អេសាយ 1:21-31

អេសាយ 1:21-31 គខប

ហេតុ​ដូច​ម្ដេច​បាន​ជា​បុរី​ដ៏​ស្មោះ​ត្រង់ បែរ​ជា​ខូច អស់​បែប​នេះ? ពី​មុន នៅ​ក្នុង​ទីក្រុង មាន​ពេញ​ដោយ​យុត្តិធម៌ សេចក្ដី​សុចរិត​ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​គ្រប់‌គ្រង សុទ្ធ​តែ​ជា​ឃាតក! អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ប្រាក់​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត‌ស្អំ​ទេ ហើយ​ស្រា​របស់​អ្នក​រាល់​គ្នា​ក៏​លាយ​ទឹក​ដែរ។ អ្នក​ដឹក​នាំ​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ ពួក​គេ​ចូល​ដៃ​ជា​មួយ​ចោរ ពួក​គេ​ចូល​ចិត្ត​សំណូក ហើយ​គិត​តែ​ពី​ស្វះ‌ស្វែង​រក​ជំនូន គឺ​ពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា​ទេ ហើយ​ក៏​មិន​រវី‌រវល់​ស្ដាប់​ស្ត្រី​មេម៉ាយ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ដណ្ដើម​យក​ជ័យ‌ជម្នះ​ពី​បច្ចា‌មិត្ត​របស់​យើង ហើយ​យើង​នឹង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​យើង! យេរូ‌សាឡឹម​អើយ យើង​នឹង​វាយ​ប្រដៅ​អ្នក យើង​នឹង​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​លោហ‌ធាតុ យើង​ក៏​នឹង​ដក​អ្វីៗ​ទាំង​អស់​ដែល​សៅហ្មង ចេញ​ពី​អ្នក​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ចៅ‌ក្រម​របស់​អ្នក បាន​ដូច​ចៅ‌ក្រម​នៅ​ជំនាន់​ដើម ហើយ​ធ្វើ​ឲ្យ​ទី​ប្រឹក្សា​របស់​អ្នក បាន​ដូច​ទី​ប្រឹក្សា​នៅ​ជំនាន់​មុន​ដែរ។ ពេល​នោះ គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​ដ៏​សុចរិត” “បុរី​ដ៏​ស្មោះ​ត្រង់”។ យុត្តិធម៌​នឹង​រំដោះ​ក្រុង​ស៊ីយ៉ូន ឲ្យ​មាន​សេរី‌ភាព ហើយ​សេចក្ដី​សុចរិត​ក៏​នឹង​រំដោះ ប្រជា‌ជន​ដែល​កែ​ប្រែ​ចិត្ត​គំនិត ឲ្យ​មាន​សេរី‌ភាព​ដែរ។ រីឯ​ពួក​បះ‌បោរ មនុស្ស​បាប និង​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់​វិញ គេ​នឹង​វិនាស​អន្តរាយ​ជា​មួយ​គ្នា​អស់​ទៅ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​មុខ ព្រោះ​តែ​ជំពាក់​ចិត្ត​នឹង​ដើម​ឈើ​ដ៏​សក្ការៈ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​អាម៉ាស់ ព្រោះ​តែ​បាន​ជ្រើស​រើស​សួន​ឧទ្យាន​ទាំង​នោះ ទុក​ជា​កន្លែង​ធ្វើ​សក្ការ‌បូជា​ដែរ។ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ដើម​ឈើ​ទាំង​នោះ ដែល​មាន​ស្លឹក​ក្រៀម​ស្ងួត ហើយ​ដូច​សួន​ឧទ្យាន​ដែល​គ្មាន​ទឹក។ មនុស្ស​ខ្លាំង​ពូកែ​នឹង​ក្លាយ​ទៅ​ជា​កម្ទេច​ឈើ​ស្ងួត ហើយ​អ្វីៗ​ដែល​គេ​ធ្វើ ប្រៀប​បាន​នឹង​ផ្កា​ភ្លើង ដែល​ឆេះ​ជា​មួយ​គ្នា គ្មាន​នរណា​ពន្លត់​បាន​ឡើយ។