ចៅហ្វាយ 13:2-24

ចៅហ្វាយ 13:2-24 គខប

គ្រា​នោះ នៅ​ក្រុង​សូរ៉ាស់ មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ាណូអា ក្នុង​កុល‌សម្ព័ន្ធ​ដាន់។ ភរិយា​របស់​គាត់​ជា​ស្ត្រី​អារ មិន​អាច​មាន​កូន​ឡើយ។ ថ្ងៃ​មួយ ទេវតា*​របស់​ព្រះ‌អម្ចាស់​បាន​មក​បង្ហាញ​ខ្លួន​ឲ្យ​ស្ត្រី​នោះ​ឃើញ ហើយ​ពោល​ថា៖ «នាង​ជា​ស្ត្រី​អារ​មិន​អាច​មាន​កូន​ទេ ក៏​ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ចាប់​ពី​ពេល​នេះ​ទៅ ត្រូវ​ប្រយ័ត្ន កុំ​ពិសា​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ដែរ ព្រោះ​នាង​នឹង​មាន​ផ្ទៃ​ពោះ រួច​បង្កើត​កូន​ប្រុស​មួយ។ មិន​ត្រូវ​កោរ ឬ​កាត់​សក់​វា​ឡើយ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះ‌ជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក ទុក​ជា​អ្នក​ណាសា‌រីត*​មួយ​រូប។ កូន​នោះ​នឹង​ចាប់​ផ្ដើម​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន»។ ស្ត្រី​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​រាប់​ប្រាប់​ប្ដី​ថា៖ «មាន​អ្នក​បម្រើ​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​បាន​មក​ជួប​ខ្ញុំ លោក​មាន​ភិន‌ភាគ​ដូច​ទេវតា​នៃ​ព្រះ‌ជាម្ចាស់ ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​ក្រៃ‌លែង។ ខ្ញុំ​មិន​បាន​សួរ​លោក​ថា លោក​មក​ពី​ណា​ទេ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ខ្ញុំ​ស្គាល់​ដែរ។ លោក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ លោក​ហាម​ខ្ញុំ​មិន​ឲ្យ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ដែរ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះ‌ជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ទុក​ជា​អ្នក​ណាសា‌រីត*​មួយ​រូប រហូត​អស់​មួយ​ជីវិត»។ លោក​ម៉ាណូអា​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​មេត្តា​ប្រោស​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាត់​មក​នោះ វិល​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​លោក​បង្រៀន​យើង​ខ្ញុំ​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ម៉ាណូអា ហើយ​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ក៏​មក​ជួប​នឹង​ស្ត្រី​នោះ​ម្ដង​ទៀត ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ចម្ការ។ ពេល​នោះ លោក​ម៉ាណូអា ប្ដី​របស់​គាត់ មិន​បាន​នៅ​ជា​មួយ​ទេ។ គាត់​ក៏​ប្រញាប់‌ប្រញាល់​រត់​ទៅ​ជម្រាប​ប្ដី​ថា៖ «នុ៎ះ‌ហ្ន៎! បុរស​ដែល​បាន​មក​ជួប​ខ្ញុំ ពី​ថ្ងៃ​មុន​អញ្ជើញ​មក​ទៀត​ហើយ!»។ លោក​ម៉ាណូអា​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ តម្រង់​ទៅ​រក​បុរស ហើយ​ពោល​ថា៖ «តើ​លោក​ឬ ដែល​បាន​និយាយ​ជា​មួយ​ប្រពន្ធ​ខ្ញុំ?»។ ទេវតា​ក៏​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ លោក​ម៉ាណូអា​ក៏​បន្ត​ទៀត​ថា៖ «បើ​សិន​ជា​បាន​សម្រេច​តាម​ពាក្យ​លោក​មែន តើ​កូន​នោះ​ត្រូវ​កាន់​ច្បាប់​ទម្លាប់​អ្វី​ខ្លះ តើ​វា​ត្រូវ​រស់​នៅ​របៀប​ណា?»។ ទេវតា​របស់​ព្រះ‌អម្ចាស់​តប​មក​លោក​ម៉ាណូអា​វិញ​ថា៖ «ប្រពន្ធ​របស់​អ្នក​ត្រូវ​តម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់ នាង​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង‌បាយជូរ មិន​ត្រូវ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ដែរ។ នាង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់»។ លោក​ម៉ាណូអា​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់​ថា៖ «សូម​លោក​មេត្តា​រង់‌ចាំ​នៅ​ទី​នេះ​សិន​ហើយ យើង​ខ្ញុំ​ទៅ​រៀបចំ​កូន​ពពែ​មួយ​ជូន​លោក»។ ទេវតា​ឆ្លើយ​ថា៖ «ទោះ​បី​យើង​នៅ ក៏​យើង​មិន​បរិភោគ​អាហារ​ដែល​អ្នក​រៀបចំ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះ‌អម្ចាស់ ចូរ​ធ្វើ​ចុះ!»។ លោក​ម៉ាណូអា​ពុំ​ដឹង​ថា​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់​ទេ គាត់​ក៏​សួរ​ថា៖ «តើ​លោក​ឈ្មោះ​អី សូម​មេត្តា​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផង ដើម្បី​ឲ្យ​យើង​ខ្ញុំ​អាច​ដឹង​គុណ​លោក នៅ​ពេល​ហេតុ‌ការណ៍​នោះ​កើត​មាន តាម​ពាក្យ​របស់​លោក»។ ទេវតា​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ស្គាល់​ឈ្មោះ​យើង​ដូច្នេះ? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។ បន្ទាប់​មក លោក​ម៉ាណូអា​ក៏​យក​កូន​ពពែ និង​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ មក​ដុត​នៅ​លើ​ថ្ម ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។ ពេល​លោក​ម៉ាណូអា និង​ភរិយា​កំពុង​អង្គុយ​សម្លឹង​មើល ស្រាប់​តែ​មាន​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​មួយ គឺ​ក្នុង​ពេល​អណ្ដាត​ភ្លើង​ឆេះ​ពី​អាសនៈ​ឡើង​ទៅ​លើ​មេឃ ទេវតា​របស់​ព្រះ‌អម្ចាស់​ក៏​ឡើង​ទៅ​ជា​មួយ​អណ្ដាត​ភ្លើង​នោះ​ដែរ។ ឃើញ​ដូច្នេះ លោក​ម៉ាណូអា និង​ភរិយា​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ កាល​អ្នក​ទាំង​ពីរ​មើល​ទេវតា​របស់​ព្រះ‌អម្ចាស់​លែង​ឃើញ​ទៀត ទើប​លោក​ម៉ាណូអា​ដឹង​ថា​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់ ហើយ​គាត់​ក៏​ពោល​ទៅ​កាន់​ភរិយា​ថា៖ «យើង​ប្រាកដ​ជា​ស្លាប់​ហើយ ព្រោះ​យើង​បាន​ឃើញ​ព្រះ‌ជាម្ចាស់»។ ភរិយា​របស់​គាត់​ក៏​ឆ្លើយ​ថា៖ «ប្រសិន​បើ​ព្រះ‌អម្ចាស់​ចង់​ឲ្យ​យើង​ស្លាប់​មែន​នោះ ព្រះអង្គ​មិន​ទទួល​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​យើង​ទេ ហើយ​ក៏​មិន​សម្តែង​ការ​អស្ចារ្យ​ទាំង​នេះ​ឲ្យ​យើង​ឃើញ ព្រម​ទាំង​ប្រាប់​យើង​ពី​អ្វីៗ​ដែល​យើង​បាន​ឮ​នេះ​ដែរ»។ ភរិយា​របស់​លោក​ម៉ាណូអា​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា សាំសុន។ កូន​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង ហើយ​ព្រះ‌អម្ចាស់​ប្រទាន​ពរ​លោក។