អេសាយ 1:1-17

អេសាយ 1:1-17 គខប

ក្នុង​រជ្ជកាល​ព្រះ‌បាទ​អ៊ូសៀស ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស និមិត្ត​ឃើញ​ការ​អស្ចារ្យ​ស្ដី​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ត​ទៅ: ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់! ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​កូន យើង​បាន​អប់រំ​ពួក​វា តែ​ពួក​វា​បែរ​ជា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ គោ​ស្គាល់​ម្ចាស់​វា រីឯ​លា​ក៏​ស្គាល់​ម្ចាស់​ដែល​ឲ្យ​ចំណី​វា​ដែរ តែ​ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​ស្គាល់​អ្វី​ទាំង​អស់ ប្រជា‌ជន​របស់​យើង​មិន​ចេះ​ពិចារណា​សោះ! អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​មាន​បាប ជា​ប្រជា‌ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​ពូជ​មនុស្ស​ខិល‌ខូច ជា​អំបូរ​ពុក​រលួយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន! អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​បាន​មើល‌ងាយ ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​បែរ​ខ្នង​ដាក់​ព្រះអង្គ​ទៀត​ផង! យើង​មិន​ដឹង​ថា ត្រូវ​វាយ​ប្រដៅ​អ្នក​រាល់​គ្នា ត្រង់​កន្លែង​ណា​ទៀត​ទេ ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​បះ‌បោរ ប្រឆាំង​នឹង​យើង​ជានិច្ច។ ក្បាល​របស់​អ្នក​រាល់​គ្នា​របួស​សព្វ​ទី​កន្លែង ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​មាន​ជំងឺ​ដែរ។ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង គ្មាន​អ្វី​នៅ​ល្អ​សោះ គឺ​មាន​សុទ្ធ​តែ​ដំបៅ ស្នាម​ជាំ និង​មុខ​របួស​ថ្មីៗ នៅ​គ្រប់​កន្លែង ដែល​គ្មាន​នរណា​លាង រុំ ឬ​លាប​ប្រេង ឲ្យ​ធូរ​ស្បើយ​ឡើយ។ ស្រុក​ទេស​របស់​អ្នក​រាល់​គ្នា​ត្រូវ​ហិន‌ហោច ក្រុង​របស់​អ្នក​រាល់​គ្នា​ត្រូវ​ភ្លើង​ឆេះ​អស់ ជន​បរទេស​ប្លន់​យក​ផល​ពី​ទឹក​ដី របស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខ ដូច​មាន​ខ្មាំង​មក​រាត‌ត្បាត ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ គឺ​នៅ​សល់​តែ​ក្រុង​ស៊ីយ៉ូន​ដែល​ប្រៀប​ដូច​ជា​ខ្ទម នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ឬ​ដូច​ខ្ទម​នៅ​ចម្ការ​ត្រសក់ ឬ​ដូច​ក្រុង​ដែល​ខ្មាំង​ឡោម‌ព័ទ្ធ។ ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* មិន​បាន​ទុក​យើង​ឲ្យ​នៅ​សេស‌សល់ មួយ​ចំនួន​តូច​ទេ​នោះ យើង​មុខ​ជា​វិនាស​ដូច​អ្នក​ក្រុង​សូដុម យើង​នឹង​ប្រៀប​ដូច​ជា​អ្នក​ក្រុង​កូម៉ូរ៉ា។ អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយ ចូរ​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អម្ចាស់! អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​អាក្រក់ ដូច​ប្រជា‌ជន​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀន‌ប្រដៅ របស់​ព្រះ​នៃ​យើង! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​មិន​រវី‌រវល់​នឹង​យញ្ញ‌បូជា ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក​រាល់​គ្នា​ទេ យើង​ធុញ‌ទ្រាន់​នឹង​ពពែ​ឈ្មោល ព្រម​ទាំង​ខ្លាញ់​កូន​គោ ដែល​អ្នក​រាល់​គ្នា​ដុត​ទាំង​មូល​ថ្វាយ​យើង ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម​គោ ឈាម​ចៀម និង​ឈាម​ពពែ របស់​អ្នក​រាល់​គ្នា​ដែរ។ ពេល​អ្នក​រាល់​គ្នា​ចូល​មក​រក​យើង តើ​នរណា​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​ជាន់ ទី‌លាន​ដំណាក់​របស់​យើង​ដូច្នេះ? ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះ មក​ថ្វាយ​យើង​ទៅ! យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ ហើយ​យើង​ក៏​ធុញ‌ទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* ឬ​ពិធី​ដ៏​ឱឡា‌រិក ដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។ យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ ទ្រាំ​មិន​បាន។ កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។ ចូរ​លាង​សម្អាត និង​ជម្រះ​ខ្លួន ឲ្យ​បាន​ស្អាត​បរិសុទ្ធ! ចូរ​យក​អំពើ​ទុច្ចរិត​ចេញ​ពី​មុខ​យើង​ទៅ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ឡើយ! ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌! ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ! ចូរ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា ហើយ​ការពារ​ស្ត្រី​មេម៉ាយ!