ចៅហ្វាយ 4:6-9

ចៅហ្វាយ 4:6-9 គខប

ថ្ងៃ​មួយ លោក​ស្រី​ដេបូរ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែប‌ថាលី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​សាប់យូ‌ឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌បោរ។ យើង​នឹង​ទាក់‌ទាញ​ស៊ីសេ‌រ៉ា ជា​មេ‌ទ័ព​របស់​ស្ដេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ​ចម្បាំង និង​កង‌ទ័ព​របស់​គេ ឲ្យ​មក​ច្បាំង​នឹង​អ្នក​នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក”»។ លោក​បារ៉ាក់​ឆ្លើយ​ឡើង​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ទេ នោះ​ខ្ញុំ​មិន​ព្រម​ទៅ​ឡើយ»។ លោក​ស្រី​ដេបូរ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចម្បាំង​នេះ​ទេ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូរ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។