយើងដាក់ទោស
ពួកគេទេឬ?
តើមិនគួរឲ្យយើងធ្វើទណ្ឌកម្មប្រជាជាតិ
អាក្រក់បែបនេះទេឬ?
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10ចូរឡើងទៅចម្ការទំពាំងបាយជូររបស់ពួកគេ
ហើយកម្ទេចចោលទៅ
តែកុំកម្ទេចឲ្យអស់ទាំងស្រុងឡើយ។
ចូរកាប់មែកវាចោល
ព្រោះមិនមែនជាមែករបស់ព្រះអម្ចាស់ទេ!
11ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា
សុទ្ធតែបានក្បត់យើងទាំងស្រុង»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ផលវិបាកនៃការបោះបង់ចោលព្រះអម្ចាស់
12ពួកគេមិនព្រមទទួលស្គាល់ព្រះអម្ចាស់
គេពោលថា «គ្មានព្រះអម្ចាស់ទេ
ហើយក៏គ្មានទុក្ខវេទនាណាកើតដល់យើងដែរ
យើងនឹងមិនជួបប្រទះសង្គ្រាម ឬទុរ្ភិក្សឡើយ។
13រីឯពួកព្យាការីគ្មានបានការអ្វីទេ
សេចក្ដីដែលថ្លែងចេញមកគ្មានខ្លឹមសារអ្វីទេ
សូមឲ្យសេចក្ដីដែលពួកគេគំរាមនោះ
កើតមានដល់ពួកគេ!»។
14ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះនៃ
ពិភពទាំងមូល មានព្រះបន្ទូលថា៖
«យេរេមាអើយ ដោយពួកគេពោលដូច្នេះ
យើងនឹងយកពាក្យដែលយើងដាក់
ក្នុងមាត់អ្នកធ្វើជាភ្លើង
ហើយយកប្រជាជននេះធ្វើជាអុស
ដែលភ្លើងឆេះបំផ្លាញ។
15អ៊ីស្រាអែលអើយ!
យើងនាំប្រជាជាតិមួយមកពីស្រុកឆ្ងាយ
ដើម្បីដាក់ទោសអ្នករាល់គ្នា
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-
គឺប្រជាជាតិមួយដ៏ខ្លាំងពូកែ
ជាប្រជាជាតិដែលកកើតឡើង
តាំងពីយូរលង់មកហើយ
ជាប្រជាជាតិដែលអ្នករាល់គ្នាមិនយល់ភាសា
ហើយក៏មិនយល់សេចក្ដីដែលគេនិយាយដែរ។
16ទាហានរបស់គេសុទ្ធតែចំណានៗ
ព្រួញរបស់គេនឹងប្រល័យជីវិតអ្នករាល់គ្នា។
17ពួកគេនឹងបំផ្លាញស្រូវ បំផ្លាញអាហារ
របស់អ្នករាល់គ្នា
ពួកគេសម្លាប់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
ពួកគេសម្លាប់ហ្វូងចៀម និងហ្វូងគោ
របស់អ្នករាល់គ្នា
ពួកគេកម្ទេចចម្ការទំពាំងបាយជូរ
និងចម្ការឧទុម្ពររបស់អ្នករាល់គ្នា
ហើយរំលាយក្រុងដែលមានកំពែងរឹងមាំ
ជាក្រុងដែលអ្នករាល់គ្នាពឹងផ្អែក។
18ប៉ុន្តែ នៅគ្រានោះ ទោះបីយ៉ាងណាក្ដី យើងមិនកម្ទេចអ្នករាល់គ្នាឲ្យវិនាសទាំងស្រុងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 19យេរេមាអើយ ប្រសិនបើពួកគេសួរថា: “ហេតុអ្វីបានជាព្រះអម្ចាស់ ជាព្រះនៃយើង ប្រព្រឹត្តបែបនេះចំពោះយើង?” ចូរឆ្លើយទៅគេវិញថា: “ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះរបស់ជនបរទេស ដែលស្ថិតនៅក្នុងស្រុករបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទៅបម្រើជនបរទេសនៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់អ្នករាល់គ្នា”»។
ព្រះអម្ចាស់ដាក់ទោសអ៊ីស្រាអែល
20«ចូរប្រាប់ឲ្យកូនចៅរបស់លោកយ៉ាកុបដឹង
ចូរប្រកាសដល់ប្រជាជននៅស្រុកយូដាថា:
21 ប្រជាជនល្ងីល្ងើឥតដឹងខ្យល់អ្វីអើយ ចូរស្ដាប់!
អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ
អ្នករាល់គ្នាមានត្រចៀក តែស្ដាប់មិនឮ
22 ព្រះអម្ចាស់មានព្រះបន្ទូលថា
តើអ្នករាល់គ្នាមិនកោតខ្លាច ហើយញាប់ញ័រ
នៅចំពោះមុខយើងទេឬ?
យើងដាក់ឆ្នេរខ្សាច់ជាព្រំដែនអស់កល្បជានិច្ច
សម្រាប់សមុទ្រ ទឹកសមុទ្រពុំអាចឆ្លងហួសបាន
ទោះបីរលកបក់បោក កញ្ជ្រោលខ្លាំងយ៉ាងណា
ក៏ពុំអាចឆ្លងព្រំដែននេះបានដែរ។
23រីឯប្រជាជននេះវិញ គេមានចិត្តរឹងរូស
បះបោរប្រឆាំងនឹងយើង
ហើយនាំគ្នាដកខ្លួនចាកចេញពីយើង។
24គេពុំព្រមរិះគិតក្នុងចិត្តថា
“ចូរយើងនាំគ្នាគោរពកោតខ្លាចព្រះអម្ចាស់
ជាព្រះនៃយើង។
ព្រះអង្គប្រទានទឹកភ្លៀងមកយើង
តាមរដូវកាល គឺភ្លៀងនៅដើមរដូវ
និងភ្លៀងនៅចុងរដូវ
ហើយព្រះអង្គក៏បានកំណត់ទុកនូវសប្ដាហ៍
ដែលយើងត្រូវច្រូតកាត់ដែរ”។
25កំហុសរបស់អ្នករាល់គ្នាធ្វើឲ្យ
ធាតុអាកាសប្រែប្រួល
អំពើបាបរបស់អ្នករាល់គ្នាធ្វើឲ្យ
អ្នករាល់គ្នាបាត់បង់ពរទាំងនោះ។
26មានជនពាលស្ថិតនៅក្នុងចំណោម
ប្រជារាស្ត្ររបស់យើង
ពួកគេដាក់អន្ទាក់ចាំចាប់មនុស្ស
ដូចព្រានដាក់អន្ទាក់ចាំចាប់សត្វ។
27ផ្ទះរបស់ពួកគេមានពោរពេញដោយទ្រព្យ
ដែលគេប្លន់យកបាន
ដូចទ្រុងពេញដោយសត្វស្លាប
គឺពួកគេមានអំណាច និងមានទ្រព្យជាច្រើន
ដោយសារតែអំពើទុច្ចរិតរបស់ខ្លួន។
28ពួកគេដុះក្បាលពោះ មុខឡើងខ្លាញ់
ពួកគេប្រព្រឹត្តអំពើអាក្រក់ហួសកម្រិត
ពួកគេមិនគិតពីយុត្តិធម៌ទេ
ហើយក៏មិនគោរពសិទ្ធិរបស់ក្មេងកំព្រាដែរ។
ពួកគេចេះតែចម្រើនឡើង
ពួកគេមិនរកយុត្តិធម៌ឲ្យជនក្រីក្រឡើយ។
29តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេ
ព្រោះតែអំពើទាំងនោះទេឬ?
តើមិនគួរឲ្យយើងសងសឹកប្រជាជាតិ
អាក្រក់បែបនេះទេឬ?
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
30នៅក្នុងស្រុកនេះមានកើតរឿងអាស្រូវ
ដ៏ថោកទាបបំផុត
31គឺពួកព្យាការីនាំគ្នាថ្លែងពាក្យ
ក្នុងនាមព្រះក្លែងក្លាយ
ក្រុមបូជាចារ្យគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន
ហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹង
អំពើទាំងនោះណាស់!
ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ
យ៉ាងណាទៀត?»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 5: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.