យេរេមា 38
38
លោកយេរេមាត្រូវគេឃុំនៅក្នុងអណ្ដូង
1លោកសេផាធាជាកូនរបស់លោកម៉ាត់ថាន លោកកេដាលាជាកូនរបស់លោកផាសហ៊ើរ លោកយេហ៊ូកាលជាកូនរបស់លោកសេលេមា និងលោកផាសហ៊ើរជាកូនរបស់លោកម៉ាល់គា បានឮពាក្យដែលលោកយេរេមាធ្លាប់ប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ 2«ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកដែលនៅក្នុងក្រុងនេះតទៅមុខទៀត នឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកដែលចេញទៅចុះចូលនឹងជនជាតិខាល់ដេនឹងបានរួចជីវិត 3ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ក្រុងនេះពិតជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កងទ័ពស្ដេចស្រុកបាប៊ីឡូន ហើយគេនឹងដណ្ដើមយកបានមិនខាន»។
4មន្ត្រីទាំងនោះទូលស្ដេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឲ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ត្រទេ គឺនាំទុក្ខវេទនាមកឲ្យពួកគេវិញ»។ 5ព្រះបាទសេដេគាតបថា៖ «គាត់នៅក្នុងកណ្ដាប់ដៃរបស់អស់លោកស្រាប់ហើយ ខ្ញុំជាស្ដេចមែន តែខ្ញុំពុំអាចឃាត់អស់លោកបានទេ»។ 6គេចាប់លោកយេរេមាទៅទម្លាក់ក្នុងអណ្ដូងរបស់សម្ដេចម៉ាល់គា ជាបុត្ររបស់ស្ដេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្ដេច។ គេយកខ្សែពួរមកចងលោកយេរេមា សម្រូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយលោកយេរេមាជាប់ផុងនៅក្នុងភក់នោះ។
7លោកអេបេដ-មេលេកជាជនជាតិអេត្យូពី និងជាមហាតលិកនៅក្នុងវាំង បានឮដំណឹងថា គេដាក់លោកយេរេមានៅក្នុងអណ្ដូង។ ពេលស្ដេចគង់កាត់ក្ដីនៅមាត់ទ្វារបេនយ៉ាមីន 8លោកអេបេដ-មេលេកចេញពីវាំង ហើយទូលស្ដេចដូចតទៅ៖ 9«បពិត្រព្រះករុណាជាអម្ចាស់ អ្នកទាំងនេះប្រព្រឹត្តអាក្រក់ចំពោះព្យាការីយេរេមាពន់ពេកណាស់ គឺគេយកលោកទម្លាក់ក្នុងអណ្ដូង លោកមុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។ 10ព្រះបាទសេដេគាបញ្ជាទៅលោកអេបេដ-មេលេក ជាជនជាតិអេត្យូពីនោះថា៖ «ចូរនាំទាហានសាមសិបនាក់ទៅជាមួយ ហើយស្រង់ព្យាការីយេរេមាចេញពីអណ្ដូងមក កុំឲ្យគាត់ស្លាប់ទាន់»។ 11លោកអេបេដ-មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្ដេច ហើយទៅខាងក្រោមឃ្លាំងព្រះរាជ្យទ្រព្យ។ គាត់យកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែពួរ សម្រូតចុះទៅឲ្យលោកយេរេមា នៅក្នុងអណ្ដូង។ 12លោកអេបេដ-មេលេក ជាជនជាតិអេត្យូពី ស្រែកប្រាប់លោកយេរេមាថា៖ «សូមលោកយកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗនោះទ្រាប់ពីក្រោមក្លៀក ហើយយកខ្សែពួរចងពីលើទៅ!»។ លោកយេរេមាក៏ធ្វើតាម។ 13ពួកគេទាញខ្សែពួរ លើកលោកយេរេមាឡើងពីអណ្ដូងមក ហើយលោកយេរេមាក៏ស្ថិតនៅក្នុងបន្ទាយកងរក្សាស្ដេចនោះ។
ព្រះបាទសេដេគាពិភាក្សាជាមួយលោកយេរេមា
14ព្រះបាទសេដេគាបានចាត់គេឲ្យទៅអញ្ជើញព្យាការីយេរេមាមកគាល់ នៅក្លោងទ្វារទីបីនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ស្ដេចមានរាជឱង្ការទៅកាន់លោកយេរេមាថា៖ «ខ្ញុំសុំសួរលោកនូវសំណួរតែមួយ កុំលាក់អ្វីនឹងខ្ញុំឲ្យសោះ!»។ 15លោកយេរេមាទូលព្រះបាទសេដេគាថា៖ «ប្រសិនបើទូលបង្គំទូលសេចក្ដីពិតថ្វាយព្រះករុណា ព្រះករុណាពិតជាប្រហារជីវិតទូលបង្គំមិនខាន។ ប្រសិនបើទូលបង្គំថ្វាយយោបល់ ក៏ព្រះករុណាមិនស្ដាប់ទូលបង្គំដែរ»។ 16ព្រះបាទសេដេគាមានរាជឱង្ការស្បថជាសម្ងាត់មកលោកយេរេមាថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ជាព្រះដ៏មានព្រះជន្មគង់នៅ ហើយដែលបានប្រទានជីវិតមកយើងថា ខ្ញុំនឹងមិនប្រហារជីវិតលោក ឬប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតលោកឡើយ»។ 17លោកយេរេមាក៏ទូលស្ដេចថា៖ «ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ប្រសិនបើព្រះករុណាចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ព្រះករុណានឹងបានរួចជីវិត ហើយក្រុងនេះនឹងមិនត្រូវគេដុតកម្ទេចចោលឡើយ រីឯព្រះករុណា ព្រមទាំងរាជវង្សក៏នឹងរស់រានមានជីវិតដែរ។ 18ប៉ុន្តែ ប្រសិនបើព្រះករុណាមិនចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនទេ ក្រុងនេះមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ពួកគេនឹងដុតបំផ្លាញទីក្រុងព្រះករុណា និងរាជវង្ស ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ពួកគេបានឡើយ»។ 19ព្រះបាទសេដេគាមានរាជឱង្ការមកកាន់លោកយេរេមាថា៖ «ខ្ញុំនឹកបារម្ភអំពីជនជាតិយូដា ដែលបានទៅចុះចូលនឹងពួកខាល់ដេ ខ្ញុំខ្លាចក្រែងខ្មាំងប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដា ហើយពួកគេនឹងប្រមាថមាក់ងាយខ្ញុំ»។ 20លោកយេរេមាទូលស្ដេចថា៖ «គេនឹងមិនប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដាឡើយ។ សូមព្រះករុណាធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលទូលបង្គំទូលថ្វាយព្រះករុណា នោះព្រះករុណានឹងបានសុខសាន្ត ហើយរួចជីវិតមិនខាន។ 21ផ្ទុយទៅវិញ ប្រសិនបើព្រះករុណាមិនព្រមចេញទៅចុះចូលទេ ព្រះអម្ចាស់សម្តែងឲ្យទូលបង្គំដឹងដូចតទៅ: 22ស្ត្រីទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់ស្ដេចស្រុកយូដា នឹងត្រូវគេចាប់យកទៅឲ្យពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន នាងទាំងនោះនឹងពោលថា
ពួកជំនិតរបស់ព្រះករុណាបានបញ្ឆោត
និងមានប្រៀបលើព្រះករុណា
ពេលព្រះករុណាមានអាសន្ន
ពួកគេនាំគ្នាបោះបង់ចោលព្រះករុណាអស់។
23គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ព្រះករុណា យកទៅឲ្យពួកខាល់ដេ។ ចំណែកឯព្រះករុណាវិញ ព្រះករុណាពុំអាចគេចខ្លួនបានឡើយ គឺស្ដេចស្រុកបាប៊ីឡូននឹងចាប់ព្រះករុណា ព្រមទាំងដុតកម្ទេចក្រុងនេះផង»។
24ព្រះបាទសេដេគាមានរាជឱង្ការទៅកាន់លោកយេរេមាថា៖ «កុំឲ្យនរណាដឹងអំពីព្រះបន្ទូលទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ លោកនឹងត្រូវស្លាប់។ 25ប្រសិនបើពួកមន្ត្រីដឹងថា ខ្ញុំបានសន្ទនាជាមួយលោក ហើយបើពួកគេមកនិយាយជាមួយលោកថា “ចូររៀបរាប់ប្រាប់ពួកយើងមើល តើលោកបាននិយាយអ្វីជាមួយស្ដេច ហើយស្ដេចនិយាយមកលោកវិញដូចម្ដេចដែរ កុំលាក់ជាមួយពួកយើង បើលាក់លោកនឹងត្រូវស្លាប់”។ 26លោកត្រូវប្រាប់ពួកគេវិញថា “ខ្ញុំបានមកអង្វរស្ដេច សូមកុំបញ្ជូនខ្ញុំទៅផ្ទះរបស់លោកយ៉ូណាថានវិញ ក្រែងលោខ្ញុំត្រូវស្លាប់”»។
27មន្ត្រីទាំងអស់នាំគ្នាមកជួបលោកយេរេមា ហើយសួរចម្លើយលោក។ លោកឆ្លើយទៅពួកគេវិញ តាមពាក្យដែលស្ដេចបានបង្គាប់។ ពួកគេក៏លែងដេញដោលសួរលោក ហើយការទាំងនោះក៏នៅជាការអាថ៌កំបាំង។
28 លោកយេរេមាស្នាក់នៅក្នុងបន្ទាយរបស់កងរក្សាស្ដេច រហូតដល់ថ្ងៃដែលកងទ័ពបាប៊ីឡូនវាយយកបានក្រុងយេរូសាឡឹម ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 38: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.