អេសាយ 35:1-10

អេសាយ 35:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទី​រហោ‌ស្ថាន ហើយ​ទី​ហួត‌ហែង នឹង​មាន​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីក‌រាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុលាប គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីក‌រាយ​ដោយ​អំណរ និង​បទ​ចម្រៀង​ផង គេ​នឹង​លើក​សេចក្ដី​សរសើរ​ពី​លម្អ​នៃ​ព្រៃ​ល្បាណូន ផ្ទេរ​ទៅ​ឲ្យ​ដល់​សមុទ្រ​ខ្សាច់​វិញ ព្រម​ទាំង​សេចក្ដី​រុងរឿង​នៃ​ភ្នំ​កើមែល និង​វាល​សារ៉ុន​ផង គេ​នឹង​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​រុងរឿង​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។ ចូរ​ចម្រើន​កម្លាំង​ដៃ​ដែល​ខ្សោយ ហើយ​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំ‌មួន​ឡើង។ ត្រូវ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​មាន​កម្លាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល៍ ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​យាង​មក​សង‌សឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ព្រះ‌អង្គ​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។ គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ ខ្សាច់​ដែល​ក្តៅ​ព្រោចៗ​នឹង​ត្រឡប់​ជា​ត្រពាំង​ទឹក ហើយ​ដី​ហួត‌ហែង​នឹង​មាន​ក្បាល​ទឹក​ហូរ នៅ​ត្រង់​ទី​លំនៅ​របស់​ចចក ជា​កន្លែង​ដែល​វា​ដេក នោះ​នឹង​មាន​ដុះ​ស្មៅ ព្រម​ទាំង​បបុស និង​កក់​ផង។ ហើយ​នៅ​ទី​នោះ​នឹង​មាន​ថ្នល់​មួយ ជា​ផ្លូវ​ដែល​គេ​ហៅ​ថា «ផ្លូវ​បរិសុទ្ធ» ពួក​មនុស្ស​ស្មោក‌គ្រោក​នឹង​មិន​ដែល​ដើរ​តាម​ផ្លូវ​នោះ​ឡើយ គឺ​ផ្លូវ​នោះ ទុក​សម្រាប់​តែ​ពួក​អ្នក ដែល​បាន​ប្រោស​លោះ​ប៉ុណ្ណោះ ឯ​អ្នក​ដំណើរ ទោះ​បើ​ជា​មនុស្ស​ល្ងី‌ល្ងើ ក៏​មិន​វង្វេង​ដែរ។ នឹង​គ្មាន​សិង្ហ ឬ​សត្វ​កំណាច​ណា ឡើង​មក​តាម​នោះ​ឡើយ គេ​ក៏​នឹង​មិន​ដែល​ប្រទះ​ឃើញ​វា​ដែរ គឺ​មាន​តែ​ពួក​ប្រោស​លោះ​ដែល​នឹង​ដើរ​តាម​នោះ។ ឯ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេក‌អរ និង​សេចក្ដី​រីក‌រាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ។

ចែក​រំលែក
អាន អេសាយ 35

អេសាយ 35:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

វាល​រហោ‌ស្ថាន និង​ដី​ហួត‌ហែង ចូរ​រីក‌រាយ​ឡើង! រីឯ​វាល​ខ្សាច់ ចូរ​ត្រេក​អរ​សប្បាយ ហើយ​មាន​ផ្កា​រីក​ស្គុស‌ស្គាយ​ឡើង! ចូរ​មាន​ផ្កា​ដុះ​ដេរ‌ដាស ហើយ​ត្រេក​អរ​សប្បាយ ព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីក‌រាយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ទឹក​ដី​នេះ រុងរឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់ មាន​សោភណ‌ភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែល និង​ដូច​ចម្ការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។ ពេល​នោះ ប្រជា‌ជន​នឹង​ឃើញ សិរី‌រុងរឿង និង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ ចូរ​ជួយ​អ្នក​ដែល​ទន់​ដៃ​ទន់​ជើង ឲ្យ​មាន​កម្លាំង​រឹង‌ប៉ឹង​មាំ‌មួន​ឡើង​វិញ! ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់‌ស្លុត​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! មើល៍‌ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា! ព្រះអង្គ​យាង​មក​សង‌សឹក ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នា គឺ​ព្រះអង្គ​ផ្ទាល់ យាង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា។ ពេល​នោះ មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​មនុស្ស​គ​នឹង​ច្រៀង​យ៉ាង​រីក‌រាយ ដ្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​មាន​ទឹក​ជ្រោះ​ហូរ នៅ​វាល​ហួត‌ហែង។ ដី​បែក​ក្រហែង​នឹង​ក្លាយ​ទៅ​ជា​បឹង‌បួរ ស្រុក​ដែល​ធ្លាប់​តែ​រីង​ស្ងួត បែរ​ជា​មាន​ប្រភព​ទឹក​ផុស​ឡើង​ជា​ច្រើន នៅ​តាម​រូង​ចចក បែរ​ជា​មាន​ដើម​ត្រែង និង​ដើម​កក់​ដុះ​វិញ។ នៅ​ទី​នោះ នឹង​មាន​ផ្លូវ​មួយ​ឈ្មោះ​ហៅ​ថា «ផ្លូវ​ដ៏វិសុទ្ធ»។ មនុស្ស​មិន​បរិសុទ្ធ​មិន​អាច​ដើរ​តាម​ផ្លូវ​នោះ​ទេ ហើយ​អ្នក​គោរព​ព្រះ​ក្លែង‌ក្លាយ ក៏​ដើរ​តាម​ផ្លូវ​នោះ​មិន​បាន​ដែរ ព្រោះ​ព្រះ‌អម្ចាស់​ផ្ទាល់​ទ្រង់​យាង​នាំ​មុខ​គេ។ គ្មាន​សត្វ​សិង្ហ សត្វ​សាហាវ នៅ​តាម​ផ្លូវ​នោះ​ទេ មាន​តែ​ពួក​ឈ្លើយ​ដែល​ព្រះអង្គ​បាន​លោះ មក​វិញ​ប៉ុណ្ណោះ​ដែល​ដើរ​តាម​ផ្លូវ​នោះ។ ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ដោយ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។

ចែក​រំលែក
អាន អេសាយ 35

អេសាយ 35:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទី​រហោ‌ស្ថាន ហើយ​ទី​ហួត‌ហែង នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីក‌រាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុឡាប គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីក‌រាយ​ដោយ​សេចក្ដី​អំណរ នឹង​បទ​ចំរៀង​ផង គេ​នឹង​លើក​សេចក្ដី​សរសើរ​ពី​លំអ​នៃ​ព្រៃ​ល្បាណូន​ផ្ទេរ​ទៅ​ឲ្យ​ដល់​សមុទ្រ​ខ្សាច់​វិញ ព្រម​ទាំង​សេចក្ដី​រុងរឿង​នៃ​ភ្នំ​កើមែល នឹង​វាល​សារ៉ុន​ផង គេ​នឹង​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​រុងរឿង​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។ ចូរ​ចំរើន​កំឡាំង​ដៃ​ដែល​ខ្សោយ ហើយ​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំ‌មួន​ឡើង ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​យាង​មក​សង‌សឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ទ្រង់​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។ គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្តាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ ខ្សាច់​ដែល​ក្តៅ​ព្រោចៗ​នឹង​ត្រឡប់​ជា​ត្រពាំង​ទឹក ហើយ​ដី​ហួត‌ហែង​នឹង​មាន​ក្បាល​ទឹក​ហូរ នៅ​ត្រង់​ទី​លំនៅ​របស់​ចចក ជា​កន្លែង​ដែល​វា​ដេក នោះ​នឹង​មាន​ដុះ​ស្មៅ ព្រម​ទាំង​បបុស នឹង​កក់​ផង ហើយ​នៅ​ទី​នោះ​នឹង​មាន​ថ្នល់​១ ជា​ផ្លូវ​ដែល​គេ​នឹង​ហៅ​ថា «ផ្លូវ​បរិសុទ្ធ» ពួក​មនុស្ស​ស្មោក‌គ្រោក​នឹង​មិន​ដែល​ដើរ​តាម​ផ្លូវ​នោះ​ឡើយ គឺ​ផ្លូវ​នោះ នឹង​ទុក​សំរាប់​តែ​ពួក​អ្នក ដែល​បាន​ប្រោស​លោះ​ប៉ុណ្ណោះ ឯ​មនុស្ស​ដែល​ដើរ​ដំណើរ ទោះ​បើ​ជា​មនុស្ស​ល្ងី‌ល្ងើ​ក៏​ដោយ គង់​តែ​មិន​វង្វេង​ដែរ នឹង​គ្មាន​សិង្ហ ឬ​សត្វ​កំណាច​ណា ឡើង​មក​តាម​នោះ​ឡើយ គេ​ក៏​នឹង​មិន​ដែល​ប្រទះ​ឃើញ​វា​ដែរ គឺ​មាន​តែ​ពួក​ប្រោស​លោះ​ដែល​នឹង​ដើរ​តាម​នោះ ឯ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេក‌អរ នឹង​សេចក្ដី​រីក‌រាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ នឹង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ។

ចែក​រំលែក
អាន អេសាយ 35

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ