ចៅហ្វាយ 13:2-24

ចៅហ្វាយ 13:2-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គ្រា​នោះ នៅ​ក្រុង​សូរ៉ាស់ មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ាណូអា ក្នុង​កុល‌សម្ព័ន្ធ​ដាន់។ ភរិយា​របស់​គាត់​ជា​ស្ត្រី​អារ មិន​អាច​មាន​កូន​ឡើយ។ ថ្ងៃ​មួយ ទេវតា*​របស់​ព្រះ‌អម្ចាស់​បាន​មក​បង្ហាញ​ខ្លួន​ឲ្យ​ស្ត្រី​នោះ​ឃើញ ហើយ​ពោល​ថា៖ «នាង​ជា​ស្ត្រី​អារ​មិន​អាច​មាន​កូន​ទេ ក៏​ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ចាប់​ពី​ពេល​នេះ​ទៅ ត្រូវ​ប្រយ័ត្ន កុំ​ពិសា​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ដែរ ព្រោះ​នាង​នឹង​មាន​ផ្ទៃ​ពោះ រួច​បង្កើត​កូន​ប្រុស​មួយ។ មិន​ត្រូវ​កោរ ឬ​កាត់​សក់​វា​ឡើយ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះ‌ជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក ទុក​ជា​អ្នក​ណាសា‌រីត*​មួយ​រូប។ កូន​នោះ​នឹង​ចាប់​ផ្ដើម​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន»។ ស្ត្រី​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​រាប់​ប្រាប់​ប្ដី​ថា៖ «មាន​អ្នក​បម្រើ​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​បាន​មក​ជួប​ខ្ញុំ លោក​មាន​ភិន‌ភាគ​ដូច​ទេវតា​នៃ​ព្រះ‌ជាម្ចាស់ ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​ក្រៃ‌លែង។ ខ្ញុំ​មិន​បាន​សួរ​លោក​ថា លោក​មក​ពី​ណា​ទេ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ខ្ញុំ​ស្គាល់​ដែរ។ លោក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ លោក​ហាម​ខ្ញុំ​មិន​ឲ្យ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ដែរ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះ‌ជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ទុក​ជា​អ្នក​ណាសា‌រីត*​មួយ​រូប រហូត​អស់​មួយ​ជីវិត»។ លោក​ម៉ាណូអា​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​មេត្តា​ប្រោស​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាត់​មក​នោះ វិល​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​លោក​បង្រៀន​យើង​ខ្ញុំ​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ម៉ាណូអា ហើយ​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ក៏​មក​ជួប​នឹង​ស្ត្រី​នោះ​ម្ដង​ទៀត ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ចម្ការ។ ពេល​នោះ លោក​ម៉ាណូអា ប្ដី​របស់​គាត់ មិន​បាន​នៅ​ជា​មួយ​ទេ។ គាត់​ក៏​ប្រញាប់‌ប្រញាល់​រត់​ទៅ​ជម្រាប​ប្ដី​ថា៖ «នុ៎ះ‌ហ្ន៎! បុរស​ដែល​បាន​មក​ជួប​ខ្ញុំ ពី​ថ្ងៃ​មុន​អញ្ជើញ​មក​ទៀត​ហើយ!»។ លោក​ម៉ាណូអា​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ តម្រង់​ទៅ​រក​បុរស ហើយ​ពោល​ថា៖ «តើ​លោក​ឬ ដែល​បាន​និយាយ​ជា​មួយ​ប្រពន្ធ​ខ្ញុំ?»។ ទេវតា​ក៏​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ លោក​ម៉ាណូអា​ក៏​បន្ត​ទៀត​ថា៖ «បើ​សិន​ជា​បាន​សម្រេច​តាម​ពាក្យ​លោក​មែន តើ​កូន​នោះ​ត្រូវ​កាន់​ច្បាប់​ទម្លាប់​អ្វី​ខ្លះ តើ​វា​ត្រូវ​រស់​នៅ​របៀប​ណា?»។ ទេវតា​របស់​ព្រះ‌អម្ចាស់​តប​មក​លោក​ម៉ាណូអា​វិញ​ថា៖ «ប្រពន្ធ​របស់​អ្នក​ត្រូវ​តម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់ នាង​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង‌បាយជូរ មិន​ត្រូវ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ដែរ។ នាង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់»។ លោក​ម៉ាណូអា​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់​ថា៖ «សូម​លោក​មេត្តា​រង់‌ចាំ​នៅ​ទី​នេះ​សិន​ហើយ យើង​ខ្ញុំ​ទៅ​រៀបចំ​កូន​ពពែ​មួយ​ជូន​លោក»។ ទេវតា​ឆ្លើយ​ថា៖ «ទោះ​បី​យើង​នៅ ក៏​យើង​មិន​បរិភោគ​អាហារ​ដែល​អ្នក​រៀបចំ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះ‌អម្ចាស់ ចូរ​ធ្វើ​ចុះ!»។ លោក​ម៉ាណូអា​ពុំ​ដឹង​ថា​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់​ទេ គាត់​ក៏​សួរ​ថា៖ «តើ​លោក​ឈ្មោះ​អី សូម​មេត្តា​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផង ដើម្បី​ឲ្យ​យើង​ខ្ញុំ​អាច​ដឹង​គុណ​លោក នៅ​ពេល​ហេតុ‌ការណ៍​នោះ​កើត​មាន តាម​ពាក្យ​របស់​លោក»។ ទេវតា​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ស្គាល់​ឈ្មោះ​យើង​ដូច្នេះ? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។ បន្ទាប់​មក លោក​ម៉ាណូអា​ក៏​យក​កូន​ពពែ និង​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ មក​ដុត​នៅ​លើ​ថ្ម ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។ ពេល​លោក​ម៉ាណូអា និង​ភរិយា​កំពុង​អង្គុយ​សម្លឹង​មើល ស្រាប់​តែ​មាន​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​មួយ គឺ​ក្នុង​ពេល​អណ្ដាត​ភ្លើង​ឆេះ​ពី​អាសនៈ​ឡើង​ទៅ​លើ​មេឃ ទេវតា​របស់​ព្រះ‌អម្ចាស់​ក៏​ឡើង​ទៅ​ជា​មួយ​អណ្ដាត​ភ្លើង​នោះ​ដែរ។ ឃើញ​ដូច្នេះ លោក​ម៉ាណូអា និង​ភរិយា​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ កាល​អ្នក​ទាំង​ពីរ​មើល​ទេវតា​របស់​ព្រះ‌អម្ចាស់​លែង​ឃើញ​ទៀត ទើប​លោក​ម៉ាណូអា​ដឹង​ថា​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់ ហើយ​គាត់​ក៏​ពោល​ទៅ​កាន់​ភរិយា​ថា៖ «យើង​ប្រាកដ​ជា​ស្លាប់​ហើយ ព្រោះ​យើង​បាន​ឃើញ​ព្រះ‌ជាម្ចាស់»។ ភរិយា​របស់​គាត់​ក៏​ឆ្លើយ​ថា៖ «ប្រសិន​បើ​ព្រះ‌អម្ចាស់​ចង់​ឲ្យ​យើង​ស្លាប់​មែន​នោះ ព្រះអង្គ​មិន​ទទួល​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​យើង​ទេ ហើយ​ក៏​មិន​សម្តែង​ការ​អស្ចារ្យ​ទាំង​នេះ​ឲ្យ​យើង​ឃើញ ព្រម​ទាំង​ប្រាប់​យើង​ពី​អ្វីៗ​ដែល​យើង​បាន​ឮ​នេះ​ដែរ»។ ភរិយា​របស់​លោក​ម៉ាណូអា​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា សាំសុន។ កូន​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង ហើយ​ព្រះ‌អម្ចាស់​ប្រទាន​ពរ​លោក។

ចែក​រំលែក
អាន ចៅហ្វាយ 13

ចៅហ្វាយ 13:2-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ មាន​បុរស​ម្នាក់​នៅ​សូរ៉ាស់ ក្នុង​កុល​សម្ព័ន្ធ​ដាន់ ឈ្មោះ​ម៉ាណូ‌អា។ ប្រពន្ធ​របស់​គាត់​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ។ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​ប្រពន្ធ​គាត់​ឃើញ ហើយ​ប្រាប់​ថា៖ «មើល៍ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ តែ​នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ដូច្នេះ ចូរ​ប្រយ័ត្ន កុំ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ដែរ ដ្បិត​មើល៍ នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ មិន​ត្រូវ​យក​កាំបិត​កោរ​សក់​វា​ឡើយ ព្រោះ​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ណា‌សារីត ថ្វាយ​ព្រះ​តាំង​ពី​ផ្ទៃ​ម្តាយ ហើយ​កូន​នោះ​នឹង​ចាប់​ផ្ដើម​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។ ដូច្នេះ ស្ត្រី​នោះ​ក៏​ទៅ​ប្រាប់​ប្តី​ថា៖ «មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​បាន​មក​ជួប​ខ្ញុំ លោក​មាន​ភិនភាគ​មើល​ទៅ​ដូច​ជា​ទេវតា​របស់​ព្រះ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ ខ្ញុំ​មិន​បាន​សួរ​ថា​លោក​មក​ពី​ណា​ទេ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ខ្ញុំ​ដែរ តែ​លោក​ប្រាប់​ខ្ញុំ​ថា "មើល៍ នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ដូច្នេះ កុំ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ដែរ ដ្បិត​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ណា‌សារីត ថ្វាយ​ព្រះ​តាំង​ពី​ក្នុង​ផ្ទៃ រហូត​ដល់​ថ្ងៃ​ស្លាប់"»។ ពេល​នោះ ម៉ាណូ‌អា​ក៏អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក​នោះ បាន​មក​ជួប​យើង​ខ្ញុំ​ម្តង​ទៀត ដើម្បីបង្រៀន​យើង​ខ្ញុំ​អំពី​ការដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។ ព្រះ​ក៏​ស្តាប់​តាម​ពាក្យ​របស់​ម៉ាណូ‌អា ហើយ​ទេវតា​របស់​ព្រះ​ក៏​មក​ជួប​ស្ត្រី​នោះ​ម្តង​ទៀត ក្នុង​ពេល​ដែល​នាង​កំពុង​អង្គុយ​នៅ​ចម្ការ តែ​ម៉ាណូ‌អា​ប្តី​របស់​នាង មិន​បាន​នៅ​ជា​មួយ​ទេ។ ដូច្នេះ ស្ដ្រី​នោះ​ក៏​រត់យ៉ាង​ប្រញាប់​ប្រញាល់​ទៅ​ប្រាប់​ប្តី​ថា៖ «មើល៍ បុរស​ដែល​បាន​មកជួប​ខ្ញុំ​ពី​ថ្ងៃ​មុន បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ទៀត​ហើយ»។ ដូច្នេះ ម៉ាណូ‌អា​ក៏​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ​ទៅ​រក​បុរស​នោះ ហើយ​សួរ​ថា៖ «តើ​លោក​ឬ ដែល​បាន​និយាយ​មក​កាន់​ប្រពន្ធ​ខ្ញុំ?» ទេវតា​ក៏ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ម៉ាណូ‌អា​សួរ​ថា៖ «ដូច្នេះ នៅ​ពេល​ពាក្យ​របស់​លោក​បាន​សម្រេច តើ​កូន​នោះ​ត្រូវ​រស់​នៅ​បែប​ណា ហើយ​តើ​កូន​នោះ​ត្រូវ​ធ្វើ​អ្វី?»។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ម៉ាណូអា​ថា៖ «នាង​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់ គឺ​មិន​ត្រូវ​ឲ្យ​នាង​បរិ‌ភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង‌បាយ‌ជូរ ក៏​មិន​ត្រូវ​ឲ្យ​នាង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា ឬ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ឡើយ ត្រូវ​ឲ្យ​នាង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់»។ ម៉ាណូ‌អាពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «សូម​លោក​មេត្តា​កុំ​ទាន់​អញ្ជើញ​ទៅ យើង​ខ្ញុំ​នឹង​រៀបចំ​កូន​ពពែ​មួយ​ជូន​លោក»។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ប្រកែក​ថា៖ «ទោះ​បើ​អ្នក​ឃាត់​យើង ក៏​យើង​មិន​បរិ‌ភោគ​ម្ហូប​របស់​អ្នក​ដែរ។ ប៉ុន្ដែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត នោះ​ចូរ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ!» (ដ្បិត​ម៉ាណូ‌អាមិន​ដឹងថា លោក​ជា​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ទេ)។ ម៉ាណូ‌អា​សួរ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​លោក​ឈ្មោះ​អី ដើម្បី​កាល​ណា​ពាក្យ​របស់​លោក​បាន​សម្រេច នោះ​យើង​ខ្ញុំ​បាន​លើក​សរសើរ​នាម​របស់​លោក?» ប៉ុន្ដែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ឈ្មោះ​យើង? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។ ដូច្នេះ ម៉ាណូ‌អា​ក៏​យក​កូន​ពពែ និង​តង្វាយ​ម្សៅ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​លើ​ថ្ម រួច​ទេវតា​នោះ​ក៏ធ្វើ​ការ​អស្ចារ្យ ឯ​ម៉ាណូ‌អា និង​ប្រពន្ធ​កំពុង​តាម​មើល។ កាល​អណ្ដាត​ភ្លើង​បាន​ឆេះ​ពី​អាសនា​ឡើង​ទៅ​លើ​មេឃ នោះ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ហោះ​ឡើង​ទៅ​ក្នុង​អណ្ដាត​ភ្លើង ដែល​ឆេះនៅ​លើ​អាសនា​នោះ​ទៅ។ ឯ​ម៉ាណូ‌អា និង​ប្រពន្ធ​ដែល​កំពុង​តាម​មើល​នោះ ក៏នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ តាំង​ពី​នោះ​មក ទេវតា​របស់​ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​ម៉ាណូ‌អា ឬ​ប្រពន្ធ​គាត់​ឃើញ​ទៀត​ឡើយ ដូច្នេះ ម៉ាណូ‌អា​ក៏​ដឹង​ថា ជា​ទេវតា​របស់​ព្រះ‌យេហូវ៉ា។ ម៉ាណូ​អា​ពោល​ទៅ​កាន់​ប្រពន្ធ​ថា៖ «យើង​នឹង​ស្លាប់​ជា​ប្រាកដ ព្រោះ​យើង​បាន​ឃើញ​ព្រះ»។ ប៉ុន្ដែ ប្រពន្ធគាត់​ឆ្លើយ​ថា៖ «ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សម្លាប់​យើង នោះ​ព្រះ‌អង្គ​មិន​បាន​ទទួល​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​ពី​ដៃ​យើង​ទេ ក៏​មិន​បាន​ឲ្យ​យើង​ឃើញ​ការ​ទាំង​អស់​នេះ ឬ​ប្រាប់​សេចក្ដី​យ៉ាង​នេះ ឲ្យ​យើង​ដឹង​ដូច្នេះ​ដែរ»។ ស្ត្រី​នោះ​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ ដាក់​ឈ្មោះ​ថា សាំសុន កូន​នោះ​ក៏​មាន​វ័យ​ធំ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​គាត់។

ចែក​រំលែក
អាន ចៅហ្វាយ 13

ចៅហ្វាយ 13:2-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ មាន​មនុស្ស​ម្នាក់​នៅ​ត្រង់​សូរ៉ាស់ ក្នុង​ពួក​គ្រួ​ដាន់ ឈ្មោះ​ម៉ាណូអា ប្រពន្ធ​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ប្រពន្ធ​គាត់​ឃើញ ហើយ​ប្រាប់​ថា មើល​ឥឡូវ​នេះ ឯង​ជា​ស្ត្រី​អារ​គ្មាន​កូន តែ​ឯង​នឹង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​វិញ ដូច្នេះ​ចូរ​ប្រយ័ត កុំ​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ដែរ ដ្បិត​មើល ឯង​នឹង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស តែ​មិន​ត្រូវ​យក​កាំបិត​កោរ​សក់​វា​ឡើយ ពី​ព្រោះ​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ន៉ាសារីត ថ្វាយ​ព្រះ​តាំង​ពី​ផ្ទៃ​ម្តាយ​មក វា​នឹង​ចាប់​តាំង​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ដូច្នេះ​នាង​ក៏​ទៅ​ប្រាប់​ដល់​ប្ដី​ថា មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​បាន​មក​ឯ​ខ្ញុំ អ្នក​នោះ​មាន​ភាព​មើល​ទៅ​ដូច​ជា​ទេវតា​នៃ​ព្រះ គួរ​ឲ្យ​ស្ញែង​ខ្លាច តែ​ខ្ញុំ​មិន​បាន​សួរ​ដែល​លោក​មក​ពី​ណា​ទេ លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ដល់​ខ្ញុំ​ដែរ តែ​បាន​ប្រាប់​ខ្ញុំ​ថា មើល ឯង​នឹង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ ឥឡូវ​នេះ កុំ​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ផង ដ្បិត​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ន៉ាសារីត ថ្វាយ​ព្រះ​តាំង​ពី​ក្នុង​ផ្ទៃ​មក ដរាប​ដល់​ថ្ងៃ​ស្លាប់។ ដូច្នេះ​ម៉ាណូអា​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​អ្នក​សំណប់​របស់​ព្រះ ដែល​ទ្រង់​បាន​ចាត់​មក​ឯ​យើង​ខ្ញុំ​នោះ បាន​មក​ម្តង​ទៀត ដើម្បី​នឹង​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ពី​ការ ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​ត្រូវ​កើត​មក​នោះ ព្រះ‌ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​របស់​ម៉ាណូអា ទេវតា​នៃ​ព្រះ​ក៏​មក​ឯ​នាង​ម្តង​ទៀត ក្នុង​កាល​ដែល​នាង​កំពុង​អង្គុយ​នៅ​ចំការ តែ​ម៉ាណូអា​ជា​ប្ដី មិន​បាន​នៅ​ជា​មួយ​នឹង​នាង​ទេ នោះ​នាង​ក៏​រត់​ទៅ​ជា​ប្រញាប់​ប្រាប់​ប្ដី​ថា មើល អ្នក​ដែល​បាន​មក​ឯ​ខ្ញុំ​ពី​ថ្ងៃ​មុន បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ទៀត​ហើយ ដូច្នេះ​ម៉ាណូអា​ក៏​ក្រោក​ឡើង​ដើរ​តាម​ប្រពន្ធ​ទៅ​ឯ​អ្នក​នោះ​សួរ​ថា តើ​លោក​ឬ​អី ដែល​បាន​និយាយ​នឹង​នាង​នេះ ទេវតា​ឆ្លើយ​ថា អើ​មែន​ហើយ ម៉ាណូអា​សួរ​ថា ដូច្នេះ​កាល​ណា​ពាក្យ​លោក​បាន​សំរេច​ហើយ នោះ​តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​របៀប​យ៉ាង​ណា ហើយ​ប្រព្រឹត្ត​ចំពោះ​កូន​នោះ​ជា​យ៉ាង​ដូច​ម្តេច​ទៅ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆ្លើយ​ថា ត្រូវ​ឲ្យ​នាង​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​គ្រប់​សេចក្ដី ដែល​អញ​បាន​ប្រាប់​ហើយ​នោះ គឺ​មិន​ត្រូវ​ឲ្យ​បរិភោគ​អ្វី​ដែល​កើត​ពី​ដើម​ទំពាំង‌បាយ‌ជូរ​ឡើយ ក៏​មិន​ត្រូវ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា ឬ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ផង ត្រូវ​ឲ្យ​នាង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បាន​បង្គាប់​ហើយ។ គ្រា​នោះ ម៉ាណូអា​ទូល​ទៅ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​សូម​ឃាត់​លោក​បន្តិច ដើម្បី​នឹង​ចាត់‌ចែង​រៀបចំ​កូន​ពពែ​១​ជូន​លោក តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រកែក​ថា ទោះ​បើ​ឯង​ឃាត់​អញ ក៏​អញ​មិន​បរិភោគ​ម្ហូប​របស់​ឯង​ដែរ បើ​ឯង​ចង់​ថ្វាយ​ដង្វាយ​ដុត នោះ​ត្រូវ​តែ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ ឯ​ម៉ាណូអា គាត់​មិន​ដឹង​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទេ ក៏​សួរ​ថា តើ​លោក​មាន​នាម​ដូច​ម្តេច ដើម្បី​កាល​ណា​បាន​សំរេច​ដូច​ជា​ពាក្យ​លោក នោះ​ឲ្យ​យើង​ខ្ញុំ​បាន​លើក​សរសើរ​ដល់​នាម​លោក​ផង តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ថា ហេតុ​អ្វី​បាន​ជា​ឯង​សួរ​រក​ឈ្មោះ​អញ ដ្បិត​ឈ្មោះ​អញ​នេះ​ប្លែក​អស្ចារ្យ ដូច្នេះ​ម៉ាណូអា​គាត់​យក​កូន​ពពែ នឹង​ដង្វាយ​ម្សៅ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​លើ​ថ្ម រួច​ទេវតា​ក៏​ធ្វើ​យ៉ាង​អស្ចារ្យ ក្នុង​ខណៈ​ដែល​ម៉ាណូអា នឹង​ប្រពន្ធ​កំពុង​មើល គឺ​កាល​អណ្តាត​ភ្លើង​បាន​ឆេះ​ពី​លើ​អាសនា​ឡើង នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ហោះ​ឡើង​ទៅ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​លើ​អាសនា​នោះ​ទៅ ឯ​ម៉ាណូអា នឹង​ប្រពន្ធ​ក៏​មើល រួច​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​ទាំង​២​នាក់។ តាំង​ពី​នោះ​មក ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​ម៉ាណូអា ឬ​ប្រពន្ធ​គាត់​ឃើញ​ទៀត​ឡើយ ដូច្នេះ ម៉ាណូអា​ក៏​ដឹង​ថា​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា រួច​ប្រាប់​ប្រពន្ធ​ថា យើង​នឹង​ស្លាប់​ជា​ប្រាកដ ពី​ព្រោះ​យើង​បាន​ឃើញ​ព្រះ​ហើយ តែ​ប្រពន្ធ​ឆ្លើយ​ថា បើ​សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​សំឡាប់​យើង នោះ​ទ្រង់​មិន​បាន​ទទួល​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ​ពី​ដៃ​យើង​ដូច្នេះ​ទេ ក៏​មិន​បាន​ឲ្យ​យើង​ឃើញ​អស់​ទាំង​ការ​នេះ ឬ​ប្រាប់​សេចក្ដី​យ៉ាង​នេះ ឲ្យ​យើង​ដឹង​នៅ​វេលា​នេះ​ដែរ។ នាង​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ ឲ្យ​ឈ្មោះ​ថា សាំសុន កូន​នោះ​ក៏​មាន​វ័យ​ធំ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ឲ្យ

ចែក​រំលែក
អាន ចៅហ្វាយ 13