អេសាយ 50:1-11

អេសាយ 50:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​សំបុត្រ​លះ‌លែង​ដែល​យើង​ឲ្យ​ដល់​ម្តាយ​អ្នក ដើម្បី​បណ្តេញ​ចេញ​នោះ​នៅ​ឯ​ណា? តើ​យើង​បាន​លក់​អ្នក​ដល់​ម្ចាស់​បំណុល របស់​យើង​ណា​មួយ តើ​អ្នក​ណា​ដែល​យើង​លក់អ្នក​ទៅ​នោះ? គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​អ្នក​ទេ ដែល​យើង​លក់​អ្នក ហើយ​ដែល​ម្តាយ​អ្នក​ត្រូវ​បណ្តេញ​ចេញ ក៏​ដោយ​ព្រោះ​អំពើ​រំលង​អ្នក​រាល់​គ្នា​ដែរ ពេល​យើង​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ? ពេលយើង​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប? តើ​ដៃ​របស់​យើង​រួញ​ខ្លី​ជួយ​លោះ​អ្នក​មិន​បាន​ឬ? តើ​យើង​គ្មាន​អំណាច​នឹង​រំ​ដោះ​ឲ្យ​រួច​ទេ​ឬ? ពេល​ណា​យើងគំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ហើយ​ទន្លេ​ហួត‌ហែង​ដែរ ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​ស្លាប់​ទៅ​ដោយ​ស្រេក។ យើង​បំពាក់​ផ្ទៃ​មេឃ​ដោយ​ពពក​ខ្មៅ ហើយ​ក៏​ដណ្តប់​ដោយ​សំពត់​ធ្មៃ​ផង។ ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី និង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង ព្រះ‌អង្គ​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ព្រះ‌អង្គ​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន​សូត្រ។ ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង​ចចេស ឬ​បែរ​ក្រោយ​ឡើយ។ ខ្ញុំ​បាន​ប្រគល់​ខ្នង​ទៅ​ឲ្យ​ពួក​អ្នក​ដែល​វាយ ហើយ​ថ្ពាល់​ខ្ញុំ​ទៅ​ឲ្យ​ពួក​ដែល​បោច​ពុក​ចង្កា ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស ឬ​ពី​ការ​ស្តោះ​ទឹក​មាត់​ទេ។ ព្រះ​យេហូវ៉ា​នឹង​ជួយ​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​ត្រូវ​ជ្រប់​មុខ ហើយ​ដោយ​ហេតុ​នោះ ខ្ញុំ​បាន​រក្សា​ទឹក​មុខ​រឹង​មាំ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ឡើយ ព្រះ​ដែល​តាំង​ខ្ញុំ​ជា​សុចរិត ព្រះ‌អង្គ​គង់​នៅ​ជិត តើ​អ្នក​ណា​នឹង​តវ៉ា​ចំពោះ​ខ្ញុំ​ទៀត? ចូរ​យើង​ឈរ​ឡើង​ជា‌មួយ​គ្នា តើ​អ្នក​ណា​ដែល​ទំនាស់​នឹង​ខ្ញុំ? ត្រូវ​ឲ្យ​អ្នក​នោះ​ចូល​មក​ជិត​ខ្ញុំ​ចុះ។ មើល៍ ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ជួយ​ខ្ញុំ តើ​អ្នក​ណា​នឹង​ពោល​ទោស​ខ្ញុំ​បាន? គេ​ទាំង​អស់​គ្នា​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។ ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដែល​ស្តាប់​តាម​សំឡេង​របស់​អ្នក​បម្រើ​ព្រះ‌អង្គ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត ឥត​មាន​ពន្លឺ​សោះ ត្រូវ​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​នៃ​ខ្លួន​ចុះ។ រីឯអស់​អ្នក​ដែល​បង្កាត់​ភ្លើង ជា​អ្នក​ដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយ​ឧស​អើយ ចូរ​អ្នក​រាល់​គ្នា​ដើរ​ក្នុង​អណ្ដាត​ភ្លើង​របស់​អ្នក ហើយ​កណ្ដាល​កន្ទុយ​ឧស​ដែល​អ្នក​បាន​បង្កាត់​នោះ​ចុះ អ្នក​នឹង​បាន​តែ​ប៉ុណ្ណោះ​ពី​ដៃ​យើង ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដេក​ទៅ​ដោយ​ទុក្ខ​វេទនា។

ចែក​រំលែក
អាន អេសាយ 50

អេសាយ 50:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: លិខិត​បញ្ជាក់​ថា យើង​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា​នៅ​ឯ​ណា? តើ​យើង​លក់​អ្នក​រាល់​គ្នា ដើម្បី​សង​បំណុល​នរណា? យើង​បាន​លក់​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​បាន​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​បះ‌បោរ! ពេល​យើង​មក ហេតុ​អ្វី​បាន​ជា​មិន​ឃើញ មាន​នរណា​ម្នាក់​ដូច្នេះ? យើង​បាន​ស្រែក​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ? តើ​ដៃ​របស់​យើង​ខ្លី​ពេក រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ? តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង អ្នក​រាល់​គ្នា​ឬ? ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ធ្វើ​ឲ្យ​ត្រី​វិនាស​អស់ ព្រោះ​គ្មាន​ទឹក។ យើង​អាច​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹត ព្រម​ទាំង​ធ្វើ​ឲ្យ​វា​អាប់‌អួ ដូច​កាន់​ទុក្ខ​ទៀត​ផង។ ព្រះ‌ជា‌អម្ចាស់​បង្រៀន​ខ្ញុំ​ឲ្យ​និយាយ ពាក្យ​សម្ដី​ជា​សិស្ស ដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្ត មនុស្ស​ដែល​អស់​សង្ឃឹម។ រៀង​រាល់​ព្រឹក ព្រះអង្គ​រំឭក​ដាស់‌តឿន​ខ្ញុំ ហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។ ព្រះ‌ជា‌អម្ចាស់​ណែ‌នាំ​ខ្ញុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​បះ‌បោរ​ប្រឆាំង ឬ​ដក​ខ្លួន​ថយ​ក្រោយ​ឡើយ។ ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​ឲ្យ​អ្នក​ដែល​ចង់​វាយ​ខ្ញុំ ខ្ញុំ​បាន​បែរ​មុខ​ទៅ​ឲ្យ​អ្នក​ដែល​ចង់ បោច​ពុក​ចង្កា​របស់​ខ្ញុំ ពេល​គេ​ប្រមាថ​មើល‌ងាយ និង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ ខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។ ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខ ខ្ញុំ​រក្សា​ទឹក​មុខ​រឹង‌ប៉ឹង ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​ឡើយ។ ព្រះអង្គ​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​គង់​នៅ​ក្បែរ​ខ្ញុំ តើ​នរណា​ចង់​ប្ដឹង​ខ្ញុំ? សុំ​អញ្ជើញ​មក យើង​ទៅ​តុលាការ​ជា​មួយ​គ្នា! តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ សុំ​អញ្ជើញ​មក​ជួប​ខ្ញុំ​ចុះ! មែន​ហើយ! ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំ តើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ? ពួក​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មុខ​ជា​ត្រូវ​ហិន‌ហោច ដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បម្រើ​របស់​ព្រះអង្គ បើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹត ហើយ​មិន​ឃើញ​ពន្លឺ​ទេ អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ចុះ! រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​បង្កាត់​ភ្លើង ហើយ​ដុត​ព្រួញ​ភ្លើង អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ ព្រួញ​ភ្លើង​ដែល​អ្នក​រាល់​គ្នា​ដុត ក៏​នឹង​ឆាប‌ឆេះ​អ្នក​រាល់​គ្នា​ដែរ។ យើង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ដៃ​យើង​ផ្ទាល់ ហើយ​អ្នក​រាល់​គ្នា នឹង​ត្រូវ​ស្លាប់​យ៉ាង​សែន​វេទនា។

ចែក​រំលែក
អាន អេសាយ 50

អេសាយ 50:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា សំបុត្រ​លះ‌លែង​ដែល​អញ​ឲ្យ​ដល់​ម្តាយ​ឯង ដើម្បី​បណ្តេញ​ចេញ​នោះ​តើ​នៅ​ឯ​ណា ឬ​តើ​អញ​បាន​លក់​ឯង​ដល់​ម្ចាស់​បំណុល​របស់​អញ​ណា​មួយ មើល ដែល​ឯង​ត្រូវ​លក់​ទៅ​នោះ ក៏​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឯង​ទេ ហើយ​ដែល​ម្តាយ​ឯង​ត្រូវ​បណ្តេញ​នោះ ក៏​ដោយ​ព្រោះ​អំពើ​រំលង​របស់​ឯង​រាល់​គ្នា​ដែរ ដូច្នេះ កាល​អញ​បាន​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ កាល​អញ​បាន​ហៅ​នោះ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប តើ​ដៃ​អញ​បាន​រួញ​ខ្លី​នឹង​ជួយ​លោះ​ឯង​មិន​បាន​ឬ តើ​អញ​គ្មាន​អំណាច​នឹង​ដោះ​ឲ្យ​រួច​ទេ​ឬ​អី មើល កាល​ណា​អញ​ស្តី​ឲ្យ នោះ​សមុទ្រ​ក៏​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​ក៏​ទៅ​ជា​ទី​ហួត‌ហែង ឯ​ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​នឹង​ស្លាប់​ទៅ​ដោយ​ស្រេក​ដែរ អញ​បំពាក់​ផ្ទៃ​មេឃ​ដោយ​ពពក​ខ្មៅ ហើយ​ក៏​ដណ្តប់​ទៅ​ដោយ​សំពត់​ធ្មៃ​ផង។ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន‌សូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី នឹង​ជ្រោង​មនុស្ស​គ្រាក‌ចិត្ត​ឡើង ទ្រង់​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន‌សូត្រ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង‌ចចេស ឬ​បែរ​ក្រោយ​ឡើយ ខ្ញុំ​បាន​ប្រគល់​ខ្នង​ទៅ​ឲ្យ​ពួក​អ្នក​ដែល​វាយ ហើយ​ថ្ពាល់​ខ្ញុំ​ទៅ​ឲ្យ​ពួក​ដែល​បោច​ពុក‌ចង្កា ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស ឬ​ពី​ការ​ស្តោះ​ទឹក​មាត់​ទេ ពី​ព្រោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​ត្រូវ​ជ្រប់​មុខ ហើយ​ដោយ​ហេតុ​នោះ​ខ្ញុំ​បាន​កាត់​ចិត្ត​ឲ្យ​រឹង​ដូច​ថ្ម​ដែក​ភ្លើង​ហើយ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ឡើយ ព្រះ​ដែល​តាំង​ខ្ញុំ​ជា​សុចរិត ទ្រង់​គង់​នៅ​ជិត តើ​អ្នក​ណា​នឹង​តវ៉ា​ចំពោះ​ខ្ញុំ​ទៀត ចូរ​យើង​ឈរ​ឡើង​ជា​មួយ​គ្នា តើ​អ្នក​ណា​ដែល​ជា​ទំនាស់​នឹង​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​ចូល​មក​ជិត​ខ្ញុំ​ចុះ មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ខ្ញុំ តើ​អ្នក​ណា​នឹង​ពោល​ទោស​ខ្ញុំ​បាន មើល គេ​នឹង​ចាស់​ទៅ​ទាំង​អស់​គ្នា ដូច​ជា​សំលៀក‌បំពាក់ ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។ ក្នុង​ពួក​ឯង​រាល់​គ្នា តើ​មាន​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដែល​ស្តាប់​តាម​សំឡេង​របស់​អ្នក​បំរើ​ទ្រង់ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត ឥត​មាន​ពន្លឺ​សោះ ត្រូវ​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​ខ្លួន​ចុះ នែ អស់​អ្នក​ដែល​បង្កាត់​ភ្លើង ជា​អ្នក​ដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយ​ឧស​អើយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ដើរ​ក្នុង​អណ្តាត​ភ្លើង​របស់​ឯង ហើយ​កណ្តាល​កន្ទុយ​ឧស​ដែល​ឯង​បាន​បង្កាត់​នោះ​ចុះ ឯង​នឹង​បាន​តែ​ប៉ុណ្ណោះ​ពី​ដៃ​អញ ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ដេក​ទៅ​ដោយ​ទុក្ខ​វេទនា។

ចែក​រំលែក
អាន អេសាយ 50