អេសាយ 5:8-30

អេសាយ 5:8-30 គខប

អស់​អ្នក​ដែល​រឹប​អូស​យក​ផ្ទះ​គេ មក​ធ្វើ​ជា​ផ្ទះ​ខ្លួន​ឯង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អស់​អ្នក​ដែល​យក​ដី​គេ មក​បញ្ចូល​ក្នុង​ដី​ខ្លួន​ឯង ក៏​ត្រូវ​វេទនា​ដែរ! ពួក​គេ​ធ្វើ​ដូច្នេះ​រហូត​ទាល់​តែ​អ្នក​ផ្សេង លែង​មាន​ដី​ទៀត ហើយ​នៅ​ទី​បំផុត ក្នុង​ស្រុក​មាន​នៅ​សល់ តែ​ពួក​គេ​ប៉ុណ្ណោះ។ ខ្ញុំ​បាន​ឮ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់ ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​ទាំង​នេះ នឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។ ចម្ការ​ទំពាំង‌បាយជូរ​បី​ហិក‌តា នឹង​ឲ្យ​ផល​បាន​ត្រឹម​តែ​ស្រា​ហា‌សិប​លីត្រ ស្រូវ​ពូជ​ដែល​ព្រោះ​ទៅ​មួយ​រយ​គីឡូ បាន​ផល​ត្រឹម​តែ​ដប់​គីឡូ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ក្រោក​ឡើង​ពី​ព្រលឹម ស្វែង​រក​ស្រា​ខ្លាំង ហើយ​គិត​តែ​ផឹក​រហូត​ដល់​អធ្រាត្រ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ពួក​គេ​គិត​តែ​ពី​ផឹក​ស្រា​សប្បាយ ដោយ​មាន​សំឡេង​ពិណ និង​ចាប៉ី ព្រម​ទាំង​ក្រាប់ និង​ខ្លុយ​លេង​កំដរ ពួក​គេ​ឥត​ចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែល ព្រះ‌អម្ចាស់​កំពុង​ធ្វើ គេ​ឥត​ឃើញ​ថា ព្រះអង្គ​កំពុង​សម្រេច​ការ​អ្វី​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្មាំង​នឹង​កៀរ ប្រជា‌រាស្ត្រ​របស់​យើង​នាំ​យក​ទៅ​ជា​ឈ្លើយ ដ្បិត​ពួក​គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ធំ​របស់​គេ​នឹង​ស្លាប់ ដោយ​អត់​បាយ ប្រជា‌ជន​តូច‌តាច​នឹង​ស្លាប់​ដោយ​អត់​ទឹក។ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជប់‌លៀង​សប្បាយ មច្ចុរាជ​នឹង​បើក​មាត់​ចំហ​យ៉ាង​ធំ លេប​យក​ទាំង​អ្នក​ធំ ទាំង​ប្រជា‌ជន​តូច‌តាច នៅ​ក្រុង​យេរូ‌សាឡឹម។ មនុស្ស​លោក​នឹង​ត្រូវ​អាប់​ឱន គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី មនុស្ស​មាន​ចិត្ត​ព្រហើន​នឹង​ត្រូវ​បន្ទាប​ចុះ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​សម្តែង ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ ដោយ​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រះ​ដ៏វិសុទ្ធ​នឹង​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត។ ហ្វូង​ចៀម​នឹង​ដើរ​រក​ស៊ី​តាម​គំនរ​បាក់​បែក ដូច​នៅ​តាម​វាល​ស្មៅ ហើយ​ពពែ​ដែល​គេ​បំប៉ន ក៏​មក​ស៊ី​ស្មៅ​នៅ​តាម​នោះ​ដែរ។ អស់​អ្នក​ដែល​ខំ​ប្រឹង​ប្រព្រឹត្ត​អំពើ​បាប ដូច​គោ​ខំ​ប្រឹង​ទាញ​រទេះ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រោះ​គេ​នឹង​ទទួល​ទោស តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ពួក​គេ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​បំពេញ កិច្ចការ​របស់​ព្រះអង្គ​ឲ្យ​ឆាប់ៗ​ទៅ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​ផង! សូម​ឲ្យ​គម្រោង‌ការ​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្រេច​ឆាប់ៗ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ផង!»។ អស់​អ្នក​ដែល​ហៅ​អំពើ​អាក្រក់​ថា​ល្អ ហៅ​អំពើ​ល្អ​ថា​អាក្រក់ ចាត់​ទុក​ភាព​ងងឹត​ថា​ជា​ពន្លឺ ចាត់​ទុក​ពន្លឺ​ថា​ជា​ភាព​ងងឹត ហើយ​ចាត់​ទុក​ការ​ជូរ​ចត់​ថា​ជា​ការ​សប្បាយ ចាត់​ទុក​ការ​សប្បាយ​ថា​ជា​ការ​ជូរ​ចត់ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អស់​អ្នក​ដែល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា ហើយ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ចេះ​ដឹង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អស់​អ្នក​ដែល​ពូកែ​ខាង​ផឹក​ស្រា ហើយ​ជា​ជើង​ឯក​ខាង​បិត​ស្រា​ខ្លាំង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ពួក​គេ​ទទួល​សំណូក ហើយ​ចាត់​ទុក​ជន​ឧក្រិដ្ឋ​ថា​គ្មាន​ទោស និង​ចាត់​ទុក​ជន​ស្លូត​ត្រង់​ថា​មាន​ទោស​វិញ។ ហេតុ​នេះ ពួក​គេ​នឹង​រលួយ​ទាំង​ឫស ផ្កា​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ធូលី​ដី ដូច​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ស្បូវ ឬ​ដូច​ចំបើង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដ្បិត​ពួក​គេ​បោះ​បង់​ចោល​ការ​ប្រៀន‌ប្រដៅ របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ហើយ​មាក់​ងាយ​ព្រះ‌បន្ទូល​របស់ ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់ ព្រះ‌ពិរោធ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​លើក​ព្រះ‌ហស្ដ វាយ​ប្រហារ​ពួក​គេ ពេល​នោះ ភ្នំ​ទាំង‌ឡាយ​នឹង​ត្រូវ​រង្គើ ហើយ​នឹង​មាន​សាក‌សព​ដូច​ជា​សំរាម នៅ​ពាស‌ពេញ​តាម​ដង​ផ្លូវ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ព្រះ‌ពិរោធ​របស់ ព្រះអង្គ​នៅ​តែ​មិន​ស្ងប់​ដែរ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ​ដដែល។ ព្រះអង្គ​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​ប្រជា‌ជាតិ ដែល​នៅ​ឆ្ងាយៗ ព្រះអង្គ​ធ្វើ​សញ្ញា​ហៅ​ពួក​គេ ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី ពួក​គេ​ក៏​នាំ​គ្នា​រូត‌រះ​មក​យ៉ាង​ឆាប់​រហ័ស។ ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​នឿយ‌ហត់ គ្មាន​នរណា​ម្នាក់​បាក់​កម្លាំង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ងោក‌ងុយ ឬ​ដេក​លង់‌លក់​ដែរ។ គ្មាន​នរណា​ម្នាក់​ដោះ​ខ្សែ​ក្រវាត់​ចេញ​ពី​ចង្កេះ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​សោះ​ឡើយ។ ពួក​គេ​សំលៀង​មុខ​ព្រួញ​របស់​ខ្លួន​ជានិច្ច ធ្នូ​របស់​គេ​នៅ​ត្រៀម​ជា​ស្រេច ក្រចក​ជើង​សេះ​របស់​គេ​ដូច​ថ្ម​ភ្លឺ​រលើប កង់​រទេះ​របស់​គេ​ប្រៀប​ដូច​ជា​ខ្យល់​កួច។ សម្រែក​របស់​គេ​ប្រៀប​បាន​នឹង​សម្រែក​សត្វ​សិង្ហ គេ​គ្រហឹម​ដូច​ជា​កូន​សិង្ហ​គ្រហឹម ចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះ ឲ្យ​រួច​បាន​ឡើយ។ ក៏​ប៉ុន្តែ នៅ​គ្រា​នោះ នឹង​មាន​ឮ​សន្ធឹក​ដូច​ស្នូរ​សមុទ្រ បក់​បោក​មក​លើ​ប្រជា‌ជាតិ​នេះ។ ពេល​ក្រឡេក​មើល​ស្រុក​នោះ គេ​ឃើញ​មាន​សុទ្ធ​តែ​ភាព​ងងឹត និង​ការ​ឈឺ​ចាប់ ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃ ឲ្យ​ប្រែ​ទៅ​ជា​ងងឹត​វិញ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 5:8-30

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ