ព្យាការីយេរេមាផ្ញើលិខិតមួយច្បាប់ ពីក្រុងយេរូសាឡឹម ទៅជូនក្រុមព្រឹទ្ធាចារ្យ ព្រមទាំងក្រុមបូជាចារ្យ ក្រុមព្យាការី និងប្រជាជនទាំងអស់ ដែលព្រះចៅនេប៊ូក្នេសាបានកៀរពីក្រុងយេរូសាឡឹម យកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន ក្រោយពេលដែលព្រះបាទយេកូនាស សម្ដេចមាតា ពួកមហាតលិក ពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងពួកជាងឈើ និងជាងដែក បានចាកចេញពីក្រុងយេរូសាឡឹមទៅ។ ព្យាការីយេរេមាផ្ញើលិខិតនេះទៅក្រុងបាប៊ីឡូន តាមលោកអេឡាសារ ជាកូនរបស់លោកសាផាន និងលោកកេម៉ារា ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា ចាត់ឲ្យទៅគាល់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ សេចក្ដីក្នុងសំបុត្រនោះមានដូចតទៅ៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកកាន់អស់អ្នកដែលព្រះអង្គឲ្យគេកៀរពីក្រុងយេរូសាឡឹម យកមកជាឈ្លើយនៅស្រុកបាប៊ីឡូនថា: “ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ។ ចូររៀបការ ហើយបង្កើតកូនប្រុសកូនស្រី ចូរទុកដាក់កូនចៅឲ្យមានគូស្រករ ដើម្បីបង្កើតកូនបន្តពូជ។ អ្នករាល់គ្នារស់នៅកន្លែងណា ចូរបង្កើតកូន ពូនជាចៅឲ្យបានកើនចំនួនច្រើនឡើងនៅកន្លែងនោះ កុំចុះថយឡើយ។ យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើឲ្យក្រុងនោះចម្រុងចម្រើនឡើង ចូរទូលអង្វរឲ្យក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: “មិនត្រូវចាញ់បោកពួកព្យាការី ឬពួកគ្រូទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ ដ្បិតអ្នកទាំងនោះប្រើឈ្មោះយើងប្រកាសពាក្យក្លែងក្លាយ។ យើងមិនបានចាត់ពួកគេឲ្យមកទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយបានគម្រប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសម្រេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។ យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា ជាគម្រោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹម និងអនាគតល្អឲ្យអ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនោះ អ្នករាល់គ្នានឹងអធិស្ឋាន អ្នករាល់គ្នានឹងធ្វើដំណើរទៅទូលអង្វរយើង ហើយយើងនឹងឆ្លើយតបមកអ្នករាល់គ្នាវិញ។ អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើង ដោយចិត្តស្មោះ។ យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងស្ដារប្រជាជាតិអ្នករាល់គ្នាឡើងវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីក្នុងចំណោមប្រជាជាតិទាំងអស់ ពីគ្រប់កន្លែងដែលយើងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនៅ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងនាំអ្នករាល់គ្នាវិលត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ។
អាន យេរេមា 29
ស្ដាប់នូវ យេរេមា 29
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 29:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ