អេសាយ 15
15
ព្រះបន្ទូលប្រឆាំងនឹងស្រុកម៉ូអាប់
1 សេចក្ដីប្រកាសស្ដីអំពីស្រុកម៉ូអាប់:
ក្រុងអើរ-ម៉ូអាប់មុខជាត្រូវហិនហោច
និងវិនាសសូន្យក្នុងពេលតែមួយយប់ប៉ុណ្ណោះ!
ហើយក្រុងគៀរ-ម៉ូអាប់ក៏ត្រូវហិនហោច
និងវិនាសសូន្យ ក្នុងពេលតែមួយយប់ដែរ!
2ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូន
គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ
ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង
ស្រណោះក្រុងនេបូ និងក្រុងមេឌីបា
គេកោរសក់ទាំងអស់គ្នា
ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។
3នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ
ហើយគ្រប់ៗគ្នាយំសោកសង្រេង
នៅលើផ្ទះ និងនៅតាមទីផ្សារ។
4នៅក្រុងហេសបូន និងអេឡាលេ
ប្រជាជនស្រែកយំលាន់ឮ
រហូតដល់ក្រុងយ៉ាហាស់។
សូម្បីតែពួកទាហានរបស់ជនជាតិម៉ូអាប់
ក៏ស្រែកទ្រហោយំ ដោយបាក់ទឹកចិត្តដែរ។
5ខ្ញុំយំអាណិតស្រុកម៉ូអាប់
ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ
ក្រុងអេក្លាត-សេលីស្យ៉ា
ពួកគេនាំគ្នាយំសោកតាមផ្លូវឡើងទៅលូគិត
ពួកគេស្រែកទ្រហោយំយ៉ាងអស់សង្ឃឹម
តាមផ្លូវទៅហូរ៉ូណែម
6ដ្បិតអណ្ដូងទឹកនៅនីមរីម ត្រូវគេលុបឲ្យរីង
តិណជាតិក្រៀមស្វិតអស់
ស្មៅដ៏ខៀវខ្ចីក៏ងាប់អស់
ហើយរុក្ខជាតិក៏លែងមានទៀតដែរ។
7ហេតុនេះហើយបានជាពួកគេប្រមែប្រមូល
អ្វីៗដែលនៅសល់នាំយកទៅទុក
នៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។
8សម្រែករបស់ប្រជាជនលាន់ឮជុំវិញ
ព្រំដែនស្រុកម៉ូអាប់ទាំងមូល
ទំនួញរបស់ពួកគេឮទៅដល់អេកឡែម
ទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។
9ទឹកអូរដែលហូរកាត់ភូមិឌីម៉ូន
មានសុទ្ធតែឈាម
ហើយយើងនឹងធ្វើឲ្យទុក្ខវេទនា
កើតមានដល់ភូមិឌីម៉ូននេះថែមទៀត
គឺសត្វសិង្ហនឹងមកខាំជនជាតិម៉ូអាប់
ដែលនៅសល់លើទឹកដីរបស់គេ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 15: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.