ចៅហ្វាយ 8:22-35
ចៅហ្វាយ 8:22-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកគេឌានថា៖ «សូមលោកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមឲ្យកូន និងចៅរបស់លោកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះលោកបានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។ លោកគេឌានតបទៅពួកគេវិញថា៖ «ទេ! ខ្ញុំមិនគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំក៏មិនគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺព្រះអម្ចាស់ទេ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។ លោកគេឌានមានប្រសាសន៍ទៅពួកគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយ គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលម្នាក់ៗរឹបអូសយកបានពីសត្រូវមកឲ្យខ្ញុំ»- ជនជាតិម៉ាឌានសុទ្ធតែពាក់ក្រវិលមាស ដ្បិតពួកគេសុទ្ធតែជាកូនចៅរបស់លោកអ៊ីស្មាអែលទាំងអស់គ្នា។ ជនជាតិអ៊ីស្រាអែលឆ្លើយឡើងថា៖ «យើងខ្ញុំសូមជូនក្រវិលទៅលោក ដោយស្មោះអស់ពីចិត្ត»។ ពួកគេក៏ត្រដាងអាវធំមួយនៅលើដី ហើយម្នាក់ៗដាក់ក្រវិលដែលខ្លួនរឹបអូសយកបានពីសត្រូវ លើអាវនោះ។ ក្រវិលមាសទាំងអស់ដែលលោកគេឌានបានសុំពីគេនោះ មានទម្ងន់ប្រមាណប្រាំរយតម្លឹង។ លោកក៏បានទទួលគ្រឿងអលង្ការ ទុំហូ និងសម្លៀកបំពាក់ពណ៌ក្រហមទុំរបស់ស្ដេចសាសន៍ម៉ាឌាន ព្រមទាំងគ្រឿងលំអដែលពាក់នៅកសត្វអូដ្ឋរបស់សត្រូវទៀតផង។ លោកគេឌានបានយកមាសទាំងនោះ ទៅសូនធ្វើជារូបបដិមាមួយ ហើយតម្កល់នៅអូប្រា ជាភូមិកំណើតរបស់លោក។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់ ដោយគោរពថ្វាយបង្គំរូបចម្លាក់នោះ ហើយរូបនោះក្លាយទៅជាអន្ទាក់ដល់លោកគេឌាន និងក្រុមគ្រួសាររបស់លោក។ ចាប់ពីពេលនោះមក ជនជាតិម៉ាឌានស្ថិតនៅជាចំណុះជនជាតិអ៊ីស្រាអែល មិនអាចងើបមុខឡើយ ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ លោកយេរូបាល ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ។ លោកមានកូនប្រុសទាំងអស់ចិតសិបនាក់ ដ្បិតលោកមានប្រពន្ធច្រើន។ ប្រពន្ធចុងរបស់លោក នៅស៊ីគែម បង្កើតបានកូនប្រុសម្នាក់ជូនលោក ដែលលោកដាក់ឈ្មោះថា អប៊ីម៉ាឡេក។ លោកគេឌាន ជាកូនរបស់លោកយ៉ូអាស បានរស់យ៉ាងយូរ ប្រកបដោយសុភមង្គល បន្ទាប់មក លោកក៏ទទួលមរណភាពទៅ។ គេបានបញ្ចុះសពលោកក្នុងផ្នូររបស់លោកយ៉ូអាស ជាឪពុក នៅអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។ ក្រោយពីលោកគេឌានទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់សាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ ពួកគេលែងនឹកនាដល់ព្រះអម្ចាស់ ជាព្រះរបស់គេ ដែលបានរំដោះគេឲ្យរួចពីខ្មាំងសត្រូវនៅជុំវិញ។ ពួកគេពុំដឹងគុណគ្រួសារលោកគេឌាន ហៅយេរូបាល នូវការល្អទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលឡើយ។
ចៅហ្វាយ 8:22-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក ពួកអ៊ីស្រាអែលពោលទៅកាន់គេឌានថា៖ «សូមលោកគ្រប់គ្រងលើយើងរាល់គ្នាតទៅ រហូតដល់កូន និងចៅរបស់លោកផង ដ្បិតលោកបានសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។ គេឌានតបទៅគេថា៖ «ខ្ញុំមិនត្រូវគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំក៏មិនត្រូវគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺព្រះយេហូវ៉ាទេតើ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។ រួចគេឌានមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយដល់អ្នករាល់គ្នា គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលអ្នករាល់គ្នារឹបអូសយកបាន មកឲ្យខ្ញុំ» (ដ្បិតខ្មាំងសត្រូវសុទ្ធតែមានក្រវិលមាស ព្រោះគេជាកូនចៅអ៊ីសម៉ាអែល)។ ពួកគេក៏ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងជូនលោកដោយស្ម័គ្រពីចិត្ត»។ គេក៏ត្រដាងអាវ ហើយគ្រប់គ្នាក៏បោះក្រវិលដែលខ្លួនរឹបអូសបាន ទៅលើអាវនោះ។ ក្រវិលមាសទាំងប៉ុន្មានដែលលោកបានសុំពីគេនោះ មានទម្ងន់ជាមាសមួយពាន់ប្រាំពីររយសេកែល ដោយមិនរាប់បន្តោក និងអាយ៉ាដក់ និងសម្លៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ និងខ្សែនៅករបស់សត្វអូដ្ឋនោះទេ។ ដូច្នេះ គេឌានក៏យកមាសទាំងនោះទៅធ្វើជាអេផូឌមួយ ដាក់នៅក្នុងទីក្រុងរបស់លោក គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានផិតតាមរបស់នោះ ហើយរូបនោះបានក្លាយទៅជាអន្ទាក់ដល់គេឌាន និងក្រុមគ្រួសាររបស់លោក។ ដូច្នេះ ពួកម៉ាឌានត្រូវក្រាបចុះនៅមុខពួកកូនចៅអ៊ីស្រាអែល មិនអាចងើបក្បាលទៀតបានឡើយ ហើយនៅជំនាន់គេឌាន ស្រុកទេសបានសុខសាន្តត្រាណរយៈពេលសែសិបឆ្នាំ។ យេរូ-បាល ជាកូនយ៉ូអាស បានទៅរស់នៅក្នុងផ្ទះរបស់លោកផ្ទាល់វិញ។ គ្រានោះ គេឌានមានកូនប្រុសចិតសិបនាក់ គឺកូនដែលលោកបានបង្កើត ដ្បិតលោកមានប្រពន្ធច្រើន។ ប្រពន្ធចុងរបស់លោកដែលនៅស៊ីគែម ក៏បានបង្កើតកូនប្រុសមួយឲ្យលោកដែរ លោកដាក់ឈ្មោះថា អ័ប៊ីម៉្មាឡិច។ គេឌានជាកូនយ៉ូអាស បានស្លាប់ទៅទាំងមានអាយុយឺនយូរល្អ ហើយគេបានបញ្ចុះសពលោកនៅក្នុងផ្នូររបស់យ៉ូអាសជាឪពុកនៅអូប្រា ជាក្រុងរបស់ពួកអ័បៀស៊ើរ។ ក្រោយពីគេឌានបានស្លាប់ផុតទៅ ពួកកូនចៅអ៊ីស្រាអែលក៏បានងាកបែរទៅផិតក្បត់តាមពួកព្រះបាលវិញទៀត ហើយគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ។ ពួកកូនចៅអ៊ីស្រាអែលមិនបាននឹកចាំពីព្រះយេហូវ៉ា ជាព្រះរបស់គេ ដែលបានរំដោះគេឲ្យរួចពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញទេ ហើយគេមិនបានដឹងគុណដល់ក្រុមគ្រួសាររបស់យេរូ-បាល (គឺគេឌាន) តាមគ្រប់ទាំងអំពើល្អទាំងប៉ុន្មាន ដែលលោកបានប្រព្រឹត្តចំពោះពួកអ៊ីស្រាអែលឡើយ។
ចៅហ្វាយ 8:22-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកគេឌានថា៖ «សូមលោកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមឲ្យកូន និងចៅរបស់លោកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះលោកបានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។ លោកគេឌានតបទៅពួកគេវិញថា៖ «ទេ! ខ្ញុំមិនគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំក៏មិនគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺព្រះអម្ចាស់ទេ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។ លោកគេឌានមានប្រសាសន៍ទៅពួកគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយ គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលម្នាក់ៗរឹបអូសយកបានពីសត្រូវមកឲ្យខ្ញុំ»- ជនជាតិម៉ាឌានសុទ្ធតែពាក់ក្រវិលមាស ដ្បិតពួកគេសុទ្ធតែជាកូនចៅរបស់លោកអ៊ីស្មាអែលទាំងអស់គ្នា។ ជនជាតិអ៊ីស្រាអែលឆ្លើយឡើងថា៖ «យើងខ្ញុំសូមជូនក្រវិលទៅលោក ដោយស្មោះអស់ពីចិត្ត»។ ពួកគេក៏ត្រដាងអាវធំមួយនៅលើដី ហើយម្នាក់ៗដាក់ក្រវិលដែលខ្លួនរឹបអូសយកបានពីសត្រូវ លើអាវនោះ។ ក្រវិលមាសទាំងអស់ដែលលោកគេឌានបានសុំពីគេនោះ មានទម្ងន់ប្រមាណប្រាំរយតម្លឹង។ លោកក៏បានទទួលគ្រឿងអលង្ការ ទុំហូ និងសម្លៀកបំពាក់ពណ៌ក្រហមទុំរបស់ស្ដេចសាសន៍ម៉ាឌាន ព្រមទាំងគ្រឿងលំអដែលពាក់នៅកសត្វអូដ្ឋរបស់សត្រូវទៀតផង។ លោកគេឌានបានយកមាសទាំងនោះ ទៅសូនធ្វើជារូបបដិមាមួយ ហើយតម្កល់នៅអូប្រា ជាភូមិកំណើតរបស់លោក។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់ ដោយគោរពថ្វាយបង្គំរូបចម្លាក់នោះ ហើយរូបនោះក្លាយទៅជាអន្ទាក់ដល់លោកគេឌាន និងក្រុមគ្រួសាររបស់លោក។ ចាប់ពីពេលនោះមក ជនជាតិម៉ាឌានស្ថិតនៅជាចំណុះជនជាតិអ៊ីស្រាអែល មិនអាចងើបមុខឡើយ ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ លោកយេរូបាល ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ។ លោកមានកូនប្រុសទាំងអស់ចិតសិបនាក់ ដ្បិតលោកមានប្រពន្ធច្រើន។ ប្រពន្ធចុងរបស់លោក នៅស៊ីគែម បង្កើតបានកូនប្រុសម្នាក់ជូនលោក ដែលលោកដាក់ឈ្មោះថា អប៊ីម៉ាឡេក។ លោកគេឌាន ជាកូនរបស់លោកយ៉ូអាស បានរស់យ៉ាងយូរ ប្រកបដោយសុភមង្គល បន្ទាប់មក លោកក៏ទទួលមរណភាពទៅ។ គេបានបញ្ចុះសពលោកក្នុងផ្នូររបស់លោកយ៉ូអាស ជាឪពុក នៅអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។ ក្រោយពីលោកគេឌានទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់សាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ ពួកគេលែងនឹកនាដល់ព្រះអម្ចាស់ ជាព្រះរបស់គេ ដែលបានរំដោះគេឲ្យរួចពីខ្មាំងសត្រូវនៅជុំវិញ។ ពួកគេពុំដឹងគុណគ្រួសារលោកគេឌាន ហៅយេរូបាល នូវការល្អទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលឡើយ។
ចៅហ្វាយ 8:22-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកសាសន៍អ៊ីស្រាអែល គេសូមដល់គេឌានថា សូមឲ្យលោកគ្រងរាជ្យលើយើងរាល់គ្នាតទៅ ដរាបដល់កូនចៅលោកផង ដ្បិតលោកបានជួយសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានហើយ តែគេឌានឆ្លើយទៅគេថា ឯអញ នឹងកូនចៅអញ មិនត្រូវគ្រងរាជ្យលើឯងរាល់គ្នាទេ គឺជាព្រះយេហូវ៉ាទេតើ ដែលសោយរាជ្យលើឯងរាល់គ្នាវិញ រួចលោកថា អញសូមដល់ឯងរាល់គ្នាតែប៉ុណ្ណេះ គឺសូមឲ្យឯងរាល់គ្នាឲ្យក្រវិលដែលចាប់បានជារបឹបនោះមកអញ (ពួកខ្មាំងនោះសុទ្ធតែមានក្រវិលមាស ដ្បិតជាពួកកូនចៅអ៊ីសម៉ាអែល) គេក៏ឆ្លើយឡើងថា យើងខ្ញុំនឹងជូនដល់លោកដោយស្ម័គ្រពីចិត្ត រួចគេត្រដាងអាវ ហើយគ្រប់គ្នាក៏បោះក្រវិលជារបឹបដែលខ្លួនចាប់បាន ឯក្រវិលមាសទាំងប៉ុន្មានដែលលោកសូមបាន នោះមានទំងន់ជាមាស១ពាន់៧រយដំឡឹង ឥតរាប់បន្តោក នឹងអាយ៉ាដក់ ហើយនឹងសំលៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ នឹងខ្សែនៅករបស់សត្វអូដ្ឋនោះទេ ដូច្នេះគេឌានក៏យកទៅធ្វើជាអេផូឌ១ដាក់នៅក្នុងទីក្រុងខ្លួន គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ទៅទីនោះ ដើម្បីនឹងផិតតាម របស់នោះក៏ត្រឡប់ជាអន្ទាក់ ដល់គេឌាន នឹងពួកគ្រួរបស់លោក ចំណែកឯពួកម៉ាឌាន គេត្រូវក្រាបចុះនៅមុខពួកកូនចៅអ៊ីស្រាអែលយ៉ាងដូច្នោះ ឥតមានងើបក្បាលឡើងទៀតឡើយ ហើយនៅជំនាន់គេឌាន ស្រុកនោះក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។ ឯយេរូ-បាលជាកូនយ៉ូអាស លោកបែរទៅនៅផ្ទះដោយខ្លួន លោកបង្កើតបានកូនប្រុស៧០នាក់ ដ្បិតលោកមានប្រពន្ធជាច្រើន ឯប្រពន្ធចុងរបស់លោកដែលនៅស៊ីគែម នាងក៏បានបង្កើតកូនប្រុស១ឲ្យលោកដែរ លោកដាក់ឈ្មោះថា អ័ប៊ីម៉្មាឡិច គេឌានជាកូនយ៉ូអាសក៏ស្លាប់ទៅ ក្នុងកាលដែលមានអាយុវែងយឺនយូរល្អ គេបានបញ្ចុះសពលោកនៅក្នុងផ្នូររបស់យ៉ូអាស ជាឪពុកនៅអូប្រា ជាក្រុងរបស់អ័បៀស៊ើរ។ កាលគេឌានបានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលក៏ត្រឡប់ទៅផិតតាមអស់ទាំងព្រះបាលវិញទៀត គេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ ឥតបាននឹកចាំពីព្រះយេហូវ៉ាជាព្រះនៃខ្លួន ដែលទ្រង់បានប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញនោះទេ ក៏មិនបានដឹងគុណដល់ពួកគ្រួយេរូ-បាល គឺជាគេឌានតាមគ្រប់ទាំងសេចក្ដីសប្បុរសដែលលោកបានផ្តល់ដល់ពួកអ៊ីស្រាអែលផងដែរ។