អេសាយ 2
2
ប្រជាជនជួបជុំនៅក្រុងយេរូសាឡឹម
1នេះជាព្រះបន្ទូលដែលព្យាការី*អេសាយ ជាកូនរបស់លោកអម៉ូស បានទទួលពីព្រះអម្ចាស់ ស្ដីអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅស្រុកយូដា និងក្រុងយេរូសាឡឹម: 2ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើក
ភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គ
ដាក់នៅលើកំពូលភ្នំទាំងឡាយ
ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ
ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ
ជាហូរហែ។
3ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ
ទាំងពោលថា «ចូរនាំគ្នាមក!
យើងឡើងលើភ្នំរបស់ព្រះអម្ចាស់
យើងឡើងទៅព្រះដំណាក់នៃព្រះ
របស់លោកយ៉ាកុប។
ព្រះអង្គនឹងបង្រៀនយើងអំពី
មាគ៌ារបស់ព្រះអង្គ
ហើយយើងនឹងដើរតាមមាគ៌ានេះ»
ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន
ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់
ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
4 ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា
ព្រះអង្គនឹងសម្រុះសម្រួលជាតិសាសន៍ជាច្រើន
ឲ្យឈប់ទាស់ទែងគ្នា។
ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន
មករំលាយធ្វើជាផាលនង្គ័ល
ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។
ប្រជាជាតិមួយឈប់ច្បាំងនឹង
ប្រជាជាតិមួយទៀត
ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
5កូនចៅរបស់លោកយ៉ាកុបអើយ ចូរនាំគ្នាមក!
យើងដើរក្រោមពន្លឺរបស់ព្រះអម្ចាស់!
6ព្រះអម្ចាស់អើយ ព្រះអង្គបានបោះបង់ចោល
ពូជពង្សរបស់លោកយ៉ាកុបដែលជាប្រជារាស្ត្ររបស់ព្រះអង្គ
ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត
នៅពេញក្នុងស្រុករបស់គេ
ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន
ប្រជាជនរបស់ព្រះអង្គចងសម្ពន្ធមិត្ត
ជាមួយជនបរទេស។
7ស្រុករបស់គេពោរពេញទៅដោយ
មាស និងប្រាក់
ទ្រព្យសម្បត្តិរបស់គេមានច្រើនឥតគណនា
ស្រុករបស់គេពោរពេញទៅដោយសេះ
រទេះចម្បាំងរបស់គេមានច្រើនឥតគណនា។
8ស្រុករបស់គេក៏ពោរពេញទៅដោយ
ព្រះក្លែងក្លាយដែរ
គេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន
គេនាំគ្នាក្រាបថ្វាយបង្គំអ្វីៗ
ដែលដៃរបស់ខ្លួនបានសូនបង្កើតមក។
9មនុស្សលោកត្រូវអាប់ឱន
គេនឹងដួលផ្កាប់មុខដល់ដី
ព្រះអង្គមិនអត់ទោសឲ្យគេឡើយ។
10 ចូរនាំគ្នាចូលមកពួននៅក្នុងក្រហែងថ្មនេះ
ចូរនាំគ្នាលាក់ខ្លួននៅក្នុងដី
ដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់
ហើយគេចឲ្យផុតពីភាពថ្កុំថ្កើងនៃ
សិរីរុងរឿងរបស់ព្រះអង្គ។
11ព្រះអង្គនឹងបន្ទាបមនុស្សមានចិត្តព្រហើន
ព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង។
នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេ
ដែលមនុស្សត្រូវលើកតម្កើង
12ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល
បានកំណត់ថ្ងៃមួយទុក
សម្រាប់ពង្រាបមនុស្សព្រហើន
មនុស្សអួតអាង និងមនុស្សវាយឫក។
13ព្រះអង្គពង្រាបដើមឈើដ៏ខ្ពស់ៗទាំងប៉ុន្មាន
នៅស្រុកលីបង់
ពង្រាបដើមជ្រៃទាំងឡាយនៅស្រុកបាសាន។
14ព្រះអង្គពង្រាបភ្នំធំៗទាំងឡាយ
ពង្រាបភ្នំដ៏ខ្ពស់ៗ
15ពង្រាបប៉មដ៏ខ្ពស់ៗ
ពង្រាបកំពែងដ៏រឹងមាំទាំងប៉ុន្មាន។
16ពង្រាបសំពៅទាំងអស់នៅស្រុកតើស៊ីស
និងពង្រាបនាវាដ៏ល្អប្រណីត។
17ព្រះអង្គនឹងបន្ទាបមនុស្សព្រហើន
ព្រះអង្គនឹងពង្រាបមនុស្សអួតអាង។
នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេ
ដែលមនុស្សត្រូវលើកតម្កើង។
18ព្រះក្លែងក្លាយទាំងប៉ុន្មាននឹងវិនាសសូន្យ។
19ពេលនោះ គេនឹងនាំគ្នាចូលទៅពួននៅក្នុងរូងភ្នំ
គេនឹងលាក់ខ្លួនក្នុងរូងដែលនៅក្រោមដី
ដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់
ហើយគេចឲ្យផុតពីភាពថ្កុំថ្កើង
នៃសិរីរុងរឿងរបស់ព្រះអង្គ
នៅពេលព្រះអង្គក្រោកឡើង
ធ្វើឲ្យមានការភ័យតក់ស្លុតនៅលើផែនដី។
20នៅថ្ងៃនោះ មនុស្សលោកនឹងយកព្រះក្លែងក្លាយ ធ្វើអំពីប្រាក់ និងមាសដែលគេសិតសម្រាប់ថ្វាយបង្គំបោះទៅឲ្យកណ្ដុរ និងប្រជៀវ។ 21គេនឹងនាំគ្នាចូលទៅពួនក្នុងគុហា និងក្រហែងភ្នំ ដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់ ហើយគេចឲ្យផុតពីភាពដ៏ថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ នៅពេលព្រះអង្គក្រោកឡើងធ្វើឲ្យមានការភ័យតក់ស្លុតលើផែនដី។
22ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅ
ដ្បិតជីវិតរបស់គេប្រៀបបាននឹង
មួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ!
ទើបបានជ្រើសរើសហើយ៖
អេសាយ 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.