អេសាយ 33:1-24

អេសាយ 33:1-24 គខប

អ្នក​បាន​បំផ្លាញ​អ្នក​ដទៃ តែ​គ្មាន​នរណា​បំផ្លាញ​អ្នក​វិញ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អ្នក​បាន​ក្បត់​អ្នក​ដទៃ តែ​គ្មាន​នរណា​ក្បត់​អ្នក​វិញ​ទេ។ ពេល​ណា​អ្នក​បំផ្លាញ​អ្នក​ដទៃ​ចប់​ហើយ នោះ​នឹង​មាន​គេ​បំផ្លាញ​អ្នក​វិញ ពេល​ណា​អ្នក​ក្បត់​អ្នក​ដទៃ​ចប់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​អ្នក​រាល់​គ្នា​វិញ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ​ហើយ រៀង​រាល់​ព្រឹក សូម​ព្រះអង្គ​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។ នៅ​ពេល​មាន​អាសន្ន សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង! ពេល​ជាតិ​សាសន៍​ទាំង‌ឡាយ​ឮ​ស្នូរ​សន្ធឹក របស់​ព្រះអង្គ គេ​នាំ​គ្នា​រត់​ចេញ​ទៅ ពេល​ព្រះអង្គ​ក្រោក​ឡើង ប្រជា‌ជាតិ​ទាំង‌ឡាយ​បែក‌ខ្ញែក​គ្នា​អស់។ ពេល​នោះ មនុស្ស‌ម្នា​ច្រើន​ដូច​កណ្ដូប នាំ​គ្នា​ប្រមូល​យក​ជយ‌ភណ្ឌ គេ​លើក​គ្នា​ដូច​ស្រមោច ទៅ​ដណ្ដើម​យក​ជយ‌ភណ្ឌ​នោះ។ មនុស្ស‌ម្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះអង្គ​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូន មាន​ពោរ‌ពេញ​ដោយ សេចក្ដី​សុចរិត និង​យុត្តិធម៌។ ពេល​នោះ អ្នក​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត។ ប្រាជ្ញា​វាង‌វៃ និង​ការ​ស្គាល់​ព្រះ‌អម្ចាស់ នឹង​ផ្ដល់​ការ​សង្គ្រោះ​យ៉ាង​បរិបូណ៌​ឲ្យ​អ្នក ហើយ​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​កំណប់​ទ្រព្យ​ដ៏​ថ្លៃ‌ថ្នូរ​របស់​អ្នក! នៅ​គ្រា​នោះ អ្នក​ក្រុង​អើរាល ស្រែក​តាម​ផ្លូវ រក​គេ​ជួយ រីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិ‌ភាព បែរ​ជា​មក​វិញ នាំ​គ្នា​យំ​យ៉ាង​ខ្លោច‌ផ្សា។ ផ្លូវ​នានា​ស្ងាត់​ជ្រងំ ឥត​មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ គូ​ភាគី​លែង​គោរព​សន្ធិ‌សញ្ញា គេ​ប្រមាថ​មាក់‌ងាយ​សាក្សី​នៃ​សន្ធិ‌សញ្ញា​នេះ គឺ​គេ​មិន​គោរព​នរណា​ទាំង​អស់។ ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ ទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗ ព្រៃ​ឈើ​នៅ​ភ្នំ​លីបង់​នឹង​រុះ​រោយ ហើយ​បាក់​មុខ វាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួត‌ហែង ភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មាន ព្រៃ​ឈើ​ទៀត​ហើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ក្រោក​ឡើង យើង​ត្រូវ​ងើប​ឡើង ដើម្បី​បង្ហាញ​ឫទ្ធិ‌បារមី​របស់​យើង។ គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចំបើង ពេល​ណា​សម្រេច​ជា​រូប​រាង​ឡើង អ្នក​រាល់​គ្នា​នឹង​ឃើញ​មាន​តែ កម្ទេច​សំរាម​ប៉ុណ្ណោះ ដង្ហើម​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ភ្លើង ដែល​ឆេះ​បំផ្លាញ​អ្នក​រាល់​គ្នា។ ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឆេះ​ក្នុង​ឡ និង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។ អ្នក​រាល់​គ្នា​ដែល​នៅ​ស្រុក​ឆ្ងាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​កិច្ចការ​ដែល​យើង​បាន​ធ្វើ! អ្នក​រាល់​គ្នា​ដែល​នៅ​ជិតៗ​នេះ​អើយ ចូរ​ទទួល​ស្គាល់​ឫទ្ធា‌នុភាព​របស់​យើង! នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់ ពួក​ទមិឡ​នឹង​ភ័យ​តក់‌ស្លុត ទាំង​ពោល​ថា: “ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅ ក្បែរ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​បាន? តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើង ដែល​ឆេះ​អស់‌កល្ប​ជានិច្ច​នេះ​បាន?”។ មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត និង​អ្នក​និយាយ​ការ​ពិត ទើប​អាច​នៅ​ក្បែរ​បាន គឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​រក​កម្រៃ អ្នក​មិន​ព្រម​ទទួល​សំណូក អ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យ គេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។ មនុស្ស​បែប​នេះ​នឹង​បាន​រស់​នៅ​កន្លែង​ខ្ពស់ៗ គេ​នឹង​មាន​ថ្ម‌ដា​ដ៏​រឹង‌មាំ​ជា​ជម្រក គេ​នឹង​មាន​អាហារ មាន​ទឹក​គ្រប់​គ្រាន់ ឥត​ខ្វះ​អ្វី​ឡើយ។ ពេល​នោះ អ្នក​នឹង​ឃើញ​ព្រះ‌មហា‌ក្សត្រ ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង អ្នក​នឹង​ឃើញ​ស្រុក​ទេស​របស់​អ្នក មាន​ទឹក​ដី​ធំ​ល្វឹង‌ល្វើយ។ អ្នក​នឹក​ដល់​អតីតកាល ដែល​ធ្វើ​ឲ្យ​អ្នក​ញ័រ​រន្ធត់ ហើយ​សួរ​ថា: “តើ​ពួក​ត្រួត‌ត្រា ពួក​ទារ​ពន្ធ និង​ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​តាម​កំពែង ទៅ​ណា​បាត់​អស់​ហើយ?”។ អ្នក​នឹង​លែង​ឃើញ​ជាតិ​សាសន៍​ដែល​វាយ​ឫក​ខ្ពស់ ហើយ​និយាយ​ភាសា​ចម្លែក​ស្ដាប់​ពុំ​បាន គួរ​ឲ្យ​អស់​សំណើច​នោះ​ទៀត​ហើយ។ ចូរ​សម្លឹង​មើល​ទៅ​ក្រុង​ស៊ីយ៉ូន ជា​ក្រុង​ដែល យើង​តែង​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​បុណ្យ​នោះ​ទៅ អ្នក​នឹង​ឃើញ​ថា យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ដ៏​សុខ​ក្សេម‌ក្សាន្ត ជា​ពន្លា​ដែល​គ្មាន​នរណា​រុះ​រើ​ទៀត ហើយ​ក៏​គ្មាន​នរណា​ដក​ចម្រឹង និង​ស្រាយ​ខ្សែ ចេញ​ពី​ពន្លា​នេះ​បាន​ទៀត​ដែរ។ នៅ​ទី​នោះ ព្រះ‌អម្ចាស់​សម្តែង​ភាព​ថ្កុំ‌ថ្កើង របស់​ព្រះអង្គ​ឲ្យ​យើង​ឃើញ គឺ​ព្រះអង្គ​ប្រទាន​ទន្លេ​ដ៏​ធំ​ទូលាយ ជា​ទន្លេ​ដែល​នាវា​ចម្បាំង​ពុំ​អាច​ចូល​បាន ហើយ​សំពៅ​ដ៏​ធំៗ​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ដែរ។ ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​យើង ព្រះអង្គ​ប្រទាន​ច្បាប់​ទម្លាប់​មក​យើង ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​យើង មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង។ ខ្សែ​ដែល​អ្នក​ចង​ក្ដោង​នោះ​ធូរ​អស់​ហើយ វា​ពុំ​អាច​ទប់​ដង​ក្ដោង​ឲ្យ​នៅ​រឹង‌ប៉ឹង​ទេ ហើយ​ក៏​ពុំ​អាច​ចង​ក្ដោង​បាន​ទៀត​ដែរ។ ពេល​នោះ គេ​នឹង​យក​ជយ‌ភណ្ឌ​ដ៏​ច្រើន មក​ចែក​គ្នា សូម្បី​តែ​មនុស្ស​ខ្វិន ក៏​មក​យក​ជយ‌ភណ្ឌ​នេះ​ដែរ។ នៅ​ក្រុង​យេរូ‌សាឡឹម គ្មាន​នរណា​ម្នាក់​ពោល​ថា «ខ្ញុំ​មាន​ជំងឺ» ទៀត​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​រួច​ពី​បាប។