អេសាយ 45:1-25

អេសាយ 45:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ ស្ដេច​ស៊ីរូស ដែល​ព្រះអង្គ​បាន ចាក់​ប្រេង​អភិសេក​នោះ​ថា៖ «យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក យើង​បង្ក្រាប​ប្រជា‌ជាតិ​នានា​នៅ​ចំពោះ​មុខ​អ្នក ហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំង‌ឡាយ ព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​អ្នក រហូត​ត​រៀង​ទៅ។ យើង​នឹង​ដើរ​នៅ​មុខ​អ្នក យើង​នឹង​ពង្រាប​កន្លែង​រដិប‌រដុប​ឲ្យ​រាប​ស្មើ យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ទាំង‌ឡាយ ព្រម​ទាំង​កម្ទេច​រនុក​ដែក​ឲ្យ​ខ្ទេច​ផង។ យើង​នឹង​ប្រគល់​មាស​ប្រាក់ ដែល​គេ​កប់​ទុក​ក្នុង​ទី​ងងឹត​មក​ឲ្យ​អ្នក ព្រម​ទាំង​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល គេ​ទុក​ក្នុង​ទី​លាក់​កំបាំង​មក​ឲ្យ​អ្នក​ដែរ។ ដូច្នេះ អ្នក​នឹង​ដឹង​ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​មក​តាម​ឈ្មោះ​របស់​អ្នក។ យើង​ហៅ​អ្នក​ចំ​ឈ្មោះ ព្រម​ទាំង​ប្រគល់​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​ឲ្យ​អ្នក ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ ព្រោះ​យើង​អាណិត​កូន​ចៅ​របស់​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ ក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទេ ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្ដី ក៏​យើង​បាន​ប្រគល់​ឲ្យ​អ្នក​មាន​ឫទ្ធិ​អំណាច ដើម្បី​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច ទទួល​ស្គាល់​ថា ក្រៅ​ពី​យើង ព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ គ្មាន​ព្រះ‌អម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។ យើង​បង្កើត​ពន្លឺ និង​ភាព​ងងឹត យើង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ និង​ទុក្ខ​វេទនា គឺ​យើង​នេះ​ហើយ​ជាព្រះ‌អម្ចាស់ ដែល​ប្រព្រឹត្ត​ការ​ទាំង​នេះ។ ចូរ​ឲ្យ​ផ្ទៃ​មេឃ​សម្រក់​សេចក្ដី​សុចរិត​ចុះ​មក ដូច​ទឹក​សន្សើម ចូរ​ឲ្យ​ពពក​បង្អុរ​សេចក្ដី​សុចរិត​ចុះ​មក ដូច​ទឹក​ភ្លៀង ចូរ​ឲ្យ​ផែនដី​បើក​ចំហ ដើម្បី​ឲ្យ​ការ​សង្គ្រោះ​រីក​ចម្រើន​ឡើង និង​ឲ្យ​សេចក្ដី​សុចរិត ពន្លក​ចេញ​ជា​មួយ​គ្នា​ដែរ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​អ្នក​នោះ​មក»។ អ្នក​ណា​ប្រឆាំង​នឹង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន អ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។ មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូន ដែល​កំពុង​តែ​សូន​ខ្លួន​ថា តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង! ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ! អ្នក​ណា​ពោល​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា “ម្ដេច​ក៏​បង្កើត​កូន​បែប​នេះ​មក” អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ រីឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ​ដែល​បាន​បង្កើត​ជន‌ជាតិ​នេះ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើង អំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​អនាគត សម្រាប់​កូន​ចៅ​របស់​យើង​ឬ? អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ឬ? យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី ព្រម​ទាំង​បាន​បង្កើត​មនុស្ស​ឲ្យ​រស់ នៅ​លើ​ផែនដី​នេះ​ផង យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ដៃ​របស់​យើង​ផ្ទាល់ ហើយ​យើង​ក៏​បញ្ជា​ហ្វូង‌តារា​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ​ដែរ”។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​នេះ​ហើយ​ដែល​លើក​ស្ដេច​ស៊ីរូស​ឡើង តាម​សេចក្ដី​សុចរិត​របស់​យើង យើង​ពង្រាប​ផ្លូវ​ទាំង​ប៉ុន្មាន​ឲ្យ​ស្ដេច​នោះ។ ស្ដេច​នោះ​នឹង​សង់​ក្រុង​របស់​យើង​ឡើង​វិញ ព្រម​ទាំង​បើក​ឲ្យ​ប្រជា‌ជន​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ស្រុក​វិញ ដោយ​មិន​បាច់​បង់​ពិន័យ ឬ​ក៏​ជូន​សគុណ​អ្វី​ឡើយ”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: សម្បត្តិ​របស់​ស្រុក​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពី រីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា នឹង​ឆ្លង​កាត់​តាម​អ្នក ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក ទាំង​ជាប់​ច្រវាក់ គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា: “ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ព្រះអង្គ គ្មាន​ព្រះ​ណា​ទៀត​ទេ ដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។ ឱ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​ព្រះ‌សង្គ្រោះ​អើយ មនុស្ស​លោក​ពិបាក​រក​ឃើញ​ព្រះអង្គ​ណាស់! អស់​អ្នក​ដែល​សូន​ធ្វើ​រូប​បដិមា ត្រូវ​អាម៉ាស់ និង​បាក់​មុខ​គ្រប់ៗ​គ្នា ពួក​គេ​ចេញ​ទៅ​ទាំង​អៀន​ខ្មាស​ជា​ខ្លាំង។ ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​បាន​ទទួល​ការ​សង្គ្រោះ​ពី​ព្រះ‌អម្ចាស់ ព្រះអង្គ​សង្គ្រោះ​គេ​អស់‌កល្ប​ជានិច្ច។ អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ”។ ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​សូន​ផែនដី ព្រះអង្គ​បាន​ពង្រឹង​ផែនដី​ឲ្យ​រឹង‌មាំ ព្រះអង្គ​មិន​បាន​បង្កើត​ផែនដី​មក ដើម្បី​ឲ្យ​នៅ​ទទេ​ឡើយ គឺ​ព្រះអង្គ​បាន​បង្កើត​ផែនដី ឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: “គឺ​យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌អម្ចាស់​ឯ​ណា​ទៀត​ទេ។ យើង​មិន​ដែល​និយាយ​ដោយ​លាក់‌លៀម ក្នុង​ទី​ងងឹត​នៃ​ផែនដី​ឡើយ។ យើង​ក៏​មិន​ដែល​ប្រាប់​ពូជ‌ពង្ស​របស់​យ៉ាកុប ឲ្យ​ស្វែង​រក​យើង នៅ​កន្លែង ដែល​គ្មាន​អ្វី​សោះ​នោះ​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​តែង​និយាយ​ត្រឹម​ត្រូវ អ្វីៗ​ដែល​យើង​ប្រកាស​សុទ្ធ​តែ​ពិត​ត្រង់”។ អ្នក​សេស‌សល់​ពី​ប្រជា‌ជាតិ​នានា​អើយ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ចូរ​នាំ​គ្នា​ខិត​ចូល​មក​ជិត។ អស់​អ្នក​ដែល​សែង​ព្រះ​របស់​ខ្លួន​ធ្វើ​ពី​ឈើ ហើយ​បួង‌សួង​ព្រះ​ដែល​មិន​អាច​សង្គ្រោះ សុទ្ធ​តែ​ជា​មនុស្ស​ឥត​ដឹង​អ្វី​ទាំង​អស់។ ចូរ​យក​សំណុំ​រឿង និង​បង្ហាញ​ភស្តុតាង​មក​មើល ចូរ​ពិភាក្សា​គ្នា​ទៅ។ តាំង​ពី​បុរាណ​កាល​មក តើ​នរណា​បាន​ប្រាប់​ទុក​ជា​មុន នូវ​ហេតុ‌ការណ៍​ទាំង​អម្បាល‌ម៉ាន ដែល​កើត​មាន​នៅ​ពេល​នេះ? គឺ​មាន​តែ​យើង​ដែល​ជា​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដែល​បាន​ប្រាប់​ជា​មុន ក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទៀត​ទេ។ យើង​ជា​ព្រះ​ដ៏​សុចរិត និង​ជា​ព្រះ‌សង្គ្រោះ ក្រៅ​ពី​យើង គ្មាន​ព្រះ‌សង្គ្រោះ​ដ៏​សុចរិត ណា​ទៀត​ឡើយ។ អស់​អ្នក​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​អើយ ចូរ​នាំ​គ្នា​បែរ​មក​រក​យើង យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដ្បិត​យើង​ជា​ព្រះ‌ជាម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ‌ជាម្ចាស់​ណា​ទៀត​ទេ។ អ្វីៗ​ដែល​យើង​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​សច្ចៈ មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ។ យើង​សុំ​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​យើង​ផ្ទាល់​ថា មនុស្ស​លោក​ទាំង​អស់​នឹង​ក្រាប​ថ្វាយ‌បង្គំ​យើង ហើយ​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​សច្ចា​ថា នឹង​គោរព​បម្រើ​យើង​ដោយ​ស្មោះ។ គេ​នឹង​ពោល​ថា មាន​តែ​ព្រះ‌អម្ចាស់​មួយ​ព្រះអង្គ​ទេ ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ និង​មាន​ព្រះ‌ចេស្ដា។ រីឯ​អស់​អ្នក​ដែល​បាន​ប្រឆាំង​ព្រះអង្គ នឹង​មក​រក​ព្រះអង្គ​ទាំង​អាម៉ាស់។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​បាន​សុចរិត ហើយ​ខ្ពស់​មុខ​ដោយ‌សារ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អេសាយ 45

អេសាយ 45:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះបាទ​ស៊ីរូស ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឡើង​ហើយ ជា​អ្នក​ដែល​ព្រះ‌អង្គ​កាន់​ដៃ​ស្តាំ ដើម្បី​ឲ្យ​បាន​បង្ក្រាប​អស់​ទាំង​សាសន៍​នៅ​មុខ​ខ្លួន ហើយ​បន្ធូរ​ចង្កេះ​ពួក​ស្តេច ព្រម​ទាំង​បើក​ទ្វារ​នៅ​មុខ​ខ្លួន រួច​ទ្វារ​ទាំង​នោះ​នឹង​មិន​ត្រូវ​បិទ​វិញ​ឡើយ។ គឺ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​ដើរ​ទៅ​ខាង​មុខ​អ្នក ហើយ​ពង្រាប​ទី​ខ្ពស់ៗ​ឲ្យ​ស្មើ យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​នឹង​ផ្ដាច់​រនុក​ដែក​ផង យើង​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង និង​ទ្រព្យ‌សម្បត្តិ​ដែល​កប់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​តាម​ឈ្មោះ។ យើង​បាន​ហៅ​អ្នក​តាម​ឈ្មោះ​អ្នក​នេះ ដោយ​យល់​ដល់​ពួក​យ៉ាកុប​ជា​អ្នក​បម្រើយើង និង​អ៊ីស្រា‌អែល ជា​អ្នក​ដែល​យើង​បាន​ជ្រើស‌រើស យើង​បាន​កំណត់​នាម​ត្រកូល​ដល់​អ្នក​ហើយ ទោះ​បើ​អ្នក​មិន​បាន​ស្គាល់​យើង​ក៏​ដោយ។ យើង​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​យើង​ឥត​មាន​ព្រះ​ណា​ទៀត​សោះ យើង​នឹង​ក្រវាត់​ឲ្យ​អ្នក ទោះ​បើ​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ។ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្លៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ។ គឺ​យើង​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង យើង​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​យើង​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។ ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ស្រក់​ទឹក​ពី​លើ​មក ហើយ​ឲ្យ​ពពក​ចាក់​សេចក្ដី​សុចរិត​ចុះ​មក ចូរ​ឲ្យ​ផែនដី​ហា​ឡើង ឲ្យ​បាន​បង្កើត​ផល​ជា​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​សេចក្ដី​សុចរិត​ពន្លក​ឡើង​ជា‌មួយ​គ្នា យើង​នេះហើយ​ជា​យេហូវ៉ា ដែល​បាន​បង្កើត​សេចក្ដី​នោះ​ឡើង។ វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​ភាជនៈ​មួយ​ក្នុង​ចំណោម​ភាជនៈ​ដែល​ធ្វើ​ពី​ដី។ តើ​ដី​ឥដ្ឋ​ពោល​ទៅ​កាន់​ជាង​ស្មូន​ថា តើ​អ្នក​កំពុង​ធ្វើ​អ្វី​ហ្នឹង? ឬ​ថា ថ្វី​ដៃ​របស់​អ្នកគ្មាន​បាន​ការ​អ្វី​ទេ ដែរ​ឬ? វេទនា​ដល់​អ្នក​ណា​ដែល​សួរ​ដល់​ឪពុក​ថា តើ​បាន​បង្កើត​អ្វី​ដូច្នេះ? ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សម្រាល​អ្វី​មក​យ៉ាង​នេះ?»។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​សួរ​យើង​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​នៅ​ពេល​ខាង​មុខចុះ តើ​អ្នក​នឹង​បង្គាប់​យើង​ពី​ដំណើរ​ពួក​កូន​របស់​យើង និង​ពី​កិច្ច‌ការ​ដែល​ដៃ​របស់​យើង​ធ្វើ​ឬ? យើង​បាន​រៀបចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​យើង​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ។ យើង​បាន​លើក​ស៊ីរូស​នេះ​ឡើង​ដោយ​សេចក្ដី​សុចរិត យើង​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ផ្លូវ​របស់​គេ​បាន​ត្រង់ គេ​នឹង​សង់​ទី​ក្រុង​របស់​យើង​ឡើង ហើយ​នឹង​លែង​ពួក​បំបរ‌បង់​របស់​យើង​ឲ្យ​វិល​មក​វិញ មិន​មែន​ដោយ​ថ្លៃ​លោះ ឬ​រង្វាន់​ណា​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កម្រៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចម្រើន​នៃ​ស្រុក​អេធី‌យ៉ូពី និង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ នឹង​មក​ឯ​អ្នក ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​អ្នក​ដែរ គេ​នឹង​ដើរ​តាម​ក្រោយ​អ្នក គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់ ហើយ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​អ្នក ដោយ​ពាក្យ​ថា ព្រះ​គង់​ជា‌មួយ​លោក​ពិត គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ»។ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អើយ ប្រាកដ​ជា​ព្រះ‌អង្គ​ជា​ព្រះ​ដែល​ពួន​អង្គ។ ពួក​អ្នក​ដែល​ធ្វើ​រូប​ព្រះ គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា គេ​នឹង​ត្រូវ​បាក់មុខ ដោយ​សេចក្ដី​អៀន​ខ្មាស​ទាំង​អស់​គ្នា។ តែ​ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​រួច ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្មាស ឬ​ជ្រប់​មុខ​ដរាប​ដល់​អស់​កល្ប​ត​រៀង​ទៅ។ ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ព្រះ‌អង្គ​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី​ឲ្យមាន​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «គឺ​យើង​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។ យើង​មិន​បាន​ពោល​ដោយ​សម្ងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ យើង​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​យើង​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​យើង ព្រះ‌យេហូវ៉ា​នេះ យើង​និយាយ​តាម​សុចរិត យើង​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ»។ ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​ប្រមូល​គ្នាមក ហើយ​ចូល​ឲ្យ​ជិត ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ធ្វើ​ជា​រូប​ព្រះ​ឆ្លា​ក់​របស់​គេ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ។ ចូរ​ថ្លែង​ប្រាប់ ហើយ​សម្ដែង​ហេតុ​ចេញ​ចុះ ត្រូវ​ប្រឹក្សា​គ្នា តើ​អ្នក​ណា​បាន​ប្រាប់​ពី​ការ​នេះ តាំង​ពី​ចាស់​បុរាណ​មក? តើ​អ្នក​ណា​បាន​ថ្លែងទំនាយ​ទុក តាំង​ពី​យូរ​មក​ហើយ? តើ​មិន​មែន​យើង​ជា​យេហូវ៉ា​ទេ​ឬ? ក្រៅ​ពីយើង គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​ជា​ព្រះ​សុចរិត ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ទេ គ្មាន​ណា​មួយ​ក្រៅ​ពី​យើង​ឡើយ។ មនុស្ស​ទាំង​អស់​នៅ​ចុង​ផែនដី​អើយ ចូរ​មើល​មក​យើង ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​ចុះ ដ្បិត​យើង​នេះ​ជា​ព្រះ ឥត​មាន​ព្រះ​ណា​ទៀត​ឡើយ។ យើង​បាន​ស្បថ​ដោយ​ខ្លួន​យើង ពាក្យ​នោះ​បាន​ចេញ​ពី​មាត់​យើង ដោយ​សេចក្ដី​សុចរិត​ហើយ ក៏​មិន​ដែល​ប្រែ‌ប្រួល​ដែរ គឺ​ថា​គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខយើង ហើយ​គ្រប់​ទាំង​អណ្ដាត​នឹង​ស្បថ​ពី​ដំណើរ​យើង។ សេចក្ដី​សុចរិត និង​អានុ‌ភាព មាន​នៅ​ក្នុង​ព្រះ‌យេហូវ៉ា​តែ​មួយ​ទេ មនុស្ស​ទាំង‌ឡាយ​នឹង​មក​រក​ព្រះ‌អង្គ ហើយ​អស់​អ្នក​ដែល​បាន​ក្តៅ​ក្រហាយ​នឹង​ព្រះ‌អង្គ គេ​នឹង​ត្រូវ​ខ្មាស​វិញ។ ឯ​អស់​ទាំង​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល នឹង​បាន​សុចរិត​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​មាន​គេ​សរសើរ។

ចែក​រំលែក
អាន អេសាយ 45

អេសាយ 45:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ស៊ីរូស ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឡើង​ហើយ ជា​អ្នក​ដែល​ទ្រង់​កាន់​ដៃ​ស្តាំ ដើម្បី​ឲ្យ​បាន​បង្ក្រាប​អស់​ទាំង​សាសន៍​នៅ​មុខ​ខ្លួន ហើយ​នឹង​បន្ធូរ​ចង្កេះ​ពួក​ស្តេច ព្រម​ទាំង​បើក​ទ្វារ​នៅ​មុខ​ខ្លួន រួច​ទ្វារ​ទាំង​នោះ​នឹង​មិន​ត្រូវ​បិទ​វិញ​ឡើយ គឺ​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​ដើរ​ទៅ​ខាង​មុខ​ឯង ហើយ​នឹង​ពង្រាប​អស់​ទាំង​ទី​រដិប‌រដុប​ឲ្យ​ស្មើ អញ​នឹង​បំបែក​អស់​ទាំង​ទ្វារ​លង្ហិន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​នឹង​បំបាត់​រនុក​ដែក​ដែរ អញ​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង នឹង​ទ្រព្យ​សម្បត្តិ​ដែល​កប់​ទុក​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ហៅ​ឯង​តាម​ឈ្មោះ អញ​បាន​ហៅ​ឯង​តាម​ឈ្មោះ​ឯង​នេះ ដោយ​យល់​ដល់​ពួក​យ៉ាកុប​ជា​អ្នក​បំរើ​អញ នឹង​អ៊ីស្រាអែល ជា​អ្នក​ដែល​អញ​បាន​ជ្រើស‌រើស អញ​បាន​កំណត់​នាម​ត្រកូល​ដល់​ឯង​ហើយ ទោះ​បើ​ឯង​មិន​បាន​ស្គាល់​អញ​ក៏​ដោយ អញ​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​អញ​ឥត​មាន​ព្រះ​ណា​ទៀត​សោះ អញ​នឹង​ក្រវាត់​ឲ្យ​ឯង ទោះ​បើ​ឯង​មិន​ស្គាល់​អញ​ក៏​ដោយ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្ងៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ គឺ​អញ​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង អញ​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​អញ​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។ ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ស្រក់​ទឹក​ពី​លើ​មក ហើយ​ឲ្យ​ពពក​ចាក់​សេចក្ដី​សុចរិត​ចុះ​មក ចូរ​ឲ្យ​ផែនដី​ហា​ឡើង ឲ្យ​បាន​បង្កើត​ផល​ជា​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​សេចក្ដី​សុចរិត​ពន្លក​ឡើង​ជា​មួយ​គ្នា ឯ​អញ គឺ​យេហូវ៉ា អញ​បាន​បង្កើត​សេចក្ដី​នោះ​ឡើង។ វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​អំបែង​ឆ្នាំង​១​នៅ​ក្នុង​អស់​ទាំង​អំបែង​នៅ​ផែនដី តើ​ដី​ឥដ្ឋ​នឹង​ប្រកែក​ចំពោះ​ជាង​ស្មូន​ថា តើ​ធ្វើ​អ្វី​ដូច្នេះ ឬ​ការ​ដែល​ឯង​ធ្វើ​នឹង​ហ៊ាន​ថា គេ​គ្មាន​ថ្វី‌ដៃ​ទេ ឬ​អី វេទនា​ដល់​អ្នក​ណា ដែល​សួរ​ដល់​ឪពុក​ថា តើ​បាន​បង្កើត​អ្វី​ដូច្នេះ ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សំរាល​អ្វី​មក​យ៉ាង​នេះ។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​សួរ​អញ​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​ខាង​មុខ ចូរ​បង្គាប់​មក​អញ ពី​ដំណើរ​កូន​អញ​ទាំង​ប៉ុន្មាន ហើយ​ពី​ដំណើរ​ការ​ដែល​ដៃ​អញ​ធ្វើ​ផង អញ​បាន​រៀបចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​អញ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​អញ​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ អញ​បាន​លើក​ស៊ីរូស​នេះ​ឡើង​ដោយ​សេចក្ដី​សុចរិត អញ​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ផ្លូវ​របស់​គេ​បាន​ត្រង់ គេ​នឹង​សង់​ទី​ក្រុង​របស់​អញ​ឡើង ហើយ​នឹង​លែង​ពួក​បំបរ‌បង់​របស់​អញ​ឲ្យ​វិល​មក​វិញ មិន​មែន​ដោយ​ទទួល​ថ្លៃ​លោះ ឬ​រង្វាន់​ណា​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កំរៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចំរើន​នៃ​ពួក​អេធីយ៉ូពី នឹង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ នោះ​នឹង​មក​ឯ​ឯង ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​ផង​ឯង​ដែរ គេ​នឹង​ដើរ​តាម​ក្រោយ​ឯង គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់ ហើយ​ទំលាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​ឯង ដោយ​ពាក្យ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​លោក​ជា​ពិត គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ទ្រង់​ឡើយ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អើយ ប្រាកដ​ជា​ទ្រង់​ជា​ព្រះ​ដែល​ពួន​អង្គ ឯ​អស់​ពួក​អ្នក​ដែល​ធ្វើ​រូប​ព្រះ គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា គេ​នឹង​ត្រូវ​គ្រប​ឃ្លុប ដោយ​សេចក្ដី​អៀន‌ខ្មាស​ទាំង​អស់​គ្នា តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល​ឲ្យ​រួច ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ស្ថិត‌ស្ថេរ​អស់​‌កល្ប​ជានិច្ច ឯង​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្មាស ឬ​ជ្រប់​មុខ​ដរាប​ដល់​អស់‌កល្ប​ត​រៀង​ទៅ។ ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ទ្រង់​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី ក៏​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា គឺ​អញ​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ អញ​មិន​បាន​ពោល​ដោយ​សំងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ អញ​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​អញ​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​អញ ព្រះ‌យេហូវ៉ា​នេះ អញ​និយាយ​តាម​សុចរិត អញ​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ។ ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​មូល​មក ហើយ​ចូល​ឲ្យ​ជិត​ចុះ ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ជា​រូប​ព្រះ​ឆ្លាក់​របស់​គេ​ទៅ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ ចូរ​ថ្លែង​ប្រាប់ ហើយ​សំដែង​ហេតុ​ចេញ​ចុះ ត្រូវ​ឲ្យ​ប្រឹក្សា​គ្នា​ផង តើ​អ្នក​ណា​បាន​ប្រាប់​ពី​ការ​នេះ ចាប់​តាំង​ពី​ចាស់​បុរាណ​មក តើ​អ្នក​ណា​បាន​ទាយ​ទុក តាំង​ពី​យូរ​មក​ហើយ តើ​មិន​មែន​អញ ជា​យេហូវ៉ា ទេ​ឬ​អី ក្រៅ​ពី​អញ គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​ជា​ព្រះ​សុចរិត ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ទេ គ្មាន​ណា​មួយ​ក្រៅ​ពី​អញ​ឡើយ អស់​ទាំង​មនុស្ស​នៅ​ចុង​ផែនដី​អើយ ចូរ​មើល​មក​អញ ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​ចុះ ដ្បិត​អញ​នេះ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ អញ​បាន​ស្បថ​ដោយ​ខ្លួន​អញ ពាក្យ​នោះ​បាន​ចេញ​ពី​មាត់​អញ ដោយ​សេចក្ដី​សុចរិត​ហើយ ក៏​មិន​ដែល​ប្រែ‌ប្រួល​ដែរ គឺ​ថា គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ស្បថ​ពី​ដំណើរ​អញ​ថា សេចក្ដី​សុចរិត នឹង​អានុ‌ភាព នោះ​មាន​នៅ​ក្នុង​ព្រះ‌យេហូវ៉ា​តែ​១​ទេ មនុស្ស​ទាំង‌ឡាយ​នឹង​មក​ឯ​ទ្រង់ ហើយ​អស់​អ្នក​ដែល​បាន​ក្តៅ​ក្រហាយ​នឹង​ទ្រង់ គេ​នឹង​ត្រូវ​ខ្មាស​វិញ ឯ​អស់​ទាំង​ពូជ‌ពង្ស​នៃ​អ៊ីស្រាអែល នឹង​បាន​សុចរិត​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​អួត​សរសើរ។

ចែក​រំលែក
អាន អេសាយ 45