អេសាយ 6:1-13

អេសាយ 6:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​តម្កើង​ឡើង ឯ​រំភាយ​ព្រះ‌ពស្ត្រ​សាយ​មក​ពេញ​ក្នុង​ព្រះ‌វិហារ។ នៅ​ពី​លើ​ព្រះ‌អង្គ​មាន​ពួក​សេរភីម គ្រប់​គ្នា​មាន​ស្លាប​ប្រាំមួយ ក៏​បាំង​មុខ​ដោយ​ស្លាប​ពីរ បាំង​ជើង​ដោយ​ស្លាប​ពីរ ហើយ​ប្រើ​ពីរ​សម្រាប់​ហើរ។ មួយ​បន្លឺ​ទៅ​កាន់​មួយ​ថា៖ «បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ»។ ក្រប​ទ្វារ​ក៏​ញ័រ ដោយ​សូរ​សំឡេង​សេរភីម​ដែល​បន្លឺ​នោះ ហើយ​មាន​ផ្សែង​ពេញ​ព្រះដំណាក់។ នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។ ខណៈ​នោះ សេរ‌ភីម​មួយ​បាន​ហើរ​មក​ឯ​ខ្ញុំ ដៃ​កាន់​រងើក​ភ្លើង​ដែល​បាន​យក​ពី​អាស‌នា​ដោយ​ដង្កៀប មក​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា៖ «នែ​រងើក​នេះ​បាន​ប៉ះ​នឹង​បបូរ​មាត់​អ្នក​ហើយ អំពើ​ទុច្ចរិត​របស់​អ្នក​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ដែរ»។ បន្ទាប់មក ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ? តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​យើង?» ខ្ញុំ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល‌បង្គំ​ចុះ!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ចូរ​ទៅ​ប្រាប់​ជន​ជាតិ​នេះ​ថា អ្នក​រាល់​គ្នា​ស្តាប់ តែ​ឥត​យល់ ហើយ​មើល តែ​ឥត​ដឹង​ឡើយ។ ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​របស់​ជន​ជាតិ​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បាំង​ភ្នែក​គេ ក្រែង​ភ្នែក​គេ​មើល​ឃើញ ត្រចៀក​ស្តាប់​ឮ ហើយ​ប្រាជ្ញា​យល់ រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា»។ ខ្ញុំ​ទូល​សួរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ តើ​ដល់​យូរ​ប៉ុន្មាន​ទៅ» រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គឺ​ដរាប​ដល់​កាល​ណា​ទី​ក្រុង​ទាំង​ប៉ុន្មាន ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​សោះ ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ឥត​មាន​មនុស្ស​ដរាប​ដល់​ស្រុក​នេះ បាន​ទៅ​ជា​ទី​ស្ងាត់​ឈឹង​ទាំង​អស់​ទៅ។ ហើយ​ដរាប​ដល់​វេលា​ណា​ដែល​ព្រះ‌យេហូវ៉ា បាន​រើ​យក​មនុស្ស​ទាំង‌ឡាយ​ចេញ​ទៅ​ឯ​ទី​ឆ្ងាយ ហើយ​មាន​កន្លែង​ច្រើន​ត្រូវ​ចោល​ស្ងាត់ នៅ​កណ្ដាល​ស្រុក។ ទោះ​បើ​មាន​មួយ​ភាគ​ក្នុង​ដប់​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល និង​ដើម​ម៉ៃសាក់ ដែល​នៅ​សល់​គល់​ក្រោយ​គេ​កាប់​រំលំ​ហើយ» គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។

ចែក​រំលែក
អាន អេសាយ 6

អេសាយ 6:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អ៊ូសៀស​សោយ​ទិវង្គត ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​ព្រះ‌ភូសា​របស់​ព្រះអង្គ​លាត​ពេញ​ក្នុង​ព្រះ‌វិហារ។ នៅ​ពី​លើ​ព្រះអង្គ មាន​ពពួក​សេរភីម*។ សេរភីម​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។ សេរភីម​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល! ផែនដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ!»។ ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​កក្រើក​ទ្វារ​ព្រះ‌វិហារ ហើយ​មាន​ផ្សែង​ហុយ​ពេញ​ព្រះ‌ដំណាក់។ ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ* ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ព្រះ‌មហា‌ក្សត្រ ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ខណៈ​នោះ សេរភីម​មួយ​ហើរ​មក​រក​ខ្ញុំ ទាំង​កាន់​តង្កៀប​កៀប​រងើក​ភ្លើង​ពី​អាសនៈ​មក​ជា​មួយ​ផង រួច​យក​រងើក​ភ្លើង​នោះ​មក​ប៉ះ​មាត់​ខ្ញុំ ទាំង​ប្រាប់​ថា៖ «ដោយ​រងើក​ភ្លើង​នេះ​ប៉ះ​បបូរ​មាត់ លោក​ដូច្នេះ ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ​លោក ព្រះអង្គ​ដក​បាប​ចេញ​ពី​លោក​ហើយ»។ បន្ទាប់​មក ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង?»។ ខ្ញុំ​ទូល​ឆ្លើយ​ថា៖ «ទូលបង្គំ​នៅ​ទី​នេះ​ស្រាប់​ហើយ! សូម​ព្រះអង្គ​ចាត់​ទូលបង្គំ​ចុះ!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ! ចូរ​ទៅ​ប្រាប់​ប្រជា‌ជន​នេះ​ថា ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ស្ដាប់ ក៏​អ្នក​រាល់​គ្នា​មិន​យល់ ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​មើល ក៏​អ្នក​រាល់​គ្នា​មិន​ឃើញ​ដែរ។ ចូរ​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​មាន​ចិត្ត​រឹង‌រូស ចូរ​ធ្វើ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បិទ​ភ្នែក​គេ កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ឮ កុំ​ឲ្យ​ប្រាជ្ញា​របស់​គេ​ស្វែង​យល់​បាន ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា!»។ ខ្ញុំ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ត្រូវ​ថ្លែង​ដូច្នេះ​រហូត​ដល់​ពេល​ណា?» ព្រះអង្គ​តប​មក​វិញ​ថា៖ «រហូត​ដល់​ទីក្រុង​វិនាស​ហិន‌ហោច​អស់ លែង​មាន​មនុស្ស​ក្នុង​ក្រុង ក្នុង​ផ្ទះ​ក៏​លែង​មាន​មនុស្ស​នៅ គឺ​រហូត​ដល់​ទឹក​ដី​វិនាស​អន្តរាយ​អស់»។ ព្រះ‌អម្ចាស់​នឹង​បណ្ដេញ​មនុស្ស‌ម្នា​ចេញ​ពី​ទី​នោះ ហើយ​នៅ​ក្នុង​ស្រុក មាន​ដី​ជា​ច្រើន ដែល​ត្រូវ​គេ​បោះ​បង់​ចោល។ ទោះ​បី​នៅ​សល់​ប្រជា‌ជន​តែ​មួយ​ភាគ​ដប់ ក៏​ពួក​គេ​នឹង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដូច​ដើម​ពោធិ និង​ដើម​ជ្រៃ​ដែល​គេ​កាប់​ចោល នៅ​សល់​តែ​គល់។ ប៉ុន្តែ នឹង​មាន​ពន្លក​ដ៏វិសុទ្ធ ដុះ​ចេញ​ពី​គល់​នោះ។

ចែក​រំលែក
អាន អេសាយ 6

អេសាយ 6:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​ទ្រង់​បាន​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​ទ្រង់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​ដំកើង​ឡើង ឯ​រំភាយ​ព្រះ‌ពស្ត្រ​ទ្រង់​សាយ​មក​ពេញ​ក្នុង​ព្រះ‌វិហារ នៅ​ពី​លើ​ទ្រង់​មាន​ពួក​សេរភីម គ្រប់​គ្នា​មាន​ស្លាប​៦ ក៏​បាំង​មុខ​ដោយ​ស្លាប​២ បាំង​ជើង​ដោយ​ស្លាប​២ ហើយ​ប្រើ​២​សំរាប់​ហើរ មួយ​បន្លឺ​ទៅ​កាន់​១​ថា បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ទ្រង់ ក្រប​ទ្វារ​ក៏​ញ័រ ដោយ​សូរ​សំឡេង​នៃ​សេរភីម​ដែល​បន្លឺ​នោះ ហើយ​ព្រះ‌វិហារ​បាន​ពេញ​ទៅ​ដោយ​ផ្សែង នោះ​ខ្ញុំ​ពោល​ថា វរ‌ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្តាល​បណ្តា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ខណៈ​នោះ សេរ‌ភីម​១​បាន​ហើរ​មក​ឯ​ខ្ញុំ ដៃ​កាន់​រងើក​ភ្លើង​ដែល​បាន​យក​ពី​អាសនា​ដោយ​ដង្កៀប ក៏​ឲ្យ​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា នែ​រងើក​នេះ​បាន​ប៉ះ​នឹង​បបូរ​មាត់​អ្នក​ហើយ ឯ​សេចក្ដី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង។ រួច​ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​បន្ទូល​មក​ថា តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ រួច​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​ដល់​ជន‌ជាតិ​នេះ​ថា ចូរ​ឯង​រាល់​គ្នា​ស្តាប់​ចុះ តែ​ឥត​យល់ ហើយ​មើល​ផង តែ​ឥត​ដឹង​ឡើយ ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​នៃ​ជន‌ជាតិ​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បាំង​ភ្នែក​គេ ក្រែង​គេ​មើល​ឃើញ ដោយ​ភ្នែក ស្តាប់​ឮ​ដោយ​ត្រចៀក ហើយ​យល់ ដោយ​ចិត្ត រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា នោះ​ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ដល់​យូរ​ប៉ុន្មាន​ទៅ រួច​ទ្រង់​មាន​បន្ទូល​តប​ថា គឺ​ដរាប​ដល់​កាល​ណា​ទី​ក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​សោះ ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ឥត​មាន​មនុស្ស​ដរាប​ដល់​ស្រុក​នេះ បាន​ទៅ​ជា​ទី​ស្ងាត់​ឈឹង​ទាំង​អស់​ទៅ ហើយ​ដរាប​ដល់​វេលា​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​រើ​យក​មនុស្ស​ទាំង‌ឡាយ​ចេញ​ទៅ​ឯ​ទី​ឆ្ងាយ ហើយ​មាន​កន្លែង​ច្រើន​ត្រូវ​ចោល​ស្ងាត់​នៅ​កណ្តាល​ស្រុក នោះ ទោះ​បើ​មាន​១​ភាគ​ក្នុង​១០​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល ហើយ​នឹង​ដើម​ម៉ៃសាក់​ដែល​សល់​នៅ តែ​គល់​ក្រោយ​ដែល​គេ​កាប់​រំលំ​ហើយ គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។

ចែក​រំលែក
អាន អេសាយ 6