អេសាយ 34:1-17

អេសាយ 34:1-17 គខប

ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ចូល​មក ហើយ​ស្ដាប់​ចុះ ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក! ផែនដី និង​អ្វីៗ​នៅ​លើ​ផែនដី ពិភព​លោក និង​អ្វីៗ​ដែល​កើត​ចេញ ពី​ពិភព​លោក ចូរ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ចុះ! ព្រះ‌អម្ចាស់​ទាស់​ព្រះ‌ហឫទ័យ​នឹង ប្រជា‌ជាតិ​ទាំង​អស់ ព្រះអង្គ​ព្រះ‌ពិរោធ​នឹង​កង‌ទ័ព​ទាំង​ប៉ុន្មាន របស់​ពួក​គេ។ ព្រះអង្គ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ព្រះអង្គ​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង សម្លាប់​រង្គាល។ សាក‌សព​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល ឲ្យ​មាន​ក្លិន​អសោច ហើយ​ឈាម​របស់​ពួក​គេ​ហូរ​ពាស‌ពេញ​ភ្នំ។ ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​នឹង​រលាយ​សូន្យ ផ្ទៃ​មេឃ​នឹង​ត្រូវ​រមូរ ដូច​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​អ្វីៗ​នៅ​លើ​មេឃ​នឹង​ជ្រុះ​អស់ ដូច​ស្លឹក​ទំពាំង‌បាយជូរ និង​ស្លឹក​ឧទុម្ពរ ដែល​ជ្រុះ​អស់​នោះ​ដែរ។ ព្រះ‌អម្ចាស់​កំពុង​គ្រវី​ព្រះ‌ខ័ន​នៅ​លើ​មេឃ ព្រះ‌ខ័ន​នេះ​នឹង​ធ្លាក់​មក​លើ​ស្រុក​អេដុម ដើម្បី​បំផ្លាញ​ប្រជា‌ជន ដែល​ព្រះអង្គ​បាន​កាត់​ទោស​នេះ ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ។ ព្រះ‌ខ័ន​របស់​ព្រះ‌អម្ចាស់​ប្រឡាក់​សុទ្ធ​តែ ឈាម និង​ខ្លាញ់ គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោល ដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន របស់​ចៀម​ឈ្មោល ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​បូសរ៉ា ហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំង នៅ​ស្រុក​អេដុម។ នៅ​ពេល​នោះ ក្របី គោ​ស្ទាវ និង​គោ​បា វិនាស​ជា​មួយ​គ្នា ដី​នឹង​ជោក​ជាំ​ទៅ​ដោយ​ឈាម ហើយ​ធូលី​ដី​នឹង​ប្រឡាក់​ជោក​ទៅ​ដោយ​ខ្លាញ់ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់ សង‌សឹក​ខ្មាំង​សត្រូវ ហើយ​នៅ​ឆ្នាំ​នោះ ព្រះអង្គ​ជម្រះ​បញ្ជី​ពួក​គេ ជំនួស​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន។ ទឹក​ជ្រោះ​នៅ​ស្រុក​អេដុម​នឹង​ក្លាយ​ជា​ធ្យូង​ថ្ម ដី​របស់​គេ​នឹង​ក្លាយ​ជា​ស្ពាន់ធ័រ ហើយ​ស្រុក​របស់​គេ ប្រៀប​ដូច​ជា​ធ្យូង​ដែល​កំពុង​តែ​ឆេះ​គគុក។ គឺ​មាន​ភ្លើង​ឆេះ​ទាំង​ថ្ងៃ​ទាំង​យប់ មាន​ផ្សែង​ហុយ​អស់‌កល្ប​ជានិច្ច។ ស្រុក​ទេស​របស់​គេ​នឹង​នៅ​ជា​ទី​ស្មសាន ជា​ដរាប​ត​រៀង​ទៅ ឥត​មាន​នរណា​ម្នាក់ ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ។ សត្វ​ទុង និង​កាំ‌ប្រមា មក​អាស្រ័យ​នៅ​ក្នុង​ស្រុក ហើយ​ទីទុយ និង​ក្អែក ក៏​នាំ​គ្នា​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ស្រុក​វិនាស​ហិន‌ហោច ឥត​រូប​រាង​អ្វី​ទៀត​ឡើយ។ នៅ​ក្នុង​ស្រុក​នឹង​លែង​មាន​អ្នក​ធំ ដើម្បី​ជ្រើស​រើស​ស្ដេច​ឲ្យ​ឡើង សោយ​រាជ្យ​ទៀត​ហើយ រីឯ​អ្នក​ដឹក​នាំ​ស្រុក​ក៏​បាត់​សូន្យ​អស់​ដែរ។ គុម្ព​បន្លា​នឹង​ដុះ​នៅ​តាម​កំពែង​ក្រុង បន្លា​ស្អិត និង​ដើម​ដំបង‌យក្ស​នឹង​ដុះ​នៅ ពាស‌ពេញ​បន្ទាយ ដែល​ក្លាយ​ទៅ​ជា​ជម្រក​របស់​ចចក និង​ជា​ទ្រនំ​របស់​សត្វ​ត្មាត។ សត្វ​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន មក​ជួប‌ជុំ​នឹង​សត្វ​ស្វាន​នៅ​ទី​នោះ ពពែ​ព្រៃ​មក​ជួប‌ជុំ​គ្នា ហើយ​ព្រាយ​បិសាច​ក៏​មក​តាំង​ទី​លំ‌នៅ និង​សម្រាក​នៅ​ទី​នោះ​ដែរ។ រីឯ​ពស់​វែក​មក​ធ្វើ​រូង និង​ដាក់​ពង​នៅ​ទី​នោះ រួច​ភ្ញាស់​កូន​របស់​វា។ ខ្លែង‌ស្រាក​ក៏​ហើរ​ទាំង​ហ្វូងៗ មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។ ចូរ​ពិនិត្យ​មើល​ក្នុង​គម្ពីរ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​សេចក្ដី​ដែល​មាន​ចែង ថា: «សត្វ​ទាំង​នោះ​នឹង​នាំ​គ្នា​មក ឥត​ខ្វះ​មួយ​ណា​ឡើយ គឺ​វា​ធ្វើ​តាម​បង្គាប់​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា ដ្បិត​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ នឹង​ប្រមែ‌ប្រមូល​វា​មក។ ព្រះអង្គ​ជ្រើស​រើស​កន្លែង​សម្រាប់​សត្វ​ទាំង​នោះ ហើយ​វាស់​ទឹក​ដី​ចែក​ឲ្យ​ពួក​វា ពួក​វា​ធ្វើ​ជា​ម្ចាស់ និង​រស់​នៅ​លើ​ទឹក​ដី​នោះ រហូត​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។