យេរេមា 43
43
លោកយេរេមាត្រូវគេនាំទៅស្រុកអេស៊ីប
1កាលលោកយេរេមាថ្លែងប្រាប់ប្រជាជនទាំងមូលនូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះបន្ទូលដែលព្រះអង្គប្រគល់ឲ្យលោកនាំមកប្រាប់ពួកគេ ចប់សព្វគ្រប់ហើយ 2លោកអសារាជាកូនរបស់លោកហូសាយ៉ា លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងអស់អ្នកដែលវាយឫកខ្ពស់ ពោលមកកាន់លោកយេរេមាថា៖ «លោកនិយាយកុហក! ព្រះអម្ចាស់ ជាព្រះរបស់យើង ពុំបានចាត់លោកឲ្យមកហាមពួកយើងទៅរស់នៅស្រុកអេស៊ីបឡើយ 3គឺបារូក ជាកូនរបស់លោកនេរីយ៉ាទេតើ ដែលអុចអាលលោកឲ្យប្រឆាំងនឹងពួកយើង ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ពួកខាល់ដេ ហើយពួកនោះនឹងសម្លាប់ ឬចាប់ពួកយើងទៅជាឈ្លើយនៅបាប៊ីឡូន»។ 4លោកយ៉ូហាណានជាកូនរបស់លោកការ៉ា ពួកមេទ័ព និងប្រជាជនទាំងអស់ មិនព្រមស្ដាប់ព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់ឲ្យពួកគេរស់នៅក្នុងស្រុកយូដាឡើយ។ 5 លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងពួកមេទ័ព នាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ គឺប្រជាជនដែលពីមុនភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិជិតខាងទាំងប៉ុន្មាន ហើយវិលមករស់នៅក្នុងស្រុកយូដាវិញ 6រួមមានទាំងប្រុស ទាំងស្រី ទាំងក្មេងៗ ទាំងបុត្រីរបស់ស្ដេច និងអ្នកឯទៀតៗដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ បានទុកឲ្យនៅជាមួយលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផានទៅជាមួយ។ គេក៏នាំព្យាការីយេរេមា និងលោកបារូក ជាកូនរបស់លោកនេរីយ៉ាទៅដែរ។ 7ពួកគេពុំព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ គឺពួកគេចេញដំណើរទៅស្រុកអេស៊ីប ហើយទៅដល់ក្រុងថាផ្នេស។
ព្រះបន្ទូលស្ដីអំពីព្រះចៅនេប៊ូក្នេសាវាយលុកស្រុកអេស៊ីប
8នៅថាផ្នេស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
9«ចូរយកដុំថ្មធំៗទៅកប់ក្នុងដីឥដ្ឋ ដែលស្ថិតនៅព្រលានធ្វើពីឥដ្ឋខាងមុខមាត់ទ្វារដំណាក់របស់ស្ដេចផារ៉ោន នាក្រុងថាផ្នេស ឲ្យប្រជាជនយូដាឃើញ 10រួចប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងនឹងប្រើគេឲ្យទៅហៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ យើងនឹងដាក់បល្ល័ង្ករបស់នេប៊ូក្នេសាត្រង់កន្លែងកប់ថ្មនេះ ហើយនេប៊ូក្នេសាក៏ដំឡើងស្វេតច្ឆត្ររបស់ខ្លួននៅកន្លែងនេះដែរ។ 11នេប៊ូក្នេសានឹងមកវាយស្រុកអេស៊ីប។ ពេលនោះ អ្នកណាដែលតម្រូវឲ្យស្លាប់ អ្នកនោះត្រូវតែស្លាប់ អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរយកទៅជាឈ្លើយ អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ! 12យើងនឹងដុតកម្ទេចវិហាររបស់ព្រះនានានៃស្រុកអេស៊ីប គឺនេប៊ូក្នេសានឹងដុតកម្ទេចរូបបដិមាទាំងនោះ ហើយនាំយកខ្លះទៅជាជយភណ្ឌផង។ នេប៊ូក្នេសានឹងរឹបអូសយកអ្វីៗចេញអស់ពីស្រុកអេស៊ីប ដូចគេយកចៃចេញពីអាវរោមសត្វដែរ។ បន្ទាប់មក នេប៊ូក្នេសាចាកចេញទៅវិញ ដោយសុខសាន្ត។ 13ស្ដេចស្រុកបាប៊ីឡូននឹងកម្ទេចស្តូបទាំងឡាយ នៅក្រុងបេតសេម៉េស ក្នុងស្រុកអេស៊ីប ព្រមទាំងដុតកម្ទេចទីសក្ការៈរបស់ព្រះនានានៃស្រុកអេស៊ីបផង»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 43: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.