យេរេមា 39

39
ស្ដេច​ស្រុក​បាប៊ី‌ឡូន​វាយ​យក​ក្រុង​យេរូ‌សាឡឹម
នេះ​ជា​ដំណើរ​រឿង​ស្ដី​អំពី​ការ​វាយ​យក​ក្រុង​យេរូ‌សាឡឹម: 1នៅ​ខែ​ទី​ដប់ ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​កង‌ទ័ព​ទាំង​មូល​មក​ដល់​ក្រុង​យេរូ‌សាឡឹម ហើយ​ឡោម‌ព័ទ្ធ​ទីក្រុង។ 2នៅ​ខែ​ទី​បួន ថ្ងៃ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ដប់​មួយ ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា កង‌ទ័ព​បាប៊ី‌ឡូន​បាន​ទម្លុះ​កំពែង​ក្រុង។ 3ពេល​នោះ មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដណ្ដើម​យក​បាន​ទ្វារ​កណ្ដាល។ មេ‌ទ័ព​ទាំង​នោះ គឺ​លោក​នើកាល-‌សារេ‌ស៊ើរ លោក​សាំការ-‌នេប៊ូ លោក​សាសេ‌គិម ជា​មេ​លើ​ពួក​មហា‌តលិក លោក​មេ​បញ្ជា‌ការ​នើកាល-‌សារេ‌ស៊ើរ និង​មេ‌ទ័ព​ឯ​ទៀតៗ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ 4ពេល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា និង​ទាហាន​ទាំង​អស់ ឃើញ​ទ័ព​បាប៊ី‌ឡូន​ចូល​មក​ដល់ ក៏​នាំ​គ្នា​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ផ្លូវ​ឧទ្យាន​របស់​ស្ដេច និង​តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ហើយ​នាំ​គ្នា​ចេញ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។ 5ប៉ុន្តែ កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ព្រះ‌បាទ​សេដេ‌គា នៅ​វាល​ទំនាប ជិត​ក្រុង​យេរីខូ។ ពួក​គេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេដេ‌គា។ 6ស្ដេច​ស្រុក​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារ-ក បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​សេដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារ-ក ពួក​អ្នក​ធំ​ទាំង​អស់​នៃ​ស្រុក​យូដា​ដែរ។ 7បន្ទាប់​មក ស្ដេច​នេប៊ូ‌ក្នេសា​ឲ្យ​គេ​ចាក់​ភ្នែក​របស់​ព្រះ‌បាទ​សេដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់​នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។ 8ជន‌ជាតិ​ខាល់ដេ​ដុត​កម្ទេច​វាំង និង​ផ្ទះ​របស់​ប្រជា‌ជន ព្រម​ទាំង​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង។ 9រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ទីក្រុង និង​ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ពួក​ជាង ​ដែល​នៅ​សេស‌សល់ លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​នាំ​យក​ទៅ​ជា​ឈ្លើយ។ 10ប៉ុន្តែ លោក​មេ​បញ្ជា‌ការ​នេប៊ូ‌សារ៉ា‌ដាន​អនុញ្ញាត​ឲ្យ​ជន​ក្រីក្រ គឺ​អ្នក​ដែល​គ្មាន​អ្វី​ទាំង​អស់​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​ថ្ងៃ​នោះ គាត់​បាន​ចែក​ចម្ការ​ទំពាំង‌បាយជូរ និង​ដី​ស្រែ​ឲ្យ​ពួក​គេ​ទៀត​ផង។
ស្ដេច​នេប៊ូ‌ក្នេសា​ដោះ​លែង​លោក​យេរេមា
11ចំពោះ​ព្យាការី​យេរេមា​វិញ ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​បញ្ជា​ឲ្យ​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ​ថា៖ 12«ចូរ​លោក​នាំ​គាត់​ទៅ ហើយ​ទំនុក​បម្រុង​គាត់​ផង កុំ​ធ្វើ​បាប​គាត់​ឲ្យ​សោះ ប្រសិន​បើ​គាត់​ចង់​បាន​អ្វី ចូរ​ប្រគល់​ឲ្យ​ចុះ»។ 13លោក​នេប៊ូ‌សារ៉ា‌ដាន​ជា​រាជ‌ប្រតិភូ លោក​នេប៊ូ‌សាស‌បាន​ជា​មេ​របស់​ពួក​មហា‌តលិក លោក​មេ​បញ្ជា‌ការ​នើកាល-‌សារេ‌ស៊ើរ និង​មេ‌ទ័ព​ទាំង​អស់​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន 14ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​យេរេមា ចេញ​ពី​បន្ទាយ​កង​រក្សា​ស្ដេច​ស្រុក​យូដា ប្រគល់​ទៅ​លោក​កេដា‌លា​ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ដើម្បី​ឲ្យ​គាត់​នាំ​លោក​ទៅ​ផ្ទះ​របស់​លោក​វិញ ហើយ​លោក​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជន។
ព្រះ‌បន្ទូល​សម្រាប់​លោក​អេបេដ-‌មេលេក
15ពេល​លោក​យេរេមា ជាប់​ឃុំ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច​នៅ​ឡើយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ៖ 16«ចូរ​ទៅ​ប្រាប់​អេបេដ-‌មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ​ដូច​ពាក្យ​យើង​ប្រកាស គឺ​យើង​មិន​នាំ​សេចក្ដី​សុខ​មក​ទេ។ នៅ​ថ្ងៃ​នោះ​អ្នក​នឹង​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ផ្ទាល់​នឹង​ភ្នែក។ 17ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​នឹង​រំដោះ​អ្នក - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គឺ​អ្នក​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ដែល​អ្នក​ភ័យ​ខ្លាច​ឡើយ។ 18យើង​នឹង​ឲ្យ​អ្នក​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង អ្នក​មិន​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទេ គឺ​អ្នក​នឹង​រួច​ជីវិត ដ្បិត​អ្នក​បាន​ផ្ញើ​ជីវិត​លើ​យើង» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ទើបបានជ្រើសរើសហើយ៖

យេរេមា 39: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ