ចៅហ្វាយ 6:25-32

ចៅហ្វាយ 6:25-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​យប់​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​យក​គោ​ឈ្មោល​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ​អាយុ​ប្រាំពីរ​ខួប ទៅ​ទាញ​រំលំ​អាសនា​របស់​ព្រះ‌បាល ដែល​ជា​របស់​ឪពុក​អ្នក ហើយ​កាប់​បំផ្លាញ​បង្គោល​សក្ការៈ ដែល​នៅ​ក្បែរ​នោះ​ចេញ រួច​សង់​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ ដោយ​រៀប​ថ្ម​ឲ្យ​បាន​ត្រឹម​ត្រូវ។ បន្ទាប់​មក ត្រូវ​យក​គោ​ទី​ពីរ​ថ្វាយ​ជា​តង្វាយ​ដុត ដោយ​យក​បង្គោល​សក្ការៈ ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​ឧសសម្រាប់​ដុត»។ ដូច្នេះ គេឌាន​នាំ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់ ហើយ​ធ្វើ​តាមដូច​ព្រះ‌យេហូវ៉ា​បាន​ប្រាប់លោក តែ​ដោយ​ព្រោះ​លោក​ខ្លាចមនុស្ស​នៅ​ក្នុង​គ្រួសារ​របស់​លោក និង​មនុស្ស​នៅ​ទី​ក្រុង លោក​មិន​ហ៊ា​ន​ធ្វើ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។ កាលមនុស្ស​នៅ​ទី​ក្រុងបាន​ក្រោក​ឡើង​ពី​ព្រលឹម ឃើញ​អាសនា​របស់​ព្រះ​បាល​ត្រូវ​គេ​រំលំ បង្គោល​សក្ការៈ​ដែល​នៅ​ជិត​នោះ ត្រូវ​គេ​កាប់​ចោល ហើយ​គោ​ទី​ពីរត្រូវ​បាន​គេ​ថ្វាយ​នៅ​លើ​អាសនា​ដែល​គេ​សង់​ឡើង គេក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​អ្នក​ណា​បាន​ធ្វើ​ការ​នេះ?» កាល​គេ​បាន​ស៊ើប​សួរ​ទៅ នោះ​មាន​គេ​ប្រាប់​ថា៖ «គឺ​គេឌាន ជា​កូន​យ៉ូអាស បាន​ធ្វើ​ការ​នេះ»។ ពេល​នោះ មនុស្ស​នៅ​ទី​ក្រុង​ពោល​ទៅ​កាន់​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វាត្រូវ​តែ​ស្លាប់ ដ្បិត​វា​បាន​រំលំ​អាសនា​របស់​ព្រះ‌បាល ហើយ​កាប់​បំផ្លាញបង្គោល​សក្ការៈ​ដែល​នៅជិត​នោះ​ទៀត​ផង»។ ប៉ុន្ដែ យ៉ូអាស​ឆ្លើយ​តប​ទៅ​អស់​អ្នក​ដែល​មក​ទាស់​នឹង​លោក​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​តវ៉ា​ជំនួស​ព្រះ​បាល? ឬ​ក៏​អ្នក​រាល់​គ្នា​ចង់​សង្គ្រោះ​ព្រះ‌បាល? អ្នក​ណា​ដែល​ចង់​តវ៉ា​ជំនួស​ព្រះ‌បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ថ្ងៃ​រះ។ ប្រសិន‌បើព្រះ​បាល​ជា​ព្រះ ទុក​ឲ្យ​លោក​តវ៉ា​ដោយ​ខ្លួន​ឯង​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនា​របស់​លោក​ហើយ»។ ដូច្នេះ នៅ​ថ្ងៃ​នោះ គេ​ហៅ​គេឌាន ថា «យេរូ-បាល» ដែល​មាន​ន័យ​ថា «ទុក​ឲ្យ​ព្រះ‌បាល​តវ៉ា​នឹង​គាត់ទៅ ព្រោះ​គាត់​បាន​រំលំ​អាសនា​របស់​លោក»។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:25-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​យប់​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ចូរ​យក​គោ​បា​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ ដែល​មាន​អាយុ​ប្រាំ‌ពីរ​ឆ្នាំ។ បន្ទាប់​មក ចូរ​រំលំ​អាសនៈ​ព្រះ​បាល​របស់​ឪពុក​អ្នក ព្រម​ទាំង​កាប់​បំផ្លាញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​នៅ​ក្បែរ​នោះ​ផង។ បន្ទាប់​មក​ទៀត ចូរ​សង់​អាសនៈ​មួយ​ដ៏​សម‌រម្យ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ រួច​យក​គោ​បា​ទី​ពីរ​នោះ​មក​ដុត​ទាំង​មូល​ធ្វើ​ជា​យញ្ញ‌បូជា ដោយ​យក​បង្គោល​ព្រះ‌អាសេ‌រ៉ា ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​អុស​សម្រាប់​ដុត»។ លោក​គេឌាន​នាំ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មក ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក ប៉ុន្តែ ដោយ​លោក​ខ្លាច​ក្រុម​ញាតិ​របស់​លោក និង​ខ្លាច​អ្នក​ភូមិ លោក​មិន​ហ៊ាន​ធ្វើ​ការ​នោះ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។ លុះ​ព្រលឹម​ឡើង ពេល​ក្រោក​ពី​ដំណេក អ្នក​ភូមិ​ឃើញ​អាសនៈ​របស់​ព្រះ​បាល​រលំ ហើយ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​ដែល​នៅ​ជិត​នោះ​ក៏​ត្រូវ​គេ​កាប់​ចោល​ដែរ ព្រម​ទាំង​ឃើញ​គោ​បា​ទី​ពីរ​ដែល​គេ​ដុត​ជា​យញ្ញ‌បូជា នៅ​លើ​អាសនៈ​ទើប​នឹង​សង់​ទៀត​ផង។ គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​នរណា​បាន​ធ្វើ​ការ​នេះ?»។ កាល​ស៊ើប‌សួរ​ទៅ មាន​គេ​ប្រាប់​ថា៖ «គឺ​គេឌាន ជា​កូន​របស់​យ៉ូអាស បាន​ធ្វើ​ការ​នេះ»។ អ្នក​ភូមិ​ពោល​ទៅ​កាន់​លោក​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វា​ត្រូវ​តែ​ស្លាប់ ព្រោះ​វា​បាន​រំលំ​អាសនៈ​របស់​ព្រះ​បាល ព្រម​ទាំង​កាប់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា ដែល​នៅ​ជិត​នោះ​ទៀត​ផង!»។ លោក​យ៉ូអាស​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​នៅ​ក្បែរ​លោក​ថា៖ «តើ​បងប្អូន​ឬ​ដែល​ត្រូវ​មក​តវ៉ា​ជំនួស​ព្រះ​បាល? តើ​បងប្អូន​ឬ​ដែល​ជា​អ្នក​សង្គ្រោះ​ព្រះ​បាល? អ្នក​ណា​តវ៉ា​ជំនួស​ព្រះ​បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ព្រឹក​ស្អែក។ បើ​ព្រះ​បាល​ពិត​ជា​ព្រះ​មែន ទុក​ឲ្យ​លោក​តវ៉ា​ខ្លួន​ឯង​ផ្ទាល់​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនៈ​របស់​លោក!»។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ហៅ​លោក​គេឌាន​ថា «យេរូ‌បាល» ដោយ​ពោល​ថា «សូម​ឲ្យ​ព្រះ​បាល​តវ៉ា​នឹង​គាត់​ទៅ ដ្បិត​គាត់​បាន​រំលំ​អាសនៈ​របស់​លោក»។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:25-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​លោក​ថា ចូរ​នាំ​យក​គោ​ឈ្មោល​របស់​ឪពុក​ឯង គឺ​ជា​គោ​ទី​២​អាយុ​៧​ខួប​ទៅ​ជា​មួយ ត្រូវ​ឲ្យ​ឯង​រំលំ​អាសនា​នៃ​ព្រះ‌បាល​របស់​ឪពុក​ឯង​ចេញ​ទៅ ព្រម​ទាំង​កាប់​បំផ្លាញ​អ្នក‌តា​ដែល​នៅ​ក្បែរ​ទី​នោះ​ផង រួច​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង តាម​របៀប​នៅ​លើ​ថ្មដា​នោះ ហើយ​ត្រូវ​យក​គោ​ទី​២​ថ្វាយ​ជា​ដង្វាយ​ដុត ដោយ​ដុត​នឹង​ឈើ​ជា​រូប​អ្នក‌តា ដែល​ឯង​បាន​កាប់​នោះ ដូច្នេះ​គេឌាន​ក៏​នាំ​យក​អ្នក​បំរើ​របស់​ខ្លួន​១០​នាក់ ទៅ​ធ្វើ​តាម​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់ តែ​លោក​ធ្វើ​នៅ​ពេល​ថ្ងៃ​មិន​បាន ដោយ​ព្រោះ​ខ្លាច​ពួក​អ្នក​ផ្ទះ​របស់​ឪពុក​ខ្លួន នឹង​ពួក​មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​ជា​ធ្វើ​នៅ​ពេល​យប់​វិញ។ កាល​ពួក​មនុស្ស​នៅ​ទី​ក្រុង​បាន​ក្រោក​ឡើង​ពី​ព្រលឹម ឃើញ​អាសនា​នៃ​ព្រះ​បាល​បាន​រលំ​ហើយ ឯ​អ្នក‌តា​ក៏​បាន​កាប់​ចោល​ផង ហើយ​គោ​ទី​២​បាន​ថ្វាយ​នៅ​លើ​អាសនា​ដែល​បាន​ស្អាង​ឡើង នោះ​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​អ្នក​ណា​បាន​ធ្វើ​នេះ គេ​ក៏​ស៊ើប​សួរ​រក រួច​មាន​គេ​ប្រាប់​ថា គឺ​គេឌាន ជា​កូន​យ៉ូអាស បាន​ធ្វើ​ការ​នោះ ដូច្នេះ​ពួក​មនុស្ស​នៅ​ទី​ក្រុង គេ​ប្រាប់​ទៅ​យ៉ូអាស​ថា ចូរ​នាំ​កូន​អ្នក​ចេញ​មក​ឲ្យ​វា​ស្លាប់​ទៅ ដ្បិត​វា​បាន​រំលំ​អាសនា​នៃ​ព្រះ‌បាល ហើយ​កាប់​បំផ្លាញ​រូប​អ្នក‌តា​ដែល​នៅ​ក្បែរ​ទី​នោះ​ផង យ៉ូអាស​ក៏​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​មក​ទាស់​នឹង​គាត់​ថា តើ​អ្នក​រាល់​គ្នា​ចង់​តវ៉ា​ជំនួស ហើយ​គិត​ជួយ​សង្គ្រោះ​ព្រះ‌បាល​ឬ​អី ឯ​អ្នក​ណា​ដែល​ចង់​តវ៉ា​ជំនួស​ព្រះ‌បាល ឲ្យ​អ្នក​នោះ​ត្រូវ​ស្លាប់​វិញ​ឥឡូវ មុន​ដែល​ថ្ងៃ​រះ​ផង បើ​នេះ​ជា​ព្រះ​ពិត នោះ​ចូរ​ឲ្យ​វា​តវ៉ា​ដោយ​ខ្លួន​វា​ចុះ ដោយ​ព្រោះ​គេ​បាន​រំលំ​អាសនា​ហើយ ហេតុ​នោះ​បាន​ជា​នៅ​ថ្ងៃ​នោះ​ឯង គេ​ហៅ​គេឌាន​ថា យេរូ-បាល ដោយ​ព្រោះ​ពាក្យ​ដែល​ថា ចូរ​ឲ្យ​ព្រះ‌បាល​តវ៉ា​ដោយ​ខ្លួន​ឯង​ចុះ គឺ​ពី​ព្រោះ​បាន​រំលំ​អាសនា​គេ​ហើយ។

ចែក​រំលែក
អាន ចៅហ្វាយ 6