យេរេមា 10:1-22

យេរេមា 10:1-22 គខប

ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មិន​ត្រូវ​យក​តម្រាប់​តាម​ប្រជា‌ជាតិ​នានា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ញ័រ​រន្ធត់​ចំពោះ​ទី​សម្គាល់ ផ្សេងៗ​នៅ​លើ​មេឃ ដូច​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែរ។ ជំនឿ​សាសនា​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ។ ពួក​គេ​កាប់​ដើម​ឈើ​ពី​ក្នុង​ព្រៃ ហើយ​ជាង​ក៏​យក​ពន្លាក​មក​ដាប់​ឆ្លាក់​ធ្វើ​ជា​រូប រួច​គេ​យក​ប្រាក់ និង​មាស​ស្រោប​ពី​លើ។ បន្ទាប់​មក គេ​យក​ដែក​គោល និង​ញញួរ មក​ដំ​ភ្ជិត​រូប​នោះ​កុំ​ឲ្យ​រង្គើ។ ព្រះ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេ គឺ​ប្រៀប​បាន​នឹង​ទីង‌មោង​ចាំ​ចម្ការ​ត្រសក់ ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយ ទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។ កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អី ព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេ ហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។ ឱ​ព្រះ‌អម្ចាស់​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹង ព្រះអង្គ​បាន​ឡើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ហើយ​ព្រះ‌នាម​ព្រះអង្គ​ក៏​ឧត្ដុង្គ‌ឧត្ដម​ដែរ ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។ មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ របស់​ប្រជា‌ជាតិ​នានា។ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ។ ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នា ដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ ពួក​គេ​យក​សន្លឹក​ប្រាក់​ពី​ស្រុក​តើស៊ីស និង​យក​មាស​ពី​ស្រុក​អ៊ូផាស ហើយ​ឲ្យ​ជាង​ទង និង​ជាង​ចម្លាក់ យក​មាស​ប្រាក់​នោះ​ស្រោប​ពី​លើ​រូប​បដិមា រួច​យក​ក្រណាត់​ពណ៌​ស្វាយ និង​ក្រហម​ទុំ មក​ពាក់​ឲ្យ​ផង។ រូប​ព្រះ​ទាំង​នោះ​ជា​ស្នា‌ដៃ​របស់​សិល្ប‌ករ។ រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​ជា​ព្រះ​នៃ​សេចក្ដី​ពិត ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ‌មហា‌ក្សត្រ​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច។ ពេល​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ នោះ​ផែនដី​ត្រូវ​ញាប់‌ញ័រ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះអង្គ​ទេ។ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ​ទាំង‌ឡាយ​ដែល​ពុំ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី មុខ​ជា​ត្រូវ​វិនាស​បាត់​សូន្យ​ពី​ផែនដី និង​ពី​ក្រោម​មេឃ​នេះ​ពុំ‌ខាន។ រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​បាន​សូន​ផែនដី ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​ពិភព​លោក ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។ ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។ ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ មនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់ ហើយ​ភ័ន្ត‌ភាំង​ស្មារតី ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ឥត​បាន​ការ ទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។ ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ ជា​វត្ថុ​គួរ​ឲ្យ​មើល‌ងាយ ដែល​នឹង​ត្រូវ​វិនាស​សូន្យ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស។ រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ​មិន​ដូច្នោះ​ទេ ព្រះអង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះអង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែល ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ព្រះអង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ យេរូ‌សាឡឹម​អើយ សត្រូវ​បាន​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ​ហើយ! ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​របស់​អ្នក! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះ គ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដី យើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិត មិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។ ខ្ញុំ​វេទនា​ហើយ! ខ្ញុំ​ហិន‌ហោច​អស់​ហើយ! ដំបៅ​របស់​ខ្ញុំ​មើល​មិន​ជា​ទេ! ពី​មុន​ខ្ញុំ​គិត​ថា ខ្ញុំ​ឈឺ​ចាប់​មែន តែ​ខ្ញុំ​អាច​ស៊ូ‌ទ្រាំ​បាន! ប៉ុន្តែ ឥឡូវ​នេះ ជំរំ​របស់​ខ្ញុំ​ខូច​ខាត​អស់ រីឯ​ខ្សែ​ចង​ជំរំ​ក៏​ដាច់​អស់​ដែរ កូន​ចៅ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ខ្ញុំ​បាត់​អស់​ទៅ​ហើយ គ្មាន​នរណា​ជួយ​ដំឡើង​ជំរំ និង​ជួយ​ធ្វើ​ជម្រក​ឲ្យ​ខ្ញុំ​សា​ជា​ថ្មី​ឡើយ។ នេះ​ជា​កំហុស​របស់​ពួក​មេ​ដឹក​នាំ​ដ៏​ភ្លី‌ភ្លើ ពួក​គេ​មិន​បាន​ស្វែង​រក​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​បរា‌ជ័យ ហើយ​ប្រជា‌ជន​ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង របស់​ពួក​គេ​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ដែរ។ ស្ដាប់​មើល​ចុះ សំឡេង​ដ៏​គគ្រឹក‌គគ្រេង លាន់​ឮ​ឡើង​ពី​ទិស​ខាង​ជើង ដើម្បី​មក​កម្ទេច​ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​យូដា ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជម្រក​របស់​ឆ្កែ​ព្រៃ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ