អេសាយ 50:1-11

អេសាយ 50:1-11 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: លិខិត​បញ្ជាក់​ថា យើង​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា​នៅ​ឯ​ណា? តើ​យើង​លក់​អ្នក​រាល់​គ្នា ដើម្បី​សង​បំណុល​នរណា? យើង​បាន​លក់​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​បាន​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​បះ‌បោរ! ពេល​យើង​មក ហេតុ​អ្វី​បាន​ជា​មិន​ឃើញ មាន​នរណា​ម្នាក់​ដូច្នេះ? យើង​បាន​ស្រែក​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ? តើ​ដៃ​របស់​យើង​ខ្លី​ពេក រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ? តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង អ្នក​រាល់​គ្នា​ឬ? ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់ ព្រោះ​គ្មាន​ទឹក។ យើង​អាច​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹត ព្រម​ទាំង​ធ្វើ​ឲ្យ​វា​អាប់‌អួ ដូច​កាន់​ទុក្ខ​ទៀត​ផង។ ព្រះ‌ជា‌អម្ចាស់​បង្រៀន​ខ្ញុំ​ឲ្យ​និយាយ ពាក្យ​សម្ដី​ជា​សិស្ស ដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្ត មនុស្ស​ដែល​អស់​សង្ឃឹម។ រៀង​រាល់​ព្រឹក ព្រះអង្គ​រំឭក​ដាស់‌តឿន​ខ្ញុំ ហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។ ព្រះ‌ជា‌អម្ចាស់​ណែ‌នាំ​ខ្ញុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​បះ‌បោរ​ប្រឆាំង ឬ​ដក​ខ្លួន​ថយ​ក្រោយ​ឡើយ។ ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​ឲ្យ​អ្នក​ដែល​ចង់​វាយ​ខ្ញុំ ខ្ញុំ​បាន​បែរ​មុខ​ទៅ​ឲ្យ​អ្នក​ដែល​ចង់ បោច​ពុក​ចង្កា​របស់​ខ្ញុំ ពេល​គេ​ប្រមាថ​មើល‌ងាយ និង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ ខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។ ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខ ខ្ញុំ​រក្សា​ទឹក​មុខ​រឹង‌ប៉ឹង ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​ឡើយ។ ព្រះអង្គ​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​គង់​នៅ​ក្បែរ​ខ្ញុំ តើ​នរណា​ចង់​ប្ដឹង​ខ្ញុំ? សុំ​អញ្ជើញ​មក យើង​ទៅ​តុលាការ​ជា​មួយ​គ្នា! តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ សុំ​អញ្ជើញ​មក​ជួប​ខ្ញុំ​ចុះ! មែន​ហើយ! ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំ តើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ? ពួក​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មុខ​ជា​ត្រូវ​ហិន‌ហោច ដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បម្រើ​របស់​ព្រះអង្គ បើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹត ហើយ​មិន​ឃើញ​ពន្លឺ​ទេ អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ចុះ! រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​បង្កាត់​ភ្លើង ហើយ​ដុត​ព្រួញ​ភ្លើង អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ ព្រួញ​ភ្លើង​ដែល​អ្នក​រាល់​គ្នា​ដុត ក៏​នឹង​ឆាប‌ឆេះ​អ្នក​រាល់​គ្នា​ដែរ។ យើង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ដៃ​យើង​ផ្ទាល់ ហើយ​អ្នក​រាល់​គ្នា នឹង​ត្រូវ​ស្លាប់​យ៉ាង​សែន​វេទនា។