អេសាយ 34:1-17

អេសាយ 34:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ឲ្យ​ចូល​មក​ជិត​នឹង​ស្តាប់​ចុះ អស់​ទាំង​ប្រជា‌ជាតិ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ត្រូវ​ឲ្យ​ផែនដី និង​របស់​សព្វ​សារពើ​នៅ​លើ​ផែនដី​ស្តាប់​ដែរ ព្រម​ទាំង​លោកិយ៍ និង​របស់​ទាំង​ប៉ុន្មាន ដែល​កើត​ចេញ​ពី​ដីនោះ​ដែរ។ ព្រោះ​យេហូវ៉ា​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​គ្រប់​ទាំង​សាសន៍ ហើយ​ព្រះ‌អង្គ​ក្រោធ​ចំពោះ​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ ព្រះ‌អង្គ​បំផ្លាញ​គេ​អស់​រលីង ក៏​បាន​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​ស្លាប់។ ខ្មោច​របស់​គេ​ដែល​ត្រូវ​សម្លាប់​នោះ បាន​បោះ​ចោល​ទៅ ក្លិន​ស្អុយ​ពី​សាក‌សព​ទាំង​នោះ​នឹង​សាយ​ឡើង ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​រលាយ​ទៅ​ដោយ​ឈាម​គេ។ ឯ​បណ្ដា​ពល‌បរិវារ​នៅ​លើ​មេឃ​នឹង​ត្រូវ​រៀវ‌សូន្យ​ទៅ ផ្ទៃ​មេឃ​នឹង​ត្រូវ​មូរ​ឡើង​ដូច​ជា​រមូរ​សៀវភៅ ហើយ​គ្រប់​ទាំង​ពួក​ពល‌បរិវារ នោះ​នឹង​រោយ​រុះ​ទៅ ដូច​ជា​ស្លឹក​ទំពាំង‌បាយ‌ជូរ​ក្រៀម​ជ្រុះ​ចាក​ដើម ក៏​ដូច​ជា​ស្លឹក​ស្រពោន​ជ្រុះ​ចាក​ដើម​ល្វា​ដែរ។ ពេល​ដាវ​របស់​យើង​បាន​ឆ្អែត​នៅ​លើ​មេឃ​ហើយ មើល៍ នឹង​ចុះ​មក​លើ​ស្រុក​អេដុម គឺ​លើ​សាសន៍​ដែល​យើង​បាន​ដាក់​បណ្ដាសា ដើម្បី​នឹង​ធ្វើ​ទោស​ដល់​គេ​ទៀត។ ដាវ​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​កូន​ចៀម និង​ពពែ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នៅ​អង្គញ់​នៃ​ចៀម​ឈ្មោល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ការ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​បុសរ៉ា ក៏​មាន​ការសម្លាប់​យ៉ាង​សម្បើម​នៅ​ក្នុង​ស្រុក​អេដុម។ ឯ​ពួក​ទន្សោង​នឹង​ដួល​ចុះ​ជា‌មួយ​គេ ព្រម​ទាំង​គោ​ស្ទាវ និង​គោ​ចាស់​ផង ក្នុង​ស្រុក​នឹង​មាន​ឈាម​ដាប ហើយ​ធូលី​ដី​នឹង​បាន​ជោក​ដោយ​ខ្លាញ់។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ថ្ងៃ​សម្រាប់​សង‌សឹក មាន​ឆ្នាំ​សម្រាប់​ស្នង​ដល់​គេ​ជំនួស​ក្រុង​ស៊ីយ៉ូន។ ជ្រោះ​ទឹក​នៅ​ស្រុក​អេដុម​នឹង​ត្រឡប់​ជា​ជ័រ ធូលី​ដី​នឹង​ត្រឡប់​ជា​ស្ពាន់‌ធ័រ ហើយ​ស្រុក​គេ​នឹង​មាន​ពេញ​ជា​ជ័រ​ឆេះ។ ភ្លើង​នោះ​នឹង​មិន​រលត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ផ្សែង​នឹង​ហុយ​ឡើង​ជា​ដរាប។ ស្រុក​នោះ​នឹង​វិនាស​ហិន​ហោច​គ្រប់​ទាំង​តំណ​មនុស្ស ឥត​ដែល​មាន​អ្នក​ណា​ដើរ​កាត់​តាម​នោះ​ជា​រៀង​រហូ​តតទៅ។ ប៉ុន្តែ សត្វ​ទុង និង​កាំ​ប្រមា នឹង​បាន​ស្រុក​នោះ​ជា​លំនៅ​វិញ ហើយ​សត្វ​គូក និង​ក្អែក នឹង​អាស្រ័យ​នៅ​ទី​នោះ​ដែរ ព្រះ‌អង្គ​នឹង​សន្ធឹង​ខ្សែ​វាស់​នៅ​លើ​ស្រុក​នោះ ឲ្យ​ត្រូវ​ខូច‌បង់ ហើយ​ស្ទង់​ខ្សែ​ប្រ‌យោល ឲ្យ​ត្រូវ​សូន្យ​ទទេ។ គេ​នឹង​ហៅ​ពួក​ត្រកូល​ខ្ពស់​មក​ឲ្យ​តាំង​រាជ្យ​ឡើង តែ​គ្មាន​អ្នក​ណា​មក​ឡើយ ឯ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នឹង​ផុត​អស់​ទៅ។ បន្លា​នឹង​ដុះ​នៅ​ក្នុង​ព្រះ‌រាជ​ដំណាក់ ហើយ​អញ្ចាញ និង​ដំបង​យក្ខ នឹង​ដុះ​នៅ​ក្នុង​បន្ទាយ​របស់​គេ​ដែរ ស្រុក​នោះ​នឹង​ក្លាយ​ជា​ទី​លំនៅ​របស់​ឆ្កែ​ព្រៃ ហើយ​ជា​រោង​សម្រាប់​សត្វ​អូទ្រុស។ អស់​ទាំង​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន នឹង​ជួប​ជុំ​ជា‌មួយ​ហ្វូង​ចចក ហើយ​ពពែ​ព្រៃ​នឹង​ស្រែក​ឆ្លើយ​គ្នា បក្សី​រាត្រី​នឹង​ចុះ​មក​ទំ​នៅ​ទី​នោះ ហើយ​ធ្វើ​សម្បុក​នៅ​ដែរ។ ពស់​វែក​នឹង​ធ្វើ​សម្បុក​នៅ​ទី​នោះ ព្រម​ទាំង​ពង ហើយ​ញាស់​កូន​ផង រួច​ប្រមូល​កូន​មក​ការពារ សត្វ​ស្ទាំង​នឹង​ហើរ​មក​ទាំង​គូៗ ប្រជុំ​នៅ​ទី​នោះ​ដែរ។ ចូរ​ស្វែង​រក​ក្នុង​គម្ពីរ​របស់​ព្រះ‌យេហូវ៉ា ហើយ​អាន​មើល​ចុះ នឹង​គ្មាន​សត្វ​ណា​មួយ​នេះ​ខាន​មក ហើយ​គ្មាន​ណា​មួយ​ឥត​គូ​ឡើយ ដ្បិត​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​បាន​បង្គាប់​ហើយ ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​ក៏​បាន​ប្រមូល​មក​ដែរ។ ព្រះ‌អង្គ​បាន​បោះ​ឆ្នោត​ឲ្យ​ពួក​សត្វ​ទាំង​នោះ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​វាស់​ចែក​ស្រុក​ឲ្យ គេ​រាល់​គ្នា​នឹង​បាន​ស្រុក​នោះ ជា​រៀង‌រាប​ដរាប ហើយ​នឹង​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​តំណ​មនុស្ស​ត​រៀង​ទៅ។

ចែក​រំលែក
អាន អេសាយ 34

អេសាយ 34:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ចូល​មក ហើយ​ស្ដាប់​ចុះ ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក! ផែនដី និង​អ្វីៗ​នៅ​លើ​ផែនដី ពិភព​លោក និង​អ្វីៗ​ដែល​កើត​ចេញ ពី​ពិភព​លោក ចូរ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ចុះ! ព្រះ‌អម្ចាស់​ទាស់​ព្រះ‌ហឫទ័យ​នឹង ប្រជា‌ជាតិ​ទាំង​អស់ ព្រះអង្គ​ព្រះ‌ពិរោធ​នឹង​កង‌ទ័ព​ទាំង​ប៉ុន្មាន របស់​ពួក​គេ។ ព្រះអង្គ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ព្រះអង្គ​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង សម្លាប់​រង្គាល។ សាក‌សព​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោល ឲ្យ​មាន​ក្លិន​អសោច ហើយ​ឈាម​របស់​ពួក​គេ​ហូរ​ពាស‌ពេញ​ភ្នំ។ ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​នឹង​រលាយ​សូន្យ ផ្ទៃ​មេឃ​នឹង​ត្រូវ​រមូរ ដូច​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​អ្វីៗ​នៅ​លើ​មេឃ​នឹង​ជ្រុះ​អស់ ដូច​ស្លឹក​ទំពាំង‌បាយជូរ និង​ស្លឹក​ឧទុម្ពរ ដែល​ជ្រុះ​អស់​នោះ​ដែរ។ ព្រះ‌អម្ចាស់​កំពុង​គ្រវី​ព្រះ‌ខ័ន​នៅ​លើ​មេឃ ព្រះ‌ខ័ន​នេះ​នឹង​ធ្លាក់​មក​លើ​ស្រុក​អេដុម ដើម្បី​បំផ្លាញ​ប្រជា‌ជន ដែល​ព្រះអង្គ​បាន​កាត់​ទោស​នេះ ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ។ ព្រះ‌ខ័ន​របស់​ព្រះ‌អម្ចាស់​ប្រឡាក់​សុទ្ធ​តែ ឈាម និង​ខ្លាញ់ គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោល ដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន របស់​ចៀម​ឈ្មោល ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​បូសរ៉ា ហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំង នៅ​ស្រុក​អេដុម។ នៅ​ពេល​នោះ ក្របី គោ​ស្ទាវ និង​គោ​បា វិនាស​ជា​មួយ​គ្នា ដី​នឹង​ជោក​ជាំ​ទៅ​ដោយ​ឈាម ហើយ​ធូលី​ដី​នឹង​ប្រឡាក់​ជោក​ទៅ​ដោយ​ខ្លាញ់ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់ សង‌សឹក​ខ្មាំង​សត្រូវ ហើយ​នៅ​ឆ្នាំ​នោះ ព្រះអង្គ​ជម្រះ​បញ្ជី​ពួក​គេ ជំនួស​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន។ ទឹក​ជ្រោះ​នៅ​ស្រុក​អេដុម​នឹង​ក្លាយ​ជា​ធ្យូង​ថ្ម ដី​របស់​គេ​នឹង​ក្លាយ​ជា​ស្ពាន់ធ័រ ហើយ​ស្រុក​របស់​គេ ប្រៀប​ដូច​ជា​ធ្យូង​ដែល​កំពុង​តែ​ឆេះ​គគុក។ គឺ​មាន​ភ្លើង​ឆេះ​ទាំង​ថ្ងៃ​ទាំង​យប់ មាន​ផ្សែង​ហុយ​អស់‌កល្ប​ជានិច្ច។ ស្រុក​ទេស​របស់​គេ​នឹង​នៅ​ជា​ទី​ស្មសាន ជា​ដរាប​ត​រៀង​ទៅ ឥត​មាន​នរណា​ម្នាក់ ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ។ សត្វ​ទុង និង​កាំ‌ប្រមា មក​អាស្រ័យ​នៅ​ក្នុង​ស្រុក ហើយ​ទីទុយ និង​ក្អែក ក៏​នាំ​គ្នា​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ស្រុក​វិនាស​ហិន‌ហោច ឥត​រូប​រាង​អ្វី​ទៀត​ឡើយ។ នៅ​ក្នុង​ស្រុក​នឹង​លែង​មាន​អ្នក​ធំ ដើម្បី​ជ្រើស​រើស​ស្ដេច​ឲ្យ​ឡើង សោយ​រាជ្យ​ទៀត​ហើយ រីឯ​អ្នក​ដឹក​នាំ​ស្រុក​ក៏​បាត់​សូន្យ​អស់​ដែរ។ គុម្ព​បន្លា​នឹង​ដុះ​នៅ​តាម​កំពែង​ក្រុង បន្លា​ស្អិត និង​ដើម​ដំបង‌យក្ស​នឹង​ដុះ​នៅ ពាស‌ពេញ​បន្ទាយ ដែល​ក្លាយ​ទៅ​ជា​ជម្រក​របស់​ចចក និង​ជា​ទ្រនំ​របស់​សត្វ​ត្មាត។ សត្វ​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន មក​ជួប‌ជុំ​នឹង​សត្វ​ស្វាន​នៅ​ទី​នោះ ពពែ​ព្រៃ​មក​ជួប‌ជុំ​គ្នា ហើយ​ព្រាយ​បិសាច​ក៏​មក​តាំង​ទី​លំ‌នៅ និង​សម្រាក​នៅ​ទី​នោះ​ដែរ។ រីឯ​ពស់​វែក​មក​ធ្វើ​រូង និង​ដាក់​ពង​នៅ​ទី​នោះ រួច​ភ្ញាស់​កូន​របស់​វា។ ខ្លែង‌ស្រាក​ក៏​ហើរ​ទាំង​ហ្វូងៗ មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។ ចូរ​ពិនិត្យ​មើល​ក្នុង​គម្ពីរ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​សេចក្ដី​ដែល​មាន​ចែង ថា: «សត្វ​ទាំង​នោះ​នឹង​នាំ​គ្នា​មក ឥត​ខ្វះ​មួយ​ណា​ឡើយ គឺ​វា​ធ្វើ​តាម​បង្គាប់​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា ដ្បិត​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ នឹង​ប្រមែ‌ប្រមូល​វា​មក។ ព្រះអង្គ​ជ្រើស​រើស​កន្លែង​សម្រាប់​សត្វ​ទាំង​នោះ ហើយ​វាស់​ទឹក​ដី​ចែក​ឲ្យ​ពួក​វា ពួក​វា​ធ្វើ​ជា​ម្ចាស់ និង​រស់​នៅ​លើ​ទឹក​ដី​នោះ រហូត​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។

ចែក​រំលែក
អាន អេសាយ 34

អេសាយ 34:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ឲ្យ​ចូល​មក​ជិត នឹង​ស្តាប់​ចុះ អស់​ទាំង​ប្រជា‌ជាតិ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ត្រូវ​ឲ្យ​ផែនដី នឹង​របស់​សព្វ​សារពើ​នៅ​លើ​ផែនដី​ស្តាប់​ដែរ ព្រម​ទាំង​លោកីយ នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​កើត​ចេញ​ពី​នោះ​ផង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​គ្រប់​ទាំង​សាសន៍ ហើយ​ទ្រង់​ក្រោធ​ចំពោះ​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង ក៏​បាន​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​ស្លាប់ ខ្មោច​របស់​គេ​ដែល​ត្រូវ​សំឡាប់​នោះ នឹង​បាន​បោះ​ចោល​ទៅ ក្លិន​ស្អុយ​ពី​សាក‌សព​ទាំង​នោះ​នឹង​សាយ​ឡើង ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​រលាយ​ទៅ​ដោយ​ឈាម​គេ ឯ​បណ្តា​ពល‌បរិវារ​នៅ​លើ​មេឃ​នឹង​ត្រូវ​រៀវ‌សូន្យ​ទៅ ផ្ទៃ​មេឃ​នឹង​ត្រូវ​មូរ​ឡើង​ដូច​ជា​រមូរ​សៀវភៅ ហើយ​គ្រប់​ទាំង​ពួក​ពល‌បរិវារ នោះ​នឹង​រោយ​រុះ​ទៅ ដូច​ជា​ស្លឹក​ទំពាំង‌បាយ‌ជូរ​ក្រៀម​ជ្រុះ​ចាក​ដើម ក៏​ដូច​ជា​ស្លឹក​ស្រពោន​ជ្រុះ​ចាក​ដើម​ល្វា​ដែរ ដ្បិត​ដាវ​របស់​អញ​បាន​ឆ្អែត​ហើយ នៅ​លើ​មេឃ មើល នឹង​ចុះ​មក​លើ​ស្រុក​អេដំម គឺ​លើ​សាសន៍​ដែល​អញ​បាន​ដាក់​បណ្តាសា ដើម្បី​នឹង​ធ្វើ​ទោស​ដល់​គេ​ទៀត ដាវ​របស់​ព្រះ‌យេហូវ៉ា បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​កូន​ចៀមនឹង​ពពែ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នៅ​អង្គញ់​នៃ​ចៀម​ឈ្មោល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ការ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​បុសរ៉ា ក៏​មាន​ការ​សង្ហារ​យ៉ាង​សំបើម​នៅ​ក្នុង​ស្រុក​អេដំម ឯ​ពួក​ទន្សោង​នឹង​ដួល​ចុះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​គោ​ស្ទាវនឹង​គោ​ចាស់​ផង ស្រុក​គេ​នឹង​បាន​ដាប​ដោយ​ឈាម ហើយ​ធូលី​ដី នឹង​បាន​ជោក​ដោយ​ខ្លាញ់។ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ថ្ងៃ​សំរាប់​សង‌សឹក មាន​ឆ្នាំ​សំរាប់​ស្នង​ដល់​គេ​ជំនួស​ក្រុង​ស៊ីយ៉ូន ជ្រោះ​ទឹក​នៅ​ស្រុក​អេដំម​នឹង​ត្រឡប់​ជា​ជ័រ ធូលី​ដី​នឹង​ត្រឡប់​ជា​ស្ពាន់‌ធ័រ ហើយ​ស្រុក​គេ​នឹង​មាន​ពេញ​ជា​ជ័រ​ឆេះ ភ្លើង​នោះ​នឹង​មិន​រលត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ផ្សែង​នឹង​ហុយ​ឡើង​ជា​ដរាប​ទៅ ស្រុក​នោះ​នឹង​នៅ​ជា​កំឡោច​គ្រប់​ទាំង​ដំណ​នៃ​មនុស្ស​ត​ទៅ ឥត​ដែល​មាន​អ្នក​ណា​ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ តែ​ទុង នឹង​ប្រមា នឹង​បាន​ស្រុក​នោះ​ជា​លំនៅ​វិញ ហើយ​គូក នឹង​ក្អែក នឹង​អាស្រ័យ​នៅ​ទី​នោះ​ដែរ ទ្រង់​នឹង​សន្ធឹង​ខ្សែ​វាស់​នៅ​លើ​ស្រុក​នោះ ឲ្យ​ត្រូវ​ខូច​បង់ ហើយ​ស្ទង់​កូន​តឹង ឲ្យ​ត្រូវ​សូន្យ​ទទេ គេ​នឹង​ហៅ​ពួក​ត្រកូល​ខ្ពស់​មក​ឲ្យ​តាំង​រាជ្យ​ឡើង តែ​នឹង​គ្មាន​អ្នក​ណា​មក​ឡើយ ឯ​ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន នឹង​ផុត​អស់​ទៅ បន្លា​នឹង​ដុះ​ឡើង​នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ ហើយ​អញ្ចាញ នឹង​ដំបង‌យក្ខ នឹង​ដុះ​នៅ​ក្នុង​បន្ទាយ​របស់​គេ​ដែរ ស្រុក​នោះ​នឹង​បាន​ជា​ទី​លំនៅ​នៃ​ឆ្កែ​ព្រៃ ហើយ​ជា​ព្រះ‌រាជ​រោង សំរាប់​សត្វ​អូសទ្រីច អស់​ទាំង​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន នឹង​ជួប‌ជុំ​ជា​មួយ​នឹង​ហ្វូង​ចចក ហើយ​ពពែ​ព្រៃ​នឹង​ស្រែក​ឆ្លើយ​គ្នា ឯ​ឪឡ នឹង​ចុះ​មក​ទំ​នៅ​ទី​នោះ ហើយ​នឹង​ធ្វើ​សំបុក​នៅ​ដែរ ពស់‌វែក​នឹង​ធ្វើ​សំបុក​នៅ​ទី​នោះ ព្រម​ទាំង​ពង ហើយ​ញាស់​កូន​ផង រួច​ប្រមូល​កូន​មក​ការ‌ពារ អើ ពួក​រអាត​នឹង​មក​ទាំង​គូៗ ប្រជុំ​នៅ​ទី​នោះ​ដែរ។ ចូរ​ស្វែង​រក​ក្នុង​គម្ពីរ​របស់​ព្រះ‌យេហូវ៉ា ហើយ​មើល​ចុះ នឹង​គ្មាន​សត្វ​ណា​មួយ​នេះ​ខាន​មក ហើយ​នឹង​គ្មាន​ណា​មួយ​ឥត​គូ​ឡើយ ពី​ព្រោះ​ព្រះ‌ឱស្ឋ​ទ្រង់​បាន​បង្គាប់​ហើយ ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​បាន​ប្រមូល​មក​ដែរ ទ្រង់​បាន​បោះ​ឆ្នោត​ឲ្យ​ពួក​សត្វ​ទាំង​នោះ ហើយ​ព្រះ‌ហស្ត​ទ្រង់​បាន​វាស់​ចែក​ស្រុក​ឲ្យ វា​រាល់​គ្នា​នឹង​បាន​ស្រុក​នោះជា​រៀង‌រាប​ដរាប ហើយ​នឹង​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ។

ចែក​រំលែក
អាន អេសាយ 34