អេសាយ 35:1-10

អេសាយ 35:1-10 គខប

វាល​រហោ‌ស្ថាន និង​ដី​ហួត‌ហែង ចូរ​រីក‌រាយ​ឡើង! រីឯ​វាល​ខ្សាច់ ចូរ​ត្រេក​អរ​សប្បាយ ហើយ​មាន​ផ្កា​រីក​ស្គុស‌ស្គាយ​ឡើង! ចូរ​មាន​ផ្កា​ដុះ​ដេរ‌ដាស ហើយ​ត្រេក​អរ​សប្បាយ ព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីក‌រាយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ទឹក​ដី​នេះ រុងរឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់ មាន​សោភណ‌ភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែល និង​ដូច​ចម្ការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។ ពេល​នោះ ប្រជា‌ជន​នឹង​ឃើញ សិរី‌រុងរឿង និង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ ចូរ​ជួយ​អ្នក​ដែល​ទន់​ដៃ​ទន់​ជើង ឲ្យ​មាន​កម្លាំង​រឹង‌ប៉ឹង​មាំ‌មួន​ឡើង​វិញ! ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់‌ស្លុត​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! មើល៍‌ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា! ព្រះអង្គ​យាង​មក​សង‌សឹក ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នា គឺ​ព្រះអង្គ​ផ្ទាល់ យាង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា។ ពេល​នោះ មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​មនុស្ស​គ​នឹង​ច្រៀង​យ៉ាង​រីក‌រាយ ដ្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​មាន​ទឹក​ជ្រោះ​ហូរ នៅ​វាល​ហួត‌ហែង។ ដី​បែក​ក្រហែង​នឹង​ក្លាយ​ទៅ​ជា​បឹង‌បួរ ស្រុក​ដែល​ធ្លាប់​តែ​រីង​ស្ងួត បែរ​ជា​មាន​ប្រភព​ទឹក​ផុស​ឡើង​ជា​ច្រើន នៅ​តាម​រូង​ចចក បែរ​ជា​មាន​ដើម​ត្រែង និង​ដើម​កក់​ដុះ​វិញ។ នៅ​ទី​នោះ នឹង​មាន​ផ្លូវ​មួយ​ឈ្មោះ​ហៅ​ថា «ផ្លូវ​ដ៏វិសុទ្ធ»។ មនុស្ស​មិន​បរិសុទ្ធ​មិន​អាច​ដើរ​តាម​ផ្លូវ​នោះ​ទេ ហើយ​អ្នក​គោរព​ព្រះ​ក្លែង‌ក្លាយ ក៏​ដើរ​តាម​ផ្លូវ​នោះ​មិន​បាន​ដែរ ព្រោះ​ព្រះ‌អម្ចាស់​ផ្ទាល់​ទ្រង់​យាង​នាំ​មុខ​គេ។ គ្មាន​សត្វ​សិង្ហ សត្វ​សាហាវ នៅ​តាម​ផ្លូវ​នោះ​ទេ មាន​តែ​ពួក​ឈ្លើយ​ដែល​ព្រះអង្គ​បាន​លោះ មក​វិញ​ប៉ុណ្ណោះ​ដែល​ដើរ​តាម​ផ្លូវ​នោះ។ ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ដោយ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ