យេរេមា 39:1-7

យេរេមា 39:1-7 គខប

នៅ​ខែ​ទី​ដប់ ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​កង‌ទ័ព​ទាំង​មូល​មក​ដល់​ក្រុង​យេរូ‌សាឡឹម ហើយ​ឡោម‌ព័ទ្ធ​ទីក្រុង។ នៅ​ខែ​ទី​បួន ថ្ងៃ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ដប់​មួយ ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា កង‌ទ័ព​បាប៊ី‌ឡូន​បាន​ទម្លុះ​កំពែង​ក្រុង។ ពេល​នោះ មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដណ្ដើម​យក​បាន​ទ្វារ​កណ្ដាល។ មេ‌ទ័ព​ទាំង​នោះ គឺ​លោក​នើកាល-‌សារេ‌ស៊ើរ លោក​សាំការ-‌នេប៊ូ លោក​សាសេ‌គិម ជា​មេ​លើ​ពួក​មហា‌តលិក លោក​មេ​បញ្ជា‌ការ​នើកាល-‌សារេ‌ស៊ើរ និង​មេ‌ទ័ព​ឯ​ទៀតៗ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ពេល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា និង​ទាហាន​ទាំង​អស់ ឃើញ​ទ័ព​បាប៊ី‌ឡូន​ចូល​មក​ដល់ ក៏​នាំ​គ្នា​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ផ្លូវ​ឧទ្យាន​របស់​ស្ដេច និង​តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ហើយ​នាំ​គ្នា​ចេញ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។ ប៉ុន្តែ កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ព្រះ‌បាទ​សេដេ‌គា នៅ​វាល​ទំនាប ជិត​ក្រុង​យេរីខូ។ ពួក​គេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារ-ក បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​សេដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារ-ក ពួក​អ្នក​ធំ​ទាំង​អស់​នៃ​ស្រុក​យូដា​ដែរ។ បន្ទាប់​មក ស្ដេច​នេប៊ូ‌ក្នេសា​ឲ្យ​គេ​ចាក់​ភ្នែក​របស់​ព្រះ‌បាទ​សេដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់​នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។