អេសាយ 5:1-7

អេសាយ 5:1-7 គខប

ខ្ញុំ​សូម​ច្រៀង​បទ​មួយ ក្នុង​នាម​មិត្ត​របស់​ខ្ញុំ ជា​បទ​ចម្រៀង​ស្ដី​អំពី​មិត្ត​សម្លាញ់​របស់​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​គាត់។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​មាន ចម្ការ​ទំពាំង‌បាយជូរ​មួយ នៅ​លើ​ជម្រាល​ភ្នំ​ដែល​មាន​ជីជាតិ​ល្អ គាត់​បាន​កាប់​គាស់​ដី រើស​ដុំ​ថ្ម​ចេញ ហើយ​ដាំ​ទំពាំង‌បាយជូរ​ពូជ​ល្អ​បំផុត។ គាត់​បាន​សង់​ខ្ទម និង​ជីក​កន្លែង​បញ្ជាន់​ផ្លែ នៅ​កណ្ដាល​ចម្ការ​នោះ គាត់​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ល្អ តែ​ចម្ការ​នោះ បែរ​ជា​បង្កើត​សុទ្ធ​តែ​ផ្លែ​មិន​ល្អ​ទៅ​វិញ។ មិត្ត​របស់​ខ្ញុំ​ក៏​ពោល​ឡើង​ថា៖ អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា​អើយ សូម​ជួយ​វិនិច្ឆ័យ​រឿង​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំ​ផង។ ខ្ញុំ​បាន​ធ្វើ​ការ​សព្វ​គ្រប់​ទាំង​អស់​ចំពោះ​ចម្ការ នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត? ខ្ញុំ​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ទំពាំង‌បាយជូរ​ល្អ តែ​ហេតុ​ដូច​ម្ដេច​បាន​ជា​ចម្ការ​ខ្ញុំ បង្កើត​សុទ្ធ​តែ ផ្លែ​មិន​ល្អ​ទៅ​វិញ​ដូច្នេះ? ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង អំពី​ការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​ទៅ​លើ​ចម្ការ​នេះ គឺ​ខ្ញុំ​នឹង​រើ​របង​ចេញ ឲ្យ​សត្វ​ចូល​ស៊ី​បំផ្លាញ ខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំង ឲ្យ​គេ​ចូល​ជាន់​ឈ្លី។ ខ្ញុំ​បំផ្លាញ​វា​ឲ្យ​ដូច​ចម្ការ​ដែល គេ​បោះ​បង់​ចោល គ្មាន​អ្នក​ណា​លួស​មែក គ្មាន​អ្នក​ណា​ជ្រួយ​ដី​ទៀត​ឡើយ គឺ​មាន​តែ​រពាក់ បន្លា​ដុះ​ពាស‌ពេញ ខ្ញុំ​នឹង​ហាម​ពពក​មិន​ឲ្យ​បង្អុរ​ភ្លៀង មក​លើ​ចម្ការ​នេះ​ត​ទៅ​ទៀត​ឡើយ។ ចម្ការ​ទំពាំង‌បាយជូរ​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល ដើម​ទំពាំង‌បាយជូរ​ដែល​ព្រះអង្គ​ស្រឡាញ់ គឺ​ប្រជា‌ជន​យូដា។ ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​យុត្តិធម៌ តែ​ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​សុចរិត តែ​ព្រះអង្គ​បែរ​ឮ​ស្នូរ​សម្រែក របស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​ទៅ​វិញ។