អេសាយ 33:1-24

អេសាយ 33:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ដល់​អ្នក​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​អ្នក ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​អ្នក​ឡើយ កាល​ណា​អ្នក​បាន​លែង​បំផ្លាញ​ហើយ នោះ​អ្នក​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​អ្នក​បាន​សម្រេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​អ្នក​ដែរ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​ការពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ។ អស់​ទាំង​ជន​ជាតិ​បាន​រត់​ទៅ​ដោយ​ឮ​សូរ​អ៊ឹក‌ធឹក ហើយ​អស់​ទាំង​សាសន៍​បាន​ត្រូវ​ខ្ចាត់‌ខ្ចាយ ដោយ​ព្រះ‌អង្គ​លើក​អង្គ​ទ្រង់​ឡើង។ ជ័យ‌ភណ្ឌរបស់​អ្នក​រាល់​គ្នា​នឹង​ត្រូវគេ​ប្រមូល​យក ដូច​ចង្រិត​លើក​គ្នា​ប្រមូល ហើយ​មនុស្ស​នឹង​លោត​សង្គ្រុប​លើ ដូច​ជា​កណ្តូប​លោត​ដែរ។ ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង​ហើយ ដ្បិត​ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ហើយ​ព្រះ‌អង្គ​ជា​ស្ថិរភាព​ក្នុង​គ្រារបស់​អ្នក សេចក្ដី​សង្គ្រោះ​យ៉ាង​បរិបូរ ប្រាជ្ញា និងតម្រិះ ឯ​ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​កំណប់​ទ្រព្យ​របស់​ក្រុង​ស៊ីយ៉ូន។ មើល៍! ពួក​ទាហាន​ដ៏​អង់​អាច​របស់​គេ នាំ​គ្នា​ស្រែក​តាម​ដង​ផ្លូវ ឯ​ពួក​‌ទូត​ដែល​ចចាររក​សន្តិ​ភាព គេ​យំ​សោក​យ៉ាង​ខ្លោច​ផ្សា។ ផ្លូវ​ទាំង​ឡាយ​នៅ​ស្ងាត់‌ច្រៀប ឥត​ឃើញ​មាន​មនុស្ស​ធ្វើ​ដំណើរ​ទៀត​ឡើយ ខ្មាំង​សត្រូវ​បាន​ផ្តាច់​សេចក្ដី​សញ្ញា គេ​បាន​មើល‌ងាយ​អស់​ទាំង​ទី​ក្រុង ហើយ​មិន​យោគ‌យល់​អ្នក​ណា​ឡើយ។ ស្រុក​កំពុង​តែ​យំ​សោក ហើយ​ថយ​កម្លាំង​ទៅ ព្រៃ​ល្បាណូន​មាន​សេចក្ដី​ខ្មាស ហើយ​ស្រពោន​ទៅ ស្រុក​សារ៉ុន​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ឯ​ស្រុក​បាសាន និង​ភ្នំ​កើមែល នោះ​ក៏​ជម្រុះ​ស្លឹក​អស់។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​នឹង​ក្រោក​ឡើង ឥឡូវ​នេះ យើង​នឹង​លើក​ខ្លួន​ឡើង ឥឡូវ​នេះ យើង​នឹង​បាន​តម្កើង​ឡើង​ហើយ។ អ្នក​រាល់​គ្នា​នឹង​មាន​គភ៌​ជា​ស្មៅ​ក្រៀម ហើយ​នឹង​បង្កើត​បាន​ជា​ជញ្ជ្រាំង​វិញ ខ្យល់​ដង្ហើម​របស់​អ្នក​រាល់​គ្នា​ជា​ភ្លើង ដែល​នឹង​ឆេះ​បំផ្លាញ​ខ្លួន។ ហើយ​អស់​ទាំង​ប្រជា‌ជាតិ​នឹង​បាន​ដូច​ជា​ការ​ដុត​ធ្វើ​កំបោរ គឺ​ដូច​ជា​គុម្ព​បន្លា​ដែល​កាប់​យក​ទៅ​ដុត​ក្នុង​ភ្លើង។ ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ស្តាប់​ពី​ការ​ដែល​យើង​បាន​ធ្វើ ហើយ​អ្នក​រាល់​គ្នា​ដែល​នៅ​ជិត​ដែរ ចូរ​ទទួល​ស្គាល់​ឫទ្ធិ​របស់​យើង​ចុះ។ ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ ភ្លើង​ឆេះ​បន្សុស​នេះ​បាន? តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ឆេះ នៅ​អស់​កល្ប​ជា‌និច្ច​បាន? គឺ​អ្នក​ណា​ដែល​ដើរ​ដោយ​សុចរិត ហើយ​ពោល​សេចក្ដី​ទៀង​ត្រង់ ជា​អ្នក​ដែល​ស្អប់​កម្រៃ​ដែល​បាន​មក​ដោយ​សង្កត់‌សង្កិន ហើយ​រា​ដៃ​មិន​ព្រម​ទទួល​សំណូក ក៏​ចុក​ត្រចៀក​មិន​ស្តាប់​រឿង​ពី​ការ​កម្ចាយ​ឈាម ហើយ​ដែល​ធ្មេច​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ផង។ អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់ ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ»។ «ភ្នែក​អ្នក​នឹង​បាន​ឃើញ​មហា‌ក្សត្រ មាន​ទាំង​សេចក្ដី​លម្អ​រុងរឿង​របស់​ព្រះ‌អង្គ គេ​នឹង​មើល​ទៅ​ឃើញ​ទឹក​ដីធំទូលាយ។ ចិត្ត​អ្នក​នឹង​នឹក​ជញ្ជឹង​ពី​ការ ដែល​បាន​នាំ​ឲ្យ​អ្នក​ភ័យ​ខ្លាច​នោះ​ថា "តើ​ស្មៀន​កត់‌ត្រា​នៅ​ឯ​ណា? តើ​អ្នក​ដែល​ថ្លឹង​សួយ‌អាករ​នៅ​ឯ​ណា? តើ​អ្នក​ដែល​រាប់​អស់​ទាំង​ប៉ម​នៅ​ឯ​ណា? អ្នក​នឹង​លែង​ឃើញ​សាសន៍​ដ៏​សហ័ស​នោះ ជា​សាសន៍​ដែល​មាន​សម្ដី​យ៉ាង​ជ្រៅ ដែល​អ្នក​រក​ស្តាប់​មិន​បាន ជា​ភាសា​រឡប់​ដែល​អ្នក​យល់​មិន​បាន។ ចូរ​ពិនិត្យ​មើល​ក្រុង​ស៊ីយ៉ូន គឺ​ជា​កន្លែង​ដែល​ធ្លាប់​ធ្វើ​បុណ្យ​មុត‌មាំ​របស់​យើង​រាល់​គ្នា នោះ​ភ្នែក​អ្នក​នឹង​ឃើញ​ក្រុង​យេរូ‌សាឡិម ជា​ទី​លំនៅដ៏​ស្ងប់​រម្ងាប់ ជា​ត្រសាល​ដែល​មិន​ត្រូវ​រើរុះ​ទៅ​ឯ​ណា​ឡើយ ឯ​ចម្រឹង មិន​ត្រូវ​ដក​ចេញ ហើយ​ខ្សែ​ណា​មួយ​ក៏​មិន​ត្រូវ​ដាច់​ផង។ គឺ​ព្រះ‌យេហូវ៉ា​នឹង​គង់​ជា‌មួយ​យើង​រាល់​គ្នា​នៅ​ទី​នោះ មាន​ទាំង​តេជា‌នុភាព គឺ​ជា​កន្លែង​មាន​ទន្លេ និង​ផ្លូវ​ទឹក​យ៉ាង​ធំ ឥត​មាន​សំពៅ​ដែល​ចែវ ឬ​នាវា​ដ៏​រុងរឿង​ណា​ចេញ​ចូល​ឡើយ។ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​យើង។ ខ្សែ​ជ្រែង​របស់​អ្នក​ធូរ​ហើយ មិន​អាច​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ ពួក​នាវា​ក៏​បង្ហូត​ក្តោង​មិន​បាន​ដែរ ពេល​នោះ គេ​នឹងរឹប​យកជ័យ‌ភណ្ឌជា​ច្រើន​ចែក​គ្នា សូម្បី​តែ​ពួក​ខ្វិនក៏​យក​ជ័យ‌ភណ្ឌ​នេះ​ដែរ។ គ្មាន​អ្នក​ណា​ដែល​នៅ​ក្នុង​ក្រុង​និយាយ​ថា "ខ្ញុំ​មាន​ជំងឺ" ទៀត​ឡើយ ព្រះ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជាជន។

ចែក​រំលែក
អាន អេសាយ 33

អេសាយ 33:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​បាន​បំផ្លាញ​អ្នក​ដទៃ តែ​គ្មាន​នរណា​បំផ្លាញ​អ្នក​វិញ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អ្នក​បាន​ក្បត់​អ្នក​ដទៃ តែ​គ្មាន​នរណា​ក្បត់​អ្នក​វិញ​ទេ។ ពេល​ណា​អ្នក​បំផ្លាញ​អ្នក​ដទៃ​ចប់​ហើយ នោះ​នឹង​មាន​គេ​បំផ្លាញ​អ្នក​វិញ ពេល​ណា​អ្នក​ក្បត់​អ្នក​ដទៃ​ចប់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​អ្នក​រាល់​គ្នា​វិញ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ​ហើយ រៀង​រាល់​ព្រឹក សូម​ព្រះអង្គ​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។ នៅ​ពេល​មាន​អាសន្ន សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង! ពេល​ជាតិ​សាសន៍​ទាំង‌ឡាយ​ឮ​ស្នូរ​សន្ធឹក របស់​ព្រះអង្គ គេ​នាំ​គ្នា​រត់​ចេញ​ទៅ ពេល​ព្រះអង្គ​ក្រោក​ឡើង ប្រជា‌ជាតិ​ទាំង‌ឡាយ​បែក‌ខ្ញែក​គ្នា​អស់។ ពេល​នោះ មនុស្ស‌ម្នា​ច្រើន​ដូច​កណ្ដូប នាំ​គ្នា​ប្រមូល​យក​ជយ‌ភណ្ឌ គេ​លើក​គ្នា​ដូច​ស្រមោច ទៅ​ដណ្ដើម​យក​ជយ‌ភណ្ឌ​នោះ។ មនុស្ស‌ម្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះអង្គ​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូន មាន​ពោរ‌ពេញ​ដោយ សេចក្ដី​សុចរិត និង​យុត្តិធម៌។ ពេល​នោះ អ្នក​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត។ ប្រាជ្ញា​វាង‌វៃ និង​ការ​ស្គាល់​ព្រះ‌អម្ចាស់ នឹង​ផ្ដល់​ការ​សង្គ្រោះ​យ៉ាង​បរិបូណ៌​ឲ្យ​អ្នក ហើយ​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​កំណប់​ទ្រព្យ​ដ៏​ថ្លៃ‌ថ្នូរ​របស់​អ្នក! នៅ​គ្រា​នោះ អ្នក​ក្រុង​អើរាល ស្រែក​តាម​ផ្លូវ រក​គេ​ជួយ រីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិ‌ភាព បែរ​ជា​មក​វិញ នាំ​គ្នា​យំ​យ៉ាង​ខ្លោច‌ផ្សា។ ផ្លូវ​នានា​ស្ងាត់​ជ្រងំ ឥត​មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ គូ​ភាគី​លែង​គោរព​សន្ធិ‌សញ្ញា គេ​ប្រមាថ​មាក់‌ងាយ​សាក្សី​នៃ​សន្ធិ‌សញ្ញា​នេះ គឺ​គេ​មិន​គោរព​នរណា​ទាំង​អស់។ ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ ទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗ ព្រៃ​ឈើ​នៅ​ភ្នំ​លីបង់​នឹង​រុះ​រោយ ហើយ​បាក់​មុខ វាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួត‌ហែង ភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មាន ព្រៃ​ឈើ​ទៀត​ហើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ក្រោក​ឡើង យើង​ត្រូវ​ងើប​ឡើង ដើម្បី​បង្ហាញ​ឫទ្ធិ‌បារមី​របស់​យើង។ គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចំបើង ពេល​ណា​សម្រេច​ជា​រូប​រាង​ឡើង អ្នក​រាល់​គ្នា​នឹង​ឃើញ​មាន​តែ កម្ទេច​សំរាម​ប៉ុណ្ណោះ ដង្ហើម​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ភ្លើង ដែល​ឆេះ​បំផ្លាញ​អ្នក​រាល់​គ្នា។ ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឆេះ​ក្នុង​ឡ និង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។ អ្នក​រាល់​គ្នា​ដែល​នៅ​ស្រុក​ឆ្ងាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​កិច្ចការ​ដែល​យើង​បាន​ធ្វើ! អ្នក​រាល់​គ្នា​ដែល​នៅ​ជិតៗ​នេះ​អើយ ចូរ​ទទួល​ស្គាល់​ឫទ្ធា‌នុភាព​របស់​យើង! នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់ ពួក​ទមិឡ​នឹង​ភ័យ​តក់‌ស្លុត ទាំង​ពោល​ថា: “ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅ ក្បែរ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​បាន? តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើង ដែល​ឆេះ​អស់‌កល្ប​ជានិច្ច​នេះ​បាន?”។ មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត និង​អ្នក​និយាយ​ការ​ពិត ទើប​អាច​នៅ​ក្បែរ​បាន គឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​រក​កម្រៃ អ្នក​មិន​ព្រម​ទទួល​សំណូក អ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យ គេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។ មនុស្ស​បែប​នេះ​នឹង​បាន​រស់​នៅ​កន្លែង​ខ្ពស់ៗ គេ​នឹង​មាន​ថ្ម‌ដា​ដ៏​រឹង‌មាំ​ជា​ជម្រក គេ​នឹង​មាន​អាហារ មាន​ទឹក​គ្រប់​គ្រាន់ ឥត​ខ្វះ​អ្វី​ឡើយ។ ពេល​នោះ អ្នក​នឹង​ឃើញ​ព្រះ‌មហា‌ក្សត្រ ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង អ្នក​នឹង​ឃើញ​ស្រុក​ទេស​របស់​អ្នក មាន​ទឹក​ដី​ធំ​ល្វឹង‌ល្វើយ។ អ្នក​នឹក​ដល់​អតីតកាល ដែល​ធ្វើ​ឲ្យ​អ្នក​ញ័រ​រន្ធត់ ហើយ​សួរ​ថា: “តើ​ពួក​ត្រួត‌ត្រា ពួក​ទារ​ពន្ធ និង​ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​តាម​កំពែង ទៅ​ណា​បាត់​អស់​ហើយ?”។ អ្នក​នឹង​លែង​ឃើញ​ជាតិ​សាសន៍​ដែល​វាយ​ឫក​ខ្ពស់ ហើយ​និយាយ​ភាសា​ចម្លែក​ស្ដាប់​ពុំ​បាន គួរ​ឲ្យ​អស់​សំណើច​នោះ​ទៀត​ហើយ។ ចូរ​សម្លឹង​មើល​ទៅ​ក្រុង​ស៊ីយ៉ូន ជា​ក្រុង​ដែល យើង​តែង​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​បុណ្យ​នោះ​ទៅ អ្នក​នឹង​ឃើញ​ថា យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ដ៏​សុខ​ក្សេម‌ក្សាន្ត ជា​ពន្លា​ដែល​គ្មាន​នរណា​រុះ​រើ​ទៀត ហើយ​ក៏​គ្មាន​នរណា​ដក​ចម្រឹង និង​ស្រាយ​ខ្សែ ចេញ​ពី​ពន្លា​នេះ​បាន​ទៀត​ដែរ។ នៅ​ទី​នោះ ព្រះ‌អម្ចាស់​សម្តែង​ភាព​ថ្កុំ‌ថ្កើង របស់​ព្រះអង្គ​ឲ្យ​យើង​ឃើញ គឺ​ព្រះអង្គ​ប្រទាន​ទន្លេ​ដ៏​ធំ​ទូលាយ ជា​ទន្លេ​ដែល​នាវា​ចម្បាំង​ពុំ​អាច​ចូល​បាន ហើយ​សំពៅ​ដ៏​ធំៗ​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ដែរ។ ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​យើង ព្រះអង្គ​ប្រទាន​ច្បាប់​ទម្លាប់​មក​យើង ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​យើង មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង។ ខ្សែ​ដែល​អ្នក​ចង​ក្ដោង​នោះ​ធូរ​អស់​ហើយ វា​ពុំ​អាច​ទប់​ដង​ក្ដោង​ឲ្យ​នៅ​រឹង‌ប៉ឹង​ទេ ហើយ​ក៏​ពុំ​អាច​ចង​ក្ដោង​បាន​ទៀត​ដែរ។ ពេល​នោះ គេ​នឹង​យក​ជយ‌ភណ្ឌ​ដ៏​ច្រើន មក​ចែក​គ្នា សូម្បី​តែ​មនុស្ស​ខ្វិន ក៏​មក​យក​ជយ‌ភណ្ឌ​នេះ​ដែរ។ នៅ​ក្រុង​យេរូ‌សាឡឹម គ្មាន​នរណា​ម្នាក់​ពោល​ថា «ខ្ញុំ​មាន​ជំងឺ» ទៀត​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង​រួច​ពី​បាប។

ចែក​រំលែក
អាន អេសាយ 33

អេសាយ 33:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​ឯង​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​ឯង ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​ឯង​ឡើយ កាល​ណា​ឯង​បាន​លែង​បំផ្លាញ​ហើយ នោះ​ឯង​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​ឯង​បាន​សំរេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​ឯង​ដែរ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ទ្រង់ សូម​ទ្រង់​ការ‌ពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ អស់​ទាំង​ជន‌ជាតិ​បាន​រត់​ទៅ​ដោយ​ឮ​សូរ​អ៊ឹក‌ធឹក ហើយ​អស់​ទាំង​សាសន៍​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ទ្រង់​លើក​អង្គ​ទ្រង់​ឡើង របឹប​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ប្រមូល​ទុក ដូច​ជា​ចង្រិត​ប្រមូល​ទុក ហើយ​មនុស្ស​នឹង​លោត​សង្គ្រុប​លើ ដូច​ជា​កណ្តូប​លោត​ដែរ ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង​ហើយ ដ្បិត​ទ្រង់​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត នឹង​មាន​សេចក្ដី​សុខ​ស្រួល​នៅ​ក្នុង​គ្រា​ឯង ព្រម​ទាំង​សេចក្ដី​សង្គ្រោះ ប្រាជ្ញា នឹង​ដំរិះ​ជា​បរិបូរ​ដែរ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​ជា​ឃ្លាំង​របស់​ឯង។ មើលពួក​ទាហាន​ស្ទាត់​ជំនាញ​របស់​គេ​ក៏​ស្រែក​នៅ​ខាង​ក្រៅ​ហើយ ឯ​ពួក​រាជ‌ទូត​ដែល​សូម​មេត្រី​ភាព គេ​យំ​អណ្តឺត‌អណ្តក ថ្នល់​ទាំង​ប៉ុន្មាន​នៅ​ស្ងាត់‌ច្រៀប ឥត​ឃើញ​មាន​មនុស្ស​ដើរ​ដំណើរ​ទៀត​ឡើយ ពួក​ខ្មាំង​សត្រូវ​គេ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​ហើយ គេ​បាន​មើល‌ងាយ​ដល់​អស់​ទាំង​ទី​ក្រុង ហើយ​មិន​យោគ‌យល់​ដល់​អ្នក​ណា​ឡើយ ស្រុក​កំពុង​តែ​យំ​សោក ហើយ​ថយ​កំឡាំង​ទៅ ព្រៃ​ល្បាណូន​មាន​សេចក្ដី​ខ្មាស ហើយ​ស្រពោន​ទៅ ស្រុក​សារ៉ុន​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ឯ​ស្រុក​បាសាន នឹង​ភ្នំ​កើមែល នោះ​ក៏​ជំរុះ​ស្លឹក​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឥឡូវ​នេះ អញ​នឹង​ក្រោក​ឡើង ឥឡូវ​នេះ អញ​នឹង​លើក​ខ្លួន​ឡើង ឥឡូវ​នេះ អញ​នឹង​បាន​ដំកើង​ឡើង​ហើយ ឯង​រាល់​គ្នា​នឹង​មាន​គភ៌​ជា​ស្មៅ​ក្រៀម ហើយ​នឹង​បង្កើត​បាន​ជា​ជញ្ជ្រាំង​វិញ ខ្យល់​ដង្ហើម​របស់​ឯង​រាល់​គ្នា​ជា​ភ្លើង​ដែល​នឹង​ឆេះ​បំផ្លាញ​ខ្លួន ហើយ​អស់​ទាំង​ប្រជា‌ជាតិ​នឹង​បាន​ដូច​ជា​ការ​ដុត​ធ្វើ​កំបោរ គឺ​ដូច​ជា​គុម្ព​បន្លា​ដែល​កាប់​យក​ទៅ​ដុត​ក្នុង​ភ្លើង។ ឱ​ឯង​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ស្តាប់​ពី​ការ​ដែល​អញ​បាន​ធ្វើ ហើយ​ឯង​រាល់​គ្នា​ដែល​នៅ​ជិត​ដែរ ចូរ​ទទួល​ស្គាល់​ឫទ្ធិ​របស់​អញ​ចុះ ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ដ៏​ឆេះ​បន្សុស​នេះ​បាន ក្នុង​ពួក​យើង​តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ការ ដ៏​ឆេះ​នៅ​អស់​‌កល្ប​ជានិច្ច​បាន គឺ​អ្នក​ណា​ដែល​ដើរ​ដោយ​សុចរិត ហើយ​ពោល​សេចក្ដី​ទៀង​ត្រង់ ជា​អ្នក​ដែល​ស្អប់​កំរៃ​ដែល​បាន​មក​ដោយ​សង្កត់‌សង្កិន ហើយ​រា​ដៃ​មិន​ព្រម​ទទួល​សំណូក ក៏​ចុក​ត្រចៀក​មិន​ស្តាប់​រឿង​ពី​ការ​កំចាយ​ឈាម ហើយ​ដែល​ធ្មេច​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ផង អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់ ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ។ ភ្នែក​ឯង​នឹង​បាន​ឃើញ​មហា‌ក្សត្រ​មាន​ទាំង​សេចក្ដី​លំអ​រុងរឿង​របស់​ទ្រង់ គេ​នឹង​មើល​ទៅ​ឃើញ​ស្រុក ដល់​ទី​ឆ្ងាយ​បំផុត ចិត្ត​ឯង​នឹង​នឹក‌ជញ្ជឹង​ពី​ការ​ដែល​បាន​នាំ​ឲ្យ​ឯង​ភ័យ​ខ្លាច​នោះ​ថា តើ​ស្មៀន​កត់‌ត្រា​នៅ​ឯ​ណា អ្នក​ដែល​ថ្លឹង​សួយ‌អាករ​នៅ​ឯ​ណា ហើយ​អ្នក​ដែល​បាន​រាប់​អស់​ទាំង​ប៉ម តើ​នៅ​ឯ​ណា ឯង​នឹង​លែង​ឃើញ​សាសន៍​ដ៏​សហ័ស​នោះ ជា​សាសន៍​ដែល​មាន​សំដី​យ៉ាង​ជ្រៅ ដែល​ឯង​រក​ស្តាប់​មិន​បាន ជា​ភាសា​រឡប់​ដែល​ឯង​យល់​មិន​បាន ចូរ​ពិនិត្យ​មើល​ក្រុង​ស៊ីយ៉ូន គឺ​ជា​កន្លែង​ដែល​ធ្លាប់​ធ្វើ​បុណ្យ​មុត‌មាំ​របស់​យើង​រាល់​គ្នា នោះ​ភ្នែក​ឯង​នឹង​ឃើញ​ក្រុង​យេរូ‌សាឡិម ជា​ទី​លំនៅដ៏​ស្ងប់​រំងាប់ ជា​ត្រសាល​ដែល​មិន​ត្រូវ​រើរុះ​ទៅ​ឯ​ណា​ឡើយ ឯ​ចំរ៉ឹង​មិន​ត្រូវ​ដក​ចេញ ហើយ​ខ្សែ​ណា​មួយ​ក៏​មិន​ត្រូវ​ដាច់​ផង គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ទី​នោះ មាន​ទាំង​តេជា‌នុភាព គឺ​ជា​កន្លែង​មាន​ទន្លេ នឹង​ផ្លូវ​ទឹក​យ៉ាង​ធំ ឥត​មាន​សំពៅ​ដែល​ចែវ ឬ​នាវា​ដ៏​រុងរឿង​ណា​ចេញ​ចូល​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង​ផង ខ្សែ​ជ្រែង​របស់​ឯង​ធូរ​ហើយ មិន​អាច​នឹង​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ ពួក​នាវា​បង្ហូត​ក្តោង​មិន​បាន​ដែរ ដូច្នេះ គេ​បាន​ចាប់​របឹប​យ៉ាង​សន្ធឹក​ចែក​គ្នា គឺ​ជា​ពួក​ខ្វិន​ដែល​ចាប់​យក​បាន ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង គេ​នឹង​មិន​ថា​ខ្ញុំ​ឈឺ​ទៀត​ឡើយ ព្រះ‌ទ្រង់​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជា‌ជន​ផង។

ចែក​រំលែក
អាន អេសាយ 33