អេសាយ 18

18
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អេត្យូ‌ពី
1 រីឯ​ទឹក​ដី​ដែល​មាន​ទូក​ក្ដោង
ធ្វើ​ដំណើរ​នៅ​តាម​ដង​ទន្លេ
ខាង​នាយ​ស្រុក​អេត្យូ‌ពី
នឹង​ត្រូវ​វេទនា​ជា​ពុំ‌ខាន។
2ពួក​គេ​បាន​ចាត់​ទូត​របស់​ខ្លួន​ឲ្យ​ជិះ​ក្បូន
ដែល​ធ្វើ​ពី​ដើម​កក់ ចុះ​តាម​ទន្លេ​នីល។
អ្នក​នាំ​សារ​ដ៏​រហ័ស​អើយ
ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​របស់​សាសន៍
ដែល​មាន​មាឌ​ខ្ពស់ និង​មាន​ស្បែក​ភ្លឺ​រលើប។
មនុស្ស​ទាំង​ជិត​ទាំង​ឆ្ងាយ​ស្ញែង​ខ្លាច​សាសន៍​នេះ
ព្រោះ​ពួក​គេ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។
ពួក​គេ​និយាយ​ភាសា​ចម្លែក
រស់​នៅ​ក្នុង​ស្រុក​ដែល​មាន​ទន្លេ​ហូរ​កាត់។
3អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ពិភព​លោក
អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​នៅ​លើ​ផែនដី​អើយ
ពេល​ណា​គេ​ដោត​ទង់​ជា​សញ្ញា​នៅ​លើ​ភ្នំ​នានា
ចូរ​នាំ​គ្នា​សម្លឹង​មើល​ទៅ ហើយ​ពេល​ណា​គេ​ផ្លុំ​ស្នែង
ចូរ​នាំ​គ្នា​ស្ដាប់​កុំ​បី​ខាន។
4ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ:
«យើង​សម្លឹង​មើល​ពី​ស្ថាន​លើ​មក
យ៉ាង​ស្ងៀម​ស្ងាត់ ដូច​នៅ​ពេល​ថ្ងៃ​បណ្ដើរ​កូន
និង​ដូច​ទឹក​សន្សើម​នៅ​រដូវ​ចម្រូត។
5មុន​ពេល​រដូវ​ចម្រូត
នៅ​ពេល​ទំពាំង‌បាយជូរ​ឈប់​ផ្កា
គឺ​ពេល​ផ្កា​ទំពាំង‌បាយជូរ​ក្លាយ​ទៅ​ជា​ផ្លែ
ហើយ​ពេល​ផ្លែ​នោះ​ទុំ
គេ​យក​កាំបិត​មក​កាប់​មែក
និង​លួស​ធាង​វា​ចោល​យ៉ាង​ណា
6ខ្មាំង​សត្រូវ​នឹង​ប្រល័យ​ជីវិត​ជន‌ជាតិ​អេត្យូ‌ពី
ហើយ​ទុក​សាក‌សព​ចោល​យ៉ាង​នោះ​ដែរ
គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​ត្មាត​ដែល​រស់​នៅ​តាម​ភ្នំ
និង​ជា​ចំណី​របស់​សត្វ​សាហាវ។
ត្មាត​នឹង​ស៊ី​សាក‌សព
របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ
ហើយ​សត្វ​សាហាវ​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ
នៅ​រដូវ​ត្រជាក់»។
7នៅ​គ្រា​នោះ សាសន៍​ដែល​មាន​មាឌ​ខ្ពស់
និង​មាន​ស្បែក​ភ្លឺ​រលើប នឹង​នាំ​តង្វាយ
មក​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
គឺ​សាសន៍​ដែល​មនុស្ស​ទាំង​ជិត
ទាំង​ឆ្ងាយ ស្ញែង‌ខ្លាច
ព្រោះ​ពួក​គេ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។
ពួក​គេ​និយាយ​ភាសា​ចម្លែក
រស់​នៅ​ក្នុង​ស្រុក​ដែល​មាន​ទន្លេ​ហូរ​កាត់។
សាសន៍​នេះ​នឹង​នាំ​តង្វាយ​មក​ថ្វាយ​នៅ​ភ្នំ​ស៊ីយ៉ូន
ជា​កន្លែង​ដែល​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 18: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល