អេសាយ 42:1-25

អេសាយ 42:1-25 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: លោក​នេះ​ហើយ​ជា​អ្នក​បម្រើ ដែល​យើង​គាំទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​វិញ្ញាណ​របស់​យើង​លើ​លោក។ លោក​នឹង​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ស្គាល់​ការ​វិនិច្ឆ័យ។ លោក​មិន​ស្រែក ឬ​គំហក​កំហែង ដាក់​នរណា​ឡើយ ហើយ​ក៏​មិន​បន្លឺ​សំឡេង​នៅ​តាម​ផ្លូវ​ដែរ។ លោក​នឹង​មិន​កាច់​ផ្ដាច់​ដើម​ត្រែង​ណា ដែល​ទក់​ហើយ​នោះ​ទេ ហើយ​លោក​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង ដែល​ហៀប​នឹង​រលត់​នោះ​ដែរ លោក​នឹង​នាំ​មក​នូវ​ការ​វិនិច្ឆ័យ​ពិត​មែន! លោក​នឹង​មិន​ទន់​ខ្សោយ​ឡើយ លោក​អង់‌អាច​ជានិច្ច រហូត​ទាល់​តែ​ធ្វើ​ឲ្យ​មាន​ការ​វិនិច្ឆ័យ នៅ​លើ​ផែនដី ហើយ​មនុស្ស​នៅ​តាម​កោះ​នានា​នាំ​គ្នា រង់‌ចាំ​ទទួល​វិន័យ​ពី​លោក។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃ ព្រះអង្គ​បាន​សន្ធឹង​ផែនដី និង​ធ្វើ​ឲ្យ​អ្វីៗ ទាំង​អស់​កកើត​ឡើង។ ព្រះអង្គ​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​ឲ្យ សត្វ​លោក​ទាំង‌ឡាយ​នៅ​លើ​ផែនដី ហើយ​ប្រទាន​ជីវិត​ឲ្យ​អស់​អ្នក​ដែល ចរ‌យាត្រា​នៅ​លើ​ផែនដី​នេះ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់! យើង​បាន​ហៅ​អ្នក​មក ស្រប​តាម​សេចក្ដី​សុចរិត​របស់​យើង។ យើង​កាន់​ដៃ​អ្នក យើង​ទុក​អ្នក​ដោយ​ឡែក ហើយ​តែង‌តាំង​អ្នក​ជា​សម្ពន្ធ‌មេត្រី សម្រាប់​ប្រជា‌ជន ឲ្យ​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​ប្រជា‌ជាតិ​នានា ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ នាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំង ព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។ យើង​មាន​នាម​ថា ព្រះ‌អម្ចាស់ យើង​មិន​ប្រគល់​សិរី‌រុងរឿង​របស់​យើង ទៅ​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! យើង​ក៏​មិន​ឲ្យ​ព្រះ​ក្លែង‌ក្លាយ​ណា ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ! មើល​ចុះ! ហេតុ‌ការណ៍​ផ្សេងៗ​ដែល​កើត​មាន នៅ​គ្រា​ដំបូង បាន​សម្រេច​ជា​រូប​រាង​អស់​ហើយ យើង​ក៏​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នូវ​ហេតុ‌ការណ៍​ឯ​ទៀតៗ​ដែល​នឹង​កើត​មាន គឺ​យើង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​មុន ហេតុ‌ការណ៍​ទាំង​នោះ​កកើត​ជា​រូប​រាង។ អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​សមុទ្រ កោះ​ទាំង‌ឡាយ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​អើយ ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! អស់​អ្នក​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន និង​តាម​ភូមិ​នានា​ក្នុង​វាល​រហោ‌ស្ថាន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង! អស់​អ្នក​ដែល​រស់​នៅ​ភូមិ​របស់​កុល‌សម្ព័ន្ធ​កេដារ និង​អ្នក​ក្រុង​សេឡា​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​រំពង​ឡើង! អស់​អ្នក​ដែល​រស់​នៅ​តាម​កំពូល​ភ្នំ​អើយ ចូរ​នាំ​គ្នា​ស្រែក​អបអរ‌សាទរ! ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ហើយ​សរសើរ​តម្កើង​ព្រះអង្គ នៅ​តាម​កោះ​ទាំង‌ឡាយ! ព្រះ‌អម្ចាស់​ស្រឡាញ់​ប្រជា‌ជន របស់​ព្រះអង្គ​យ៉ាង​ខ្លាំង ព្រះអង្គ​យាង​ចេញ​ទៅ​ដូច​វីរ‌ជន ដូច​អ្នក​ចម្បាំង​ដ៏​ចំណាន ព្រះអង្គ​បន្លឺ​ព្រះ​សូរសៀង ស្រែក​កម្លា ហើយ​យក​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នៅ​ស្ងៀម​តាំង​ពី​យូរ​ណាស់​មក​ហើយ យើង​នៅ​សម្ងំ យើង​ខំ​ទប់​ចិត្ត ឥឡូវ​នេះ យើង​ស្រែក​ដង្ហក់ ដូច​ស្ត្រី​ស្រែក​ថ្ងូរ នៅ​ពេល​សម្រាល​កូន! យើង​នឹង​កម្ទេច​ទាំង​ភ្នំ​ធំ ទាំង​ភ្នំ​តូច យើង​នឹង​ធ្វើ​ឲ្យ​រុក្ខ‌ជាតិ​ក្រៀម​ស្វិត យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ក្លាយ​ទៅ​ជា​ដី​គោក ហើយ​ឲ្យ​បឹង‌បួ​រីង​ហួត‌ហែង។ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ ដែល​គេ​ពុំ​ស្គាល់ យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ ដែល​គេ​ពុំ​ធ្លាប់​ដើរ យើង​នឹង​ប្ដូរ​ភាព​ងងឹត ឲ្យ​ទៅ​ជា​ពន្លឺ​នៅ​មុខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​រដិប‌រដុប ប្រែ​ទៅ​ជា​ផ្លូវ​រាប​ស្មើ។ យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែន គឺ​យើង​នឹង​សម្រេច​ការ​ទាំង​នោះ​ពុំ‌ខាន។ រីឯ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែង‌ក្លាយ ហើយ​ហៅ​រូប​បដិមា​ថា​ជា​ព្រះ​របស់​ខ្លួន មុខ​ជា​ដក​ខ្លួន​ថយ និង​ត្រូវ​អាម៉ាស់។ មនុស្ស​ថ្លង់​អើយ ចូរ​ស្ដាប់​ឮ​ឡើង! មនុស្ស​ខ្វាក់​អើយ ចូរ​បើក​ភ្នែក ហើយ​មើល​ឃើញ​ទៅ! តើ​នរណា​ជា​មនុស្ស​ខ្វាក់ គឺ​អ្នក​បម្រើ​របស់​យើង តើ​នរណា​ថ្លង់​ដូច​អ្នក​នាំ​ពាក្យ ដែល​យើង​ចាត់​ឲ្យ​មក? តើ​នរណា​ខ្វាក់​ដូច​អ្នក​ដែល​យើង ស្រោច​ស្រង់​ឡើង​វិញ គឺ​ខ្វាក់​ដូច​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់? អ្នក​បាន​ឃើញ​ហេតុ‌ការណ៍​ជា​ច្រើន តែ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេ អ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់ តែ​ពុំ​ឮ​អ្វី​សោះ​ឡើយ។ ដោយ​ព្រះ‌អម្ចាស់​សុចរិត ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​របស់ ព្រះអង្គ​បាន​ថ្កុំ‌ថ្កើង​រុងរឿង។ ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់ ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ហើយ​ត្រូវ​គេ​ឃុំ‌ឃាំង​ទាំង​អស់​គ្នា។ ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេ តែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយ ខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេ តែ​គ្មាន​នរណា​អើពើ​ទាម‌ទារ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​វិញ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​នរណា ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ? ទៅ​អនាគត តើ​មាន​នរណា យក​ចិត្ត​ទុក​ដាក់​ស្ដាប់? តើ​នរណា​បាន​ប្រគល់​ពូជ‌ពង្ស​លោក​យ៉ាកុប ទៅ​ឲ្យ​ខ្មាំង​រឹប​អូស? តើ​នរណា​បាន​ប្រគល់​កូន​ចៅ​អ៊ីស្រា‌អែល ទៅ​ឲ្យ​ខ្មាំង​ប្លន់​ដូច្នេះ? គឺ​ព្រះ‌អម្ចាស់​ដែល​ធ្វើ​ដូច្នេះ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ យើង​ខ្ញុំ​មិន​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ហើយ​មិន​ព្រម​ស្ដាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ជះ​ព្រះ‌ពិរោធ មក​លើ​ស្រុក​អ៊ីស្រា‌អែល ដោយ​ធ្វើ​ឲ្យ​ភ្លើង​សង្គ្រាម​ផ្ទុះ​ឡើង ឆេះ​រាល‌ដាល​គ្រប់​ទិស‌ទី។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​ពុំ​បាន​ភ្ញាក់​ខ្លួន ហើយ​ទោះ​បី​គេ​ហិន‌ហោច​យ៉ាង​នេះ​ក្ដី ក៏​គេ​ពុំ​អើពើ​ដែរ។