ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកគេឌានថា៖ «សូមលោកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមឲ្យកូន និងចៅរបស់លោកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះលោកបានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។ លោកគេឌានតបទៅពួកគេវិញថា៖ «ទេ! ខ្ញុំមិនគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំក៏មិនគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺព្រះអម្ចាស់ទេ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។ លោកគេឌានមានប្រសាសន៍ទៅពួកគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយ គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលម្នាក់ៗរឹបអូសយកបានពីសត្រូវមកឲ្យខ្ញុំ»- ជនជាតិម៉ាឌានសុទ្ធតែពាក់ក្រវិលមាស ដ្បិតពួកគេសុទ្ធតែជាកូនចៅរបស់លោកអ៊ីស្មាអែលទាំងអស់គ្នា។ ជនជាតិអ៊ីស្រាអែលឆ្លើយឡើងថា៖ «យើងខ្ញុំសូមជូនក្រវិលទៅលោក ដោយស្មោះអស់ពីចិត្ត»។ ពួកគេក៏ត្រដាងអាវធំមួយនៅលើដី ហើយម្នាក់ៗដាក់ក្រវិលដែលខ្លួនរឹបអូសយកបានពីសត្រូវ លើអាវនោះ។ ក្រវិលមាសទាំងអស់ដែលលោកគេឌានបានសុំពីគេនោះ មានទម្ងន់ប្រមាណប្រាំរយតម្លឹង។ លោកក៏បានទទួលគ្រឿងអលង្ការ ទុំហូ និងសម្លៀកបំពាក់ពណ៌ក្រហមទុំរបស់ស្ដេចសាសន៍ម៉ាឌាន ព្រមទាំងគ្រឿងលំអដែលពាក់នៅកសត្វអូដ្ឋរបស់សត្រូវទៀតផង។ លោកគេឌានបានយកមាសទាំងនោះ ទៅសូនធ្វើជារូបបដិមាមួយ ហើយតម្កល់នៅអូប្រា ជាភូមិកំណើតរបស់លោក។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់ ដោយគោរពថ្វាយបង្គំរូបចម្លាក់នោះ ហើយរូបនោះក្លាយទៅជាអន្ទាក់ដល់លោកគេឌាន និងក្រុមគ្រួសាររបស់លោក។ ចាប់ពីពេលនោះមក ជនជាតិម៉ាឌានស្ថិតនៅជាចំណុះជនជាតិអ៊ីស្រាអែល មិនអាចងើបមុខឡើយ ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ លោកយេរូបាល ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ។ លោកមានកូនប្រុសទាំងអស់ចិតសិបនាក់ ដ្បិតលោកមានប្រពន្ធច្រើន។ ប្រពន្ធចុងរបស់លោក នៅស៊ីគែម បង្កើតបានកូនប្រុសម្នាក់ជូនលោក ដែលលោកដាក់ឈ្មោះថា អប៊ីម៉ាឡេក។ លោកគេឌាន ជាកូនរបស់លោកយ៉ូអាស បានរស់យ៉ាងយូរ ប្រកបដោយសុភមង្គល បន្ទាប់មក លោកក៏ទទួលមរណភាពទៅ។ គេបានបញ្ចុះសពលោកក្នុងផ្នូររបស់លោកយ៉ូអាស ជាឪពុក នៅអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។ ក្រោយពីលោកគេឌានទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់សាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ ពួកគេលែងនឹកនាដល់ព្រះអម្ចាស់ ជាព្រះរបស់គេ ដែលបានរំដោះគេឲ្យរួចពីខ្មាំងសត្រូវនៅជុំវិញ។ ពួកគេពុំដឹងគុណគ្រួសារលោកគេឌាន ហៅយេរូបាល នូវការល្អទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលឡើយ។
អាន ចៅហ្វាយ 8
ស្ដាប់នូវ ចៅហ្វាយ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 8:22-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ