អេសាយ 21
21
ស្រុកបាប៊ីឡូននឹងត្រូវរលំ
1 សេចក្ដីប្រកាសស្ដីអំពីតំបន់វាលរហោស្ថាននៅជាប់នឹងសមុទ្រ:
ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោស្ថាន
គឺពីស្រុកដែលគួរឲ្យស្ញែងខ្លាច
ដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅ
វាលរហោស្ថានណេកិបដែរ។
2ខ្ញុំបានឃើញហេតុការណ៍មួយគួរឲ្យព្រឺខ្លាច
គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង
មេបំផ្លាញនឹងបំផ្លិចបំផ្លាញ។
កងទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ
កងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធទៅ
ដ្បិតព្រះអម្ចាស់នឹងធ្វើឲ្យពួកគេបាក់អំនួត
ទាំងអស់គ្នា។
3ហេតុនេះហើយបានជាខ្ញុំឈឺចាប់
សព្វសព៌ាង្គកាយ
ខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសម្រាលកូន។
ខ្ញុំរំជួលចិត្ត រកស្ដាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្ត
រកមើលអ្វីមិនឃើញសោះឡើយ។
4ខ្ញុំលែងមានកម្លាំងចិត្តទៀតហើយ
គឺចិត្តភ័យខ្លាចគ្របដណ្ដប់មកលើខ្ញុំ។
ខ្ញុំទន្ទឹងរង់ចាំពេលយប់មកដល់ ដើម្បីសម្រាក
តែយប់នោះក្លាយទៅជាយប់ដ៏ខ្លោចផ្សា
សម្រាប់ខ្ញុំទៅវិញ។
5ពេលគេកំពុងតែរៀបចំម្ហូបអាហារ
និងក្រាលកម្រាលព្រំ
ពេលគេកំពុងតែជប់លៀង
ស្រាប់តែមានឮសំឡេងស្រែកឡើងថា:
ពួកនាយទាហានអើយ ចូរក្រោកឡើង
នាំគ្នារៀបចំគ្រឿងសស្ត្រាវុធទៅ!
6ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា:
ចូរដាក់មនុស្សចាំឃ្លាំមើល
ដើម្បីផ្ដល់ដំណឹងនូវអ្វីៗដែលគេមើលឃើញ។
7ប្រសិនបើគេឃើញរទេះចម្បាំង
ដែលទឹមដោយសេះមួយគូ
និងឃើញទាហានម្នាក់ជិះលា ឬជិះអូដ្ឋមក
គេត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន។
8អ្នកដែលឃ្លាំមើលនោះត្រូវស្រែកឡើងថា:
«លោកម្ចាស់ ខ្ញុំប្របាទនៅចាំយាមក្នុងប៉មនេះ
ពេញមួយថ្ងៃ
ខ្ញុំប្របាទស្ថិតនៅកន្លែងយាមនេះ អស់មួយយប់»
9 មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចម្បាំង
ដែលទឹមដោយសេះមួយគូ មកដល់
ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយ
ក្រុងបាប៊ីឡូនរលំហើយ!
រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ
ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។
10ឱប្រជាជនរបស់ខ្ញុំអើយ
អ្នកត្រូវគេបង្ក្រាបដូចស្រូវដែលគេបោកបែន
ឥឡូវនេះ អ្វីៗដែលព្រះអម្ចាស់នៃពិភពទាំងមូល
ជាព្រះនៃជនជាតិអ៊ីស្រាអែល
បានប្រាប់ឲ្យខ្ញុំដឹង
ខ្ញុំក៏យកមកប្រកាស ជាដំណឹងដល់អ្នករាល់ដែរ!។
ព្រះបន្ទូលប្រឆាំងនឹងក្រុងឌូម៉ា និងស្រុកអារ៉ាប់
11 សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា:
មានគេស្រែកប្រាប់ខ្ញុំពីស្រុកសៀរមកថា:
អ្នកយាមអើយ យប់ថ្មើរណាហើយ?
អ្នកយាមអើយ យប់ថ្មើរណាហើយ?
12អ្នកយាមតបមកវិញថា:
ជិតភ្លឺហើយ ប៉ុន្តែ នៅតែយប់ដដែល។
ប្រសិនបើអ្នករាល់គ្នាចង់បានចម្លើយ
ចូរវិលមកសួរម្ដងទៀតចុះ។
13សេចក្ដីប្រកាសស្ដីអំពីស្រុកអារ៉ាប់។
ជនជាតិដេដាន់ដែលធ្វើដំណើរជាក្រុមៗអើយ
នៅពេលយប់ ចូរនាំគ្នាស្នាក់នៅតាមគុម្ពោត
ក្នុងស្រុកអារ៉ាប់នេះហើយ!
14អ្នកស្រុកថេម៉ាអើយ
ចូរយកទឹកទៅឲ្យអស់អ្នកដែលស្រេក
ចូរនាំគ្នាយកអាហារទៅទទួល
ជនភៀសខ្លួនទាំងនោះផង!
15អ្នកទាំងនោះរត់គេចពីមុខដាវ
គឺរត់គេចពីមុខដាវដែលហូតចេញពីស្រោម
រត់គេចពីធ្នូដែលគេយឹតបម្រុងនឹងបាញ់
ហើយរត់ចេញពីសង្គ្រាមដ៏សែនវេទនា
16ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «នៅមួយឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃនេះទៅ ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។ 17ទាហានបាញ់ធ្នូដ៏ពូកែរបស់ស្រុកកេដារ នឹងនៅសល់តែមួយចំនួនដ៏តូចប៉ុណ្ណោះ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
ទើបបានជ្រើសរើសហើយ៖
អេសាយ 21: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.