អេសាយ 21

21
ស្រុក​បាប៊ី‌ឡូន​នឹង​ត្រូវ​រលំ
1 សេចក្ដី​ប្រកាស​ស្ដី​អំពី​តំបន់​វាល​រហោ‌ស្ថាន​នៅ​ជាប់​នឹង​សមុទ្រ:
ខ្មាំង​សត្រូវ​នឹង​នាំ​គ្នា​ចេញ​មក​ពី​វាល​រហោ‌ស្ថាន
គឺ​ពី​ស្រុក​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច
ដូច​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​នៅ
វាល​រហោ‌ស្ថាន​ណេកិប​ដែរ។
2ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច
គឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯង
មេ​បំផ្លាញ​នឹង​បំផ្លិច‌បំផ្លាញ។
កង‌ទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅ
កង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ទៅ
ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួត
ទាំង​អស់​គ្នា។
3ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈឺ​ចាប់
សព្វ​សព៌ាង្គ​កាយ
ខ្ញុំ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កំពុង​តែ​សម្រាល​កូន។
ខ្ញុំ​រំជួល​ចិត្ត រក​ស្ដាប់​អ្វី​មិន​ឮ ខ្ញុំ​រន្ធត់​ចិត្ត
រក​មើល​អ្វី​មិន​ឃើញ​សោះ​ឡើយ។
4ខ្ញុំ​លែង​មាន​កម្លាំង​ចិត្ត​ទៀត​ហើយ
គឺ​ចិត្ត​ភ័យ​ខ្លាច​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ។
ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពេល​យប់​មក​ដល់ ដើម្បី​សម្រាក
តែ​យប់​នោះ​ក្លាយ​ទៅ​ជា​យប់​ដ៏​ខ្លោច‌ផ្សា
សម្រាប់​ខ្ញុំ​ទៅ​វិញ។
5ពេល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​អាហារ
និង​ក្រាល​កម្រាល​ព្រំ
ពេល​គេ​កំពុង​តែ​ជប់‌លៀង
ស្រាប់​តែ​មាន​ឮ​សំឡេង​ស្រែក​ឡើង​ថា:
ពួក​នាយ​ទាហាន​អើយ ចូរ​ក្រោក​ឡើង
នាំ​គ្នា​រៀបចំ​គ្រឿង​សស្ត្រា‌វុធ​ទៅ!
6ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា:
ចូរ​ដាក់​មនុស្ស​ចាំ​ឃ្លាំ​មើល
ដើម្បី​ផ្ដល់​ដំណឹង​នូវ​អ្វីៗ​ដែល​គេ​មើល​ឃើញ។
7ប្រសិន​បើ​គេ​ឃើញ​រទេះ​ចម្បាំង
ដែល​ទឹម​ដោយ​សេះ​មួយ​គូ
និង​ឃើញ​ទាហាន​ម្នាក់​ជិះ​លា ឬ​ជិះ​អូដ្ឋ​មក
គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន។
8អ្នក​ដែល​ឃ្លាំ​មើល​នោះ​ត្រូវ​ស្រែក​ឡើង​ថា:
«លោក​ម្ចាស់ ខ្ញុំ​ប្របាទ​នៅ​ចាំ​យាម​ក្នុង​ប៉ម​នេះ
ពេញ​មួយ​ថ្ងៃ
ខ្ញុំ​ប្របាទ​ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់»
9 មើល​ហ្ន៎! មាន​មនុស្ស​ម្នាក់​ជិះ​រទេះ​ចម្បាំង
ដែល​ទឹម​ដោយ​សេះ​មួយ​គូ មក​ដល់
ហើយ​ស្រែក​ថា: «ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ
ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ!
រីឯ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ក្រុង​នេះ
ក៏​ធ្លាក់​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ!»។
10ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ
អ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែន
ឥឡូវ​នេះ អ្វីៗ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល
បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង
ខ្ញុំ​ក៏​យក​មក​ប្រកាស ជា​ដំណឹង​ដល់​អ្នក​រាល់​ដែរ!។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ក្រុង​ឌូម៉ា និង​ស្រុក​អារ៉ាប់
11 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ឌូម៉ា:
មាន​គេ​ស្រែក​ប្រាប់​ខ្ញុំ​ពី​ស្រុក​សៀរ​មក​ថា:
អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?
អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?
12អ្នក​យាម​តប​មក​វិញ​ថា:
ជិត​ភ្លឺ​ហើយ ប៉ុន្តែ នៅ​តែ​យប់​ដដែល។
ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បាន​ចម្លើយ
ចូរ​វិល​មក​សួរ​ម្ដង​ទៀត​ចុះ។
13សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អារ៉ាប់។
ជន‌ជាតិ​ដេដាន់​ដែល​ធ្វើ​ដំណើរ​ជា​ក្រុមៗ​អើយ
នៅ​ពេល​យប់ ចូរ​នាំ​គ្នា​ស្នាក់​នៅ​តាម​គុម្ពោត
ក្នុង​ស្រុក​អារ៉ាប់​នេះ​ហើយ!
14អ្នក​ស្រុក​ថេម៉ា​អើយ
ចូរ​យក​ទឹក​ទៅ​ឲ្យ​អស់​អ្នក​ដែល​ស្រេក
ចូរ​នាំ​គ្នា​យក​អាហារ​ទៅ​ទទួល
ជន​ភៀស​ខ្លួន​ទាំង​នោះ​ផង!
15អ្នក​ទាំង​នោះ​រត់​គេច​ពី​មុខ​ដាវ
គឺ​រត់​គេច​ពី​មុខ​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម
រត់​គេច​ពី​ធ្នូ​ដែល​គេ​យឹត​បម្រុង​នឹង​បាញ់
ហើយ​រត់​ចេញ​ពី​សង្គ្រាម​ដ៏​សែន​វេទនា
16ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «នៅ​មួយ​ឆ្នាំ​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ស្រុក​កេដារ​នឹង​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន​ទាំង​ស្រុង។ 17ទាហាន​បាញ់​ធ្នូ​ដ៏​ពូកែ​របស់​ស្រុក​កេដារ នឹង​នៅ​សល់​តែ​មួយ​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

ទើបបានជ្រើសរើសហើយ៖

អេសាយ 21: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល