ចៅហ្វាយ 4:6-9
ចៅហ្វាយ 4:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ លោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកលោកដូចតទៅ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។ យើងនឹងទាក់ទាញស៊ីសេរ៉ា ជាមេទ័ពរបស់ស្ដេចយ៉ាប៊ីន ព្រមទាំងរទេះចម្បាំង និងកងទ័ពរបស់គេ ឲ្យមកច្បាំងនឹងអ្នកនៅត្រង់ទឹកជ្រោះគីសូន យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក”»។ លោកបារ៉ាក់ឆ្លើយឡើងថា៖ «បើលោកស្រីអញ្ជើញទៅជាមួយខ្ញុំ ទើបខ្ញុំព្រមទៅ តែបើលោកស្រីមិនអញ្ជើញទៅទេ នោះខ្ញុំមិនព្រមទៅឡើយ»។ លោកស្រីដេបូរ៉ាតបថា៖ «បាន! ខ្ញុំនឹងទៅជាមួយលោក ប៉ុន្តែ លោកមិនបានទទួលកិត្តិយសក្នុងចម្បាំងនេះទេ ដ្បិតព្រះអម្ចាស់នឹងប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃមនុស្សស្រី»។ លោកស្រីដេបូរ៉ាក៏ធ្វើដំណើរជាមួយលោកបារ៉ាក់ទៅភូមិកេដែស។
ចៅហ្វាយ 4:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកស្រីចាត់គេឲ្យទៅហៅបារ៉ាក ជាកូនរបស់អ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានបង្គាប់លោកថា "ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ពីពួកកូនចៅណែបថាលី និងសាប់យូឡូន ហើយនាំគ្នាឡើងទៅលើភ្នំតាបោរទៅ។ យើងនឹងទាញស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះ និងពលទ័ពរបស់គេ មកជួបអ្នកនៅស្ទឹងគីសុន ហើយយើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក"»។ បារ៉ាកឆ្លើយតបថា៖ «បើលោកស្រីអញ្ជើញទៅជាមួយខ្ញុំ នោះខ្ញុំនឹងទៅ តែបើលោកស្រីមិនអញ្ជើញទៅជាមួយទេ នោះខ្ញុំមិនទៅឡើយ»។ លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជានឹងទៅជាមួយលោក ប៉ុន្តែ លោកនឹងមិនបានទទួលកេរ្ដិ៍ឈ្មោះក្នុងដំណើរដែលលោកទៅនេះទេ ដ្បិតព្រះយេហូវ៉ានឹងលក់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់ស្ត្រី»។ បន្ទាប់មក ដេបូរ៉ាក៏ក្រោកឡើង ធ្វើដំណើរជាមួយបារ៉ាកទៅភូមិកេដេស។
ចៅហ្វាយ 4:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នាងចាត់គេឲ្យទៅហៅបារ៉ាក ជាកូនអ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលីមក ហើយប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបង្គាប់ថា ចូរនាំយកមនុស្ស១ម៉ឺននាក់ ពីពួកកូនចៅណែបថាលី នឹងសាប់យូល៉ូន ចូលទៅឯភ្នំតាបោរទៅ នោះអញនឹងទាញនាំស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះ នឹងពួកពលទាំងប៉ុន្មានរបស់គេ មកឯឯង នៅត្រង់ស្ទឹងគីសុន ហើយនឹងប្រគល់គេមកក្នុងកណ្តាប់ដៃនៃឯង បារ៉ាកឆ្លើយតបថា បើលោកស្រីអញ្ជើញទៅជាមួយនឹងខ្ញុំផង នោះទើបខ្ញុំទៅ តែបើលោកមិនអញ្ជើញទៅជាមួយទេ នោះខ្ញុំក៏មិនទៅដែរ នាងឆ្លើយថា ដូច្នេះខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ប៉ុន្តែអ្នកនឹងគ្មានឈ្មោះដោយដំណើរដែលអ្នកទៅនោះទេ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងលក់ស៊ីសេរ៉ាទៅក្នុងកណ្តាប់ដៃរបស់ស្ត្រីវិញ រួចដេបូរ៉ាក៏ក្រោកឡើង ទៅជាមួយនឹងបារ៉ាក ដល់កេដេស