យេរេមា 46
46
សេចក្ដីប្រកាសអំពីប្រជាជាតិនានា
ព្រះបន្ទូលស្ដីអំពីស្រុកអេស៊ីប
1នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយេរេមា ស្ដីអំពីប្រជាជាតិទាំងឡាយ។
2 នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ស្ដេចស្រុកយូដា ព្រះចៅផារ៉ោននេកោ ជាស្ដេចស្រុកអេស៊ីប ស្ថិតនៅក្រុងកើកេមីសជិតទន្លេអឺប្រាត ហើយច្បាំងចាញ់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្រុកអេស៊ីប និងកងទ័ពរបស់ព្រះចៅផារ៉ោននេកោដូចតទៅ៖
3«ពួកមេទ័ពអេស៊ីបស្រែកឡើងថា:
ចូរតម្រៀបគ្នាជាក្បួនទ័ពតូច ឬធំ
ចូររៀបចំខ្លួនចូលច្បាំង!
4ទ័ពសេះត្រូវចងបង្ហៀរសេះ
ហើយឡើងជិះទៅ!
ចូរតម្រៀបគ្នាជាជួរ ពាក់មួកដែក
សំលៀងមុខលំពែង ហើយពាក់អាវក្រោះទៅ!
5ប៉ុន្តែ ហេតុអ្វីបានជាយើងឃើញពួកគេ
ធ្លាក់ទឹកចិត្តដូច្នេះ?
ពួកគេនាំគ្នាដកទ័ពថយ
ទាហានដ៏ខ្លាំងពូកែត្រូវខ្មាំងសម្លាប់
ពួកគេបាក់ទ័ពរត់ ឥតបែរក្រោយឡើយ
ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
6អ្នករត់លឿនពុំអាចរត់រួចខ្លួនឡើយ!
អ្នកខ្លាំងពូកែក៏ពុំអាចគេចខ្លួនដែរ!
នៅទិសខាងជើង
ពួកគេនឹងជំពប់ដួលត្រង់ដៃទន្លេអឺប្រាត។
7តើនរណាប្រៀបដូចទន្លេនីលជន់ជោរឡើង
ហើយប្រៀបដូចទឹកទន្លេហូរលិចច្រាំង?
8គឺស្រុកអេស៊ីបនេះហើយដែលប្រៀបដូច
ទន្លេនីលជន់ជោរឡើង
ហើយប្រៀបដូចទឹកទន្លេហូរលិចច្រាំង
ដ្បិតគេពោលថា:
ខ្ញុំនឹងជន់ឡើងលិចផែនដី ខ្ញុំនឹងវាយក្រុង
ព្រមទាំងប្រជាជនទាំងអស់ឲ្យវិនាស។
9ចូរនាំគ្នាឡើងជិះសេះ វាយសម្រុកទៅ!
រទេះចម្បាំង ចូរសម្រុកទៅមុខយ៉ាងលឿន!
ទាហានដ៏ខ្លាំងពូកែ ពីស្រុកអេត្យូពី ស្រុកពូធ
ដែលជាអ្នកកាន់ខែល
និងទាហានពីស្រុកលូឌដែលជាអ្នកបាញ់ព្រួញ
ចូរនាំគ្នាចេញទៅដែរ!
10ប៉ុន្តែ ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់
សងសឹកខ្មាំងសត្រូវ។
មនុស្សជាច្រើននឹងស្លាប់ដោយមុខដាវ
ហើយមានឈាមដាបគ្រប់ទិសទី។
ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់
នៃពិភពទាំងមូល ធ្វើយញ្ញបូជា
នៅស្រុកខាងជើង
តាមមាត់ទន្លេអឺប្រាត។
11ជនជាតិអេស៊ីបអើយ
ចូរឡើងទៅស្រុកកាឡាដរកប្រេងមករឹត
ទើបបានធូរស្បើយ!
តែត្រូវដឹងថា មិនបាច់ខំប្រឹងរកថ្នាំច្រើនមុខទេ
ព្រោះគ្មានថ្នាំណាស័ក្ដិសិទ្ធិ
ជួយអ្នកឲ្យជាសះស្បើយឡើយ។
12ប្រជាជាតិនានាទទួលដំណឹងថា អ្នកត្រូវអាម៉ាស់
ព្រោះសម្រែករបស់អ្នក
លាន់ឮពាសពេញលើផែនដី។
ទាហានដ៏ខ្លាំងពូកែរត់បុកគ្នា
ដួលស្លាប់ទាំងពីរនាក់»។
13 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងប្រាប់ព្យាការីយេរេមាអំពីព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ត្រូវទៅវាយស្រុកអេស៊ីប៖
14«ចូរប្រកាសនៅស្រុកអេស៊ីប
ចូរប្រាប់ឲ្យគេដឹងនៅក្រុងមីគដូល
ចូរប្រាប់ឲ្យគេដឹងនៅក្រុងណូប
និងក្រុងថាផ្នេស!
ត្រូវពោលថា ចូររៀបចំខ្លួន និងត្រៀមខ្លួនទៅ
ដ្បិតសង្គ្រាមផ្ទុះឡើងនៅជុំវិញអ្នកហើយ!
15ហេតុអ្វីបានជាព្រះគោ ដ៏ខ្លាំងពូកែរបស់អ្នក
បែរជាអស់ឫទ្ធិដូច្នេះ?
នៅពេលព្រះអម្ចាស់ផ្ដួលរំលំ
ពួកគេពុំអាចឈរមាំបានឡើយ។
16ព្រះអង្គក៏បានផ្ដួលទាហានមួយចំនួនធំដែរ
ពួកគេដួលគរលើគ្នា ទាំងពោលថា
ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង
វិលត្រឡប់ទៅមាតុភូមិរបស់យើងវិញ
ដើម្បីគេចឲ្យផុតពីសង្គ្រាមដ៏សាហាវនេះ។
17នៅទីនោះ គេនឹងដាក់ងារព្រះចៅផារ៉ោន
ជាស្ដេចស្រុកអេស៊ីបថា
“កោកៗ តែឥតបានការអ្វី!”»។
18ព្រះមហាក្សត្រដែលមានព្រះនាមថា
ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូល ដោយយកព្រះជន្មរបស់
ព្រះអង្គផ្ទាល់ជាសាក្សីថា៖
«តាបោរ ពិតជាភ្នំមួយក្នុងចំណោមភ្នំឯទៀតៗ
ហើយភ្នំកើមែលនៅជាប់នឹងសមុទ្រយ៉ាងណា
ខ្មាំងសត្រូវពិតជាមកដល់យ៉ាងនោះដែរ។
19ប្រជាជនស្រុកអេស៊ីបអើយ
ចូរវេចបង្វេចទៅ
ដ្បិតខ្មាំងនឹងកៀរអ្នកទៅជាឈ្លើយ។
ក្រុងណូបនឹងក្លាយទៅជាទីស្មសាន
ជាកន្លែងដែលឆេះខ្ទេចខ្ទី
គ្មាននរណារស់នៅ។
20ស្រុកអេស៊ីបប្រៀបបាននឹងគោញីស្ទាវដ៏ស្អាត
តែនឹងមានមូសដ៏សាហាវ
ពីទិសខាងជើងមកខាំ។
21ពួកទាហានដែលស្រុកអេស៊ីបជួលមកច្បាំង
ឲ្យពួកគេ
សុទ្ធតែមានសាច់មានឈាមដូចគោបំប៉ន
តែទាហានទាំងនោះក៏បកក្រោយដែរ
គេរត់ទាំងអស់គ្នា គ្មាននរណាស៊ូទ្រាំបានទេ
ដ្បិតថ្ងៃមហន្តរាយ
គឺជាពេលដែលយើងដាក់ទោសពួកគេ
បានធ្លាក់មកលើពួកគេហើយ។
22ពេលសត្រូវលើកទ័ពមកវាយលុកពួកគេ
កងទ័ពអេស៊ីបនាំគ្នារត់ទៅយ៉ាងស្ងៀមស្ងាត់
ដូចពស់ដែលកំពុងលូន។
សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុស
កាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។
23ទ័ពសត្រូវនាំគ្នាកាប់ព្រៃឈើ
ទោះបីព្រៃនោះពិបាកចូលក៏ដោយ
ដ្បិតពួកគេមានចំនួនច្រើនឥតគណនា
គឺច្រើនជាងហ្វូងកណ្ដូបទៅទៀត។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
24ប្រជាជននៅស្រុកអេស៊ីបត្រូវអាម៉ាស់
ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជន
ដែលមកពីទិសខាងជើង»។
25 ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់
ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖
«យើងនឹងដាក់ទោសអាំម៉ូន ជាព្រះនៃក្រុងនរ
ព្រមទាំងផារ៉ោន ជាស្ដេចស្រុកអេស៊ីប
គឺយើងដាក់ទោសព្រះ និងស្ដេចស្រុកអេស៊ីប
យើងដាក់ទោសផារ៉ោន និងអស់អ្នកដែល
ផ្ញើជីវិតលើស្ដេចនេះ។
26យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់
អស់អ្នកដែលចង់ប្រហារជីវិតពួកគេ
គឺក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា
ជាស្ដេចស្រុកបាប៊ីឡូន
និងក្នុងកណ្ដាប់ដៃនាយទាហានរបស់គេ។
ក្រោយមកទៀត ស្រុកអេស៊ីបនឹងមាន
មនុស្សរស់នៅ ដូចកាលពីមុន
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
27 កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ
កុំភ័យខ្លាចអ្វីឡើយ!
កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម!
យើងនឹងសង្គ្រោះអ្នកឲ្យវិលត្រឡប់
មកពីទឹកដីដ៏ឆ្ងាយវិញ
យើងនឹងសង្គ្រោះពូជពង្សរបស់អ្នក
ពីស្រុកដែលគេជាប់ជាឈ្លើយ។
កូនចៅយ៉ាកុបនឹងវិលមកវិញ
គេនឹងរស់នៅយ៉ាងសុខក្សេមក្សាន្ត
គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
28កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ
កុំភ័យខ្លាចអ្វីឡើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
យើងស្ថិតនៅជាមួយអ្នក
យើងនឹងលុបបំបាត់ប្រជាជាតិនានា
ដែលយើងបានកម្ចាត់កម្ចាយអ្នក
ឲ្យទៅនៅក្នុងចំណោមពួកគេ
តែយើងមិនលុបបំបាត់អ្នកឡើយ។
យើងបានដាក់ទោសអ្នកដោយយុត្តិធម៌
យើងមិនអាចចាត់ទុកអ្នកថា
គ្មានទោសបានទេ»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 46: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.