អេសាយ 4
4
1នៅគ្រានោះ ស្ត្រីប្រាំពីរនាក់
នឹងចោមរោមចង់បានបុរសម្នាក់
ទាំងពោលថា៖
«សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង
សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ
យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង
យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។
អនាគតរបស់ក្រុងយេរូសាឡឹម
2នៅគ្រានោះ ព្រះអម្ចាស់នឹងធ្វើឲ្យពន្លកមួយលូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រាអែលដែលនៅសល់ពីស្លាប់ ឲ្យមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំឲ្យពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ 3ពេលនោះ អ្នកនៅក្រុងស៊ីយ៉ូនដែលសល់ពីស្លាប់ អ្នកក្រុងយេរូសាឡឹមដែលបានរួចជីវិត នឹងមានឈ្មោះថា «ជនដ៏វិសុទ្ធ»។ ព្រះអម្ចាស់កត់ឈ្មោះអ្នកទាំងនោះ ដើម្បីឲ្យគេរស់នៅក្នុងក្រុងយេរូសាឡឹម។ 4ព្រះអម្ចាស់នឹងផ្លុំខ្យល់មកដូចភ្លើង ដើម្បីវិនិច្ឆ័យ និងជម្រះអ្នកក្រុងស៊ីយ៉ូន ឲ្យបានរួចផុតពីអំពើសៅហ្មង។ ព្រះអង្គក៏លាងឈាមដែលគេបានបង្ហូរ នៅក្រុងយេរូសាឡឹមដែរ។
5 បន្ទាប់មក ព្រះអម្ចាស់នឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់ព្រះអម្ចាស់នឹងគ្របបាំងការពារអ្វីៗទាំងអស់។ 6សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រផ្ដល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជម្រក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.