ចៅហ្វាយ 6:25-32

ចៅហ្វាយ 6:25-32 គខប

នៅ​យប់​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ចូរ​យក​គោ​បា​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ ដែល​មាន​អាយុ​ប្រាំ‌ពីរ​ឆ្នាំ។ បន្ទាប់​មក ចូរ​រំលំ​អាសនៈ​ព្រះ​បាល​របស់​ឪពុក​អ្នក ព្រម​ទាំង​កាប់​បំផ្លាញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​នៅ​ក្បែរ​នោះ​ផង។ បន្ទាប់​មក​ទៀត ចូរ​សង់​អាសនៈ​មួយ​ដ៏​សម‌រម្យ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ រួច​យក​គោ​បា​ទី​ពីរ​នោះ​មក​ដុត​ទាំង​មូល​ធ្វើ​ជា​យញ្ញ‌បូជា ដោយ​យក​បង្គោល​ព្រះ‌អាសេ‌រ៉ា ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​អុស​សម្រាប់​ដុត»។ លោក​គេឌាន​នាំ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មក ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក ប៉ុន្តែ ដោយ​លោក​ខ្លាច​ក្រុម​ញាតិ​របស់​លោក និង​ខ្លាច​អ្នក​ភូមិ លោក​មិន​ហ៊ាន​ធ្វើ​ការ​នោះ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។ លុះ​ព្រលឹម​ឡើង ពេល​ក្រោក​ពី​ដំណេក អ្នក​ភូមិ​ឃើញ​អាសនៈ​របស់​ព្រះ​បាល​រលំ ហើយ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​ដែល​នៅ​ជិត​នោះ​ក៏​ត្រូវ​គេ​កាប់​ចោល​ដែរ ព្រម​ទាំង​ឃើញ​គោ​បា​ទី​ពីរ​ដែល​គេ​ដុត​ជា​យញ្ញ‌បូជា នៅ​លើ​អាសនៈ​ទើប​នឹង​សង់​ទៀត​ផង។ គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​នរណា​បាន​ធ្វើ​ការ​នេះ?»។ កាល​ស៊ើប‌សួរ​ទៅ មាន​គេ​ប្រាប់​ថា៖ «គឺ​គេឌាន ជា​កូន​របស់​យ៉ូអាស បាន​ធ្វើ​ការ​នេះ»។ អ្នក​ភូមិ​ពោល​ទៅ​កាន់​លោក​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វា​ត្រូវ​តែ​ស្លាប់ ព្រោះ​វា​បាន​រំលំ​អាសនៈ​របស់​ព្រះ​បាល ព្រម​ទាំង​កាប់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា ដែល​នៅ​ជិត​នោះ​ទៀត​ផង!»។ លោក​យ៉ូអាស​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​នៅ​ក្បែរ​លោក​ថា៖ «តើ​បងប្អូន​ឬ​ដែល​ត្រូវ​មក​តវ៉ា​ជំនួស​ព្រះ​បាល? តើ​បងប្អូន​ឬ​ដែល​ជា​អ្នក​សង្គ្រោះ​ព្រះ​បាល? អ្នក​ណា​តវ៉ា​ជំនួស​ព្រះ​បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ព្រឹក​ស្អែក។ បើ​ព្រះ​បាល​ពិត​ជា​ព្រះ​មែន ទុក​ឲ្យ​លោក​តវ៉ា​ខ្លួន​ឯង​ផ្ទាល់​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនៈ​របស់​លោក!»។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ហៅ​លោក​គេឌាន​ថា «យេរូ‌បាល» ដោយ​ពោល​ថា «សូម​ឲ្យ​ព្រះ​បាល​តវ៉ា​នឹង​គាត់​ទៅ ដ្បិត​គាត់​បាន​រំលំ​អាសនៈ​របស់​លោក»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ចៅហ្វាយ 6:25-32