អេសាយ 3:1-15

អេសាយ 3:1-15 គខប

ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល នឹង​ដក​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ជា​បង្អែក​របស់​ប្រជា‌ជន ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា គឺ​លែង​មាន​ស្បៀង​អាហារ និង​ប្រភព​ទឹក លែង​មាន​វីរ‌បុរស លែង​មាន​អ្នក​ចម្បាំង លែង​មាន​ចៅ‌ក្រម លែង​មាន​ព្យាការី លែង​មាន​ហោរា លែង​មាន​ព្រឹទ្ធា‌ចារ្យ លែង​មាន​មេ‌ទ័ព លែង​មាន​អ្នក​ធំ លែង​មាន​ទី​ប្រឹក្សា លែង​មាន​ជំនាញ​ការ ហើយ​ក៏​លែង​មាន​គ្រូ​ពូកែ​ខាង​មន្ត‌អាគម​ដែរ។ ពេល​នោះ យើង​នឹង​ឲ្យ​ក្មេង‌ក្មាង​ឡើង​ធ្វើ ជា​មេ​ដឹក​នាំ ត្រួត‌ត្រា​លើ​ពួក​គេ តាម​អំពើ​ចិត្ត​របស់​ខ្លួន។ ក្នុង​ចំណោម​ប្រជា‌ជន គេ​សង្កត់‌សង្កិន​គ្នា​ទៅ​វិញ​ទៅ​មក ម្នាក់ៗ​សង្កត់‌សង្កិន​បងប្អូន​របស់​ខ្លួន។ ក្មេង‌ក្មាង​ប្រឆាំង​នឹង​ចាស់ៗ មនុស្ស​ពាល​ប្រឆាំង​នឹង​មនុស្ស​ថ្លៃ‌ថ្នូរ។ ពេល​នោះ នឹង​មាន​មនុស្ស​ម្នាក់​ចាប់​បង្ខំ​បងប្អូន ក្នុង​អំបូរ​របស់​ខ្លួន ដោយ​ពោល​ថា: បង​មាន​អាវ​ធំ ដូច្នេះ សូម​ធ្វើ​ជា មេ​ដឹក​នាំ​លើ​យើង ហើយ​ត្រួត‌ត្រា​លើ​ទឹក​ដី ដែល​គ្មាន​សណ្ដាប់‌ធ្នាប់​នេះ​ទៅ! ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​នោះ​តប​ទៅ​វិញ​ថា: ខ្ញុំ​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេ នៅ​ក្នុង​ផ្ទះ​ខ្ញុំ​ក៏​គ្មាន​អាហារ ឬ​អាវ​ធំ​ដែរ កុំ​តែង‌តាំង​ខ្ញុំ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌ជន​អី! ពិត​មែន​ហើយ យេរូ‌សាឡឹម​ជា​ក្រុង​ដែល កំពុង​តែ​រលំ ហើយ​យូដា​ជា​ស្រុក​កំពុង​តែ​ហិន‌ហោច ដ្បិត​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ដើម្បី​បន្ថោក​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​ពាក្យ​សម្ដី និង​ដោយ​អំពើ​ផ្សេងៗ​ដែល​ពួក​គេ​ប្រព្រឹត្ត។ ឫក‌ពា​របស់​ពួក​គេ​សម្តែង​ឲ្យ​ឃើញ​ថា ពួក​គេ​មាន​ទោស ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ដូច​អ្នក​ក្រុង​សូដុម គឺ​គេ​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស ឥត​លាក់‌លៀម​សោះ​ឡើយ។ ពួក​គេ​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​គេ​បង្ក​ទោស​ខ្លួន​ឯង! អ្នក​រាល់​គ្នា​អាច​ពោល​ថា: មនុស្ស​សុចរិត​បាន​សុខ‌ដុម‌រមនា គេ​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​គេ​ធ្វើ។ រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនា គេ​មិន​បាន​សុខ​ទេ គេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ប្រជា‌ជន​របស់​យើង​ត្រូវ​ក្មេង‌ក្មាង ជិះ‌ជាន់​សង្កត់‌សង្កិន ស្រីៗ​ក៏​នាំ​គ្នា​ត្រួត‌ត្រា​លើ​ពួក​គេ​ដែរ។ ប្រជា‌ជន​របស់​យើង​អើយ ពួក​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ពួក​គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​ខុស​ផ្លូវ។ ព្រះ‌អម្ចាស់​កំពុង​តែ​ប្រុង​ប្រៀប​កាត់​ក្ដី ព្រះអង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស ជាតិ​សាសន៍​ទាំង‌ឡាយ ។ ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ពួក​ព្រឹទ្ធា‌ចារ្យ និង​ពួក​មេ​ដឹក​នាំ​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ថា: “អ្នក​រាល់​គ្នា​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ! អ្នក​រាល់​គ្នា​រឹប​អូស​យក​របស់​ទ្រព្យ​ជន​ក្រីក្រ មក​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បង្អាប់​កិត្តិយស​ជន​ក្រីក្រ​ដូច្នេះ?”។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។