នៅឆ្នាំដែលព្រះបាទអ៊ូសៀសសោយទិវង្គត ខ្ញុំបានឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយព្រះភូសារបស់ព្រះអង្គលាតពេញក្នុងព្រះវិហារ។ នៅពីលើព្រះអង្គ មានពពួកសេរភីម*។ សេរភីមនីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។ សេរភីមទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ គឺព្រះអម្ចាស់នៃពិភពទាំងមូល! ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!»។ ព្រះសូរសៀងរបស់ព្រះអង្គធ្វើឲ្យកក្រើកទ្វារព្រះវិហារ ហើយមានផ្សែងហុយពេញព្រះដំណាក់។ ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ* ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់នៃពិភពទាំងមូល»។ ខណៈនោះ សេរភីមមួយហើរមករកខ្ញុំ ទាំងកាន់តង្កៀបកៀបរងើកភ្លើងពីអាសនៈមកជាមួយផង រួចយករងើកភ្លើងនោះមកប៉ះមាត់ខ្ញុំ ទាំងប្រាប់ថា៖ «ដោយរងើកភ្លើងនេះប៉ះបបូរមាត់ លោកដូច្នេះ ព្រះអម្ចាស់លើកលែងទោសឲ្យលោក ព្រះអង្គដកបាបចេញពីលោកហើយ»។ បន្ទាប់មក ខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ តើនរណានឹងនាំពាក្យរបស់យើង?»។ ខ្ញុំទូលឆ្លើយថា៖ «ទូលបង្គំនៅទីនេះស្រាប់ហើយ! សូមព្រះអង្គចាត់ទូលបង្គំចុះ!»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ទៅចុះ! ចូរទៅប្រាប់ប្រជាជននេះថា ទោះបីអ្នករាល់គ្នាខំប្រឹងស្ដាប់ ក៏អ្នករាល់គ្នាមិនយល់ ទោះបីអ្នករាល់គ្នាខំប្រឹងមើល ក៏អ្នករាល់គ្នាមិនឃើញដែរ។ ចូរធ្វើឲ្យប្រជាជននេះមានចិត្តរឹងរូស ចូរធ្វើឲ្យត្រចៀកគេធ្ងន់ ចូរបិទភ្នែកគេ កុំឲ្យមើលឃើញ កុំឲ្យត្រចៀកគេស្ដាប់ឮ កុំឲ្យប្រាជ្ញារបស់គេស្វែងយល់បាន ក្រែងលោគេប្រែចិត្តគំនិត ហើយយើងនឹងប្រោសគេឲ្យបានជា!»។ ខ្ញុំទូលថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំត្រូវថ្លែងដូច្នេះរហូតដល់ពេលណា?» ព្រះអង្គតបមកវិញថា៖ «រហូតដល់ទីក្រុងវិនាសហិនហោចអស់ លែងមានមនុស្សក្នុងក្រុង ក្នុងផ្ទះក៏លែងមានមនុស្សនៅ គឺរហូតដល់ទឹកដីវិនាសអន្តរាយអស់»។ ព្រះអម្ចាស់នឹងបណ្ដេញមនុស្សម្នាចេញពីទីនោះ ហើយនៅក្នុងស្រុក មានដីជាច្រើន ដែលត្រូវគេបោះបង់ចោល។ ទោះបីនៅសល់ប្រជាជនតែមួយភាគដប់ ក៏ពួកគេនឹងត្រូវភ្លើងឆេះដែរ ដូចដើមពោធិ និងដើមជ្រៃដែលគេកាប់ចោល នៅសល់តែគល់។ ប៉ុន្តែ នឹងមានពន្លកដ៏វិសុទ្ធ ដុះចេញពីគល់នោះ។
អាន អេសាយ 6
ស្ដាប់នូវ អេសាយ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 6:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ