អេសាយ 45:1-25

អេសាយ 45:1-25 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ ស្ដេច​ស៊ីរូស ដែល​ព្រះអង្គ​បាន ចាក់​ប្រេង​អភិសេក​នោះ​ថា៖ «យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក យើង​បង្ក្រាប​ប្រជា‌ជាតិ​នានា​នៅ​ចំពោះ​មុខ​អ្នក ហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំង‌ឡាយ ព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​អ្នក រហូត​ត​រៀង​ទៅ។ យើង​នឹង​ដើរ​នៅ​មុខ​អ្នក យើង​នឹង​ពង្រាប​កន្លែង​រដិប‌រដុប​ឲ្យ​រាប​ស្មើ យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ទាំង‌ឡាយ ព្រម​ទាំង​កម្ទេច​រនុក​ដែក​ឲ្យ​ខ្ទេច​ផង។ យើង​នឹង​ប្រគល់​មាស​ប្រាក់ ដែល​គេ​កប់​ទុក​ក្នុង​ទី​ងងឹត​មក​ឲ្យ​អ្នក ព្រម​ទាំង​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល គេ​ទុក​ក្នុង​ទី​លាក់​កំបាំង​មក​ឲ្យ​អ្នក​ដែរ។ ដូច្នេះ អ្នក​នឹង​ដឹង​ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​មក​តាម​ឈ្មោះ​របស់​អ្នក។ យើង​ហៅ​អ្នក​ចំ​ឈ្មោះ ព្រម​ទាំង​ប្រគល់​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​ឲ្យ​អ្នក ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ ព្រោះ​យើង​អាណិត​កូន​ចៅ​របស់​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ ក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទេ ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្ដី ក៏​យើង​បាន​ប្រគល់​ឲ្យ​អ្នក​មាន​ឫទ្ធិ​អំណាច ដើម្បី​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច ទទួល​ស្គាល់​ថា ក្រៅ​ពី​យើង ព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។ យើង​បង្កើត​ពន្លឺ និង​ភាព​ងងឹត យើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ និង​ទុក្ខ​វេទនា គឺ​យើង​នេះ​ហើយ​ជាព្រះ‌អម្ចាស់ ដែល​ប្រព្រឹត្ត​ការ​ទាំង​នេះ។ ចូរ​ឲ្យ​ផ្ទៃ​មេឃ​សម្រក់​សេចក្ដី​សុចរិត​ចុះ​មក ដូច​ទឹក​សន្សើម ចូរ​ឲ្យ​ពពក​បង្អុរ​សេចក្ដី​សុចរិត​ចុះ​មក ដូច​ទឹក​ភ្លៀង ចូរ​ឲ្យ​ផែនដី​បើក​ចំហ ដើម្បី​ឲ្យ​ការ​សង្គ្រោះ​រីក​ចម្រើន​ឡើង និង​ឲ្យ​សេចក្ដី​សុចរិត ពន្លក​ចេញ​ជា​មួយ​គ្នា​ដែរ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​អ្នក​នោះ​មក»។ អ្នក​ណា​ប្រឆាំង​នឹង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន អ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។ មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូន ដែល​កំពុង​តែ​សូន​ខ្លួន​ថា តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង! ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ! អ្នក​ណា​ពោល​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា “ម្ដេច​ក៏​បង្កើត​កូន​បែប​នេះ​មក” អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ រីឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ​ដែល​បាន​បង្កើត​ជន‌ជាតិ​នេះ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើង អំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​អនាគត សម្រាប់​កូន​ចៅ​របស់​យើង​ឬ? អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ឬ? យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី ព្រម​ទាំង​បាន​បង្កើត​មនុស្ស​ឲ្យ​រស់ នៅ​លើ​ផែនដី​នេះ​ផង យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ដៃ​របស់​យើង​ផ្ទាល់ ហើយ​យើង​ក៏​បញ្ជា​ហ្វូង‌តារា​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ​ដែរ”។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​នេះ​ហើយ​ដែល​លើក​ស្ដេច​ស៊ីរូស​ឡើង តាម​សេចក្ដី​សុចរិត​របស់​យើង យើង​ពង្រាប​ផ្លូវ​ទាំង​ប៉ុន្មាន​ឲ្យ​ស្ដេច​នោះ។ ស្ដេច​នោះ​នឹង​សង់​ក្រុង​របស់​យើង​ឡើង​វិញ ព្រម​ទាំង​បើក​ឲ្យ​ប្រជា‌ជន​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ស្រុក​វិញ ដោយ​មិន​បាច់​បង់​ពិន័យ ឬ​ក៏​ជូន​សគុណ​អ្វី​ឡើយ”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: សម្បត្តិ​របស់​ស្រុក​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពី រីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា នឹង​ឆ្លង​កាត់​តាម​អ្នក ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក ទាំង​ជាប់​ច្រវាក់ គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា: “ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ព្រះអង្គ គ្មាន​ព្រះ​ណា​ទៀត​ទេ ដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។ ឱ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​ព្រះ‌សង្គ្រោះ​អើយ មនុស្ស​លោក​ពិបាក​រក​ឃើញ​ព្រះអង្គ​ណាស់! អស់​អ្នក​ដែល​សូន​ធ្វើ​រូប​បដិមា ត្រូវ​អាម៉ាស់ និង​បាក់​មុខ​គ្រប់ៗ​គ្នា ពួក​គេ​ចេញ​ទៅ​ទាំង​អៀន​ខ្មាស​ជា​ខ្លាំង។ ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​បាន​ទទួល​ការ​សង្គ្រោះ​ពី​ព្រះ‌អម្ចាស់ ព្រះអង្គ​សង្គ្រោះ​គេ​អស់‌កល្ប​ជានិច្ច។ អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ”។ ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​សូន​ផែនដី ព្រះអង្គ​បាន​ពង្រឹង​ផែនដី​ឲ្យ​រឹង‌មាំ ព្រះអង្គ​មិន​បាន​បង្កើត​ផែនដី​មក ដើម្បី​ឲ្យ​នៅ​ទទេ​ឡើយ គឺ​ព្រះអង្គ​បាន​បង្កើត​ផែនដី ឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: “គឺ​យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌អម្ចាស់​ឯ​ណា​ទៀត​ទេ។ យើង​មិន​ដែល​និយាយ​ដោយ​លាក់‌លៀម ក្នុង​ទី​ងងឹត​នៃ​ផែនដី​ឡើយ។ យើង​ក៏​មិន​ដែល​ប្រាប់​ពូជ‌ពង្ស​របស់​យ៉ាកុប ឲ្យ​ស្វែង​រក​យើង នៅ​កន្លែង ដែល​គ្មាន​អ្វី​សោះ​នោះ​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​តែង​និយាយ​ត្រឹម​ត្រូវ អ្វីៗ​ដែល​យើង​ប្រកាស​សុទ្ធ​តែ​ពិត​ត្រង់”។ អ្នក​សេស‌សល់​ពី​ប្រជា‌ជាតិ​នានា​អើយ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ចូរ​នាំ​គ្នា​ខិត​ចូល​មក​ជិត។ អស់​អ្នក​ដែល​សែង​ព្រះ​របស់​ខ្លួន​ធ្វើ​ពី​ឈើ ហើយ​បួង‌សួង​ព្រះ​ដែល​មិន​អាច​សង្គ្រោះ សុទ្ធ​តែ​ជា​មនុស្ស​ឥត​ដឹង​អ្វី​ទាំង​អស់។ ចូរ​យក​សំណុំ​រឿង និង​បង្ហាញ​ភស្តុតាង​មក​មើល ចូរ​ពិភាក្សា​គ្នា​ទៅ។ តាំង​ពី​បុរាណ​កាល​មក តើ​នរណា​បាន​ប្រាប់​ទុក​ជា​មុន នូវ​ហេតុ‌ការណ៍​ទាំង​អម្បាល‌ម៉ាន ដែល​កើត​មាន​នៅ​ពេល​នេះ? គឺ​មាន​តែ​យើង​ដែល​ជា​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដែល​បាន​ប្រាប់​ជា​មុន ក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទៀត​ទេ។ យើង​ជា​ព្រះ​ដ៏​សុចរិត និង​ជា​ព្រះ‌សង្គ្រោះ ក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ដ៏​សុចរិត ណា​ទៀត​ឡើយ។ អស់​អ្នក​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​អើយ ចូរ​នាំ​គ្នា​បែរ​មក​រក​យើង យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដ្បិត​យើង​ជា​ព្រះ‌ជាម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទៀត​ទេ។ អ្វីៗ​ដែល​យើង​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​សច្ចៈ មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ។ យើង​សុំ​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​យើង​ផ្ទាល់​ថា មនុស្ស​លោក​ទាំង​អស់​នឹង​ក្រាប​ថ្វាយ‌បង្គំ​យើង ហើយ​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​សច្ចា​ថា នឹង​គោរព​បម្រើ​យើង​ដោយ​ស្មោះ។ គេ​នឹង​ពោល​ថា មាន​តែ​ព្រះ‌អម្ចាស់​មួយ​ព្រះអង្គ​ទេ ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ និង​មាន​ព្រះ‌ចេស្ដា។ រីឯ​អស់​អ្នក​ដែល​បាន​ប្រឆាំង​ព្រះអង្គ នឹង​មក​រក​ព្រះអង្គ​ទាំង​អាម៉ាស់។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​បាន​សុចរិត ហើយ​ខ្ពស់​មុខ​ដោយ‌សារ​ព្រះ‌អម្ចាស់។