អេសាយ 1

1
ភាគ​ទី​មួយ សេចក្ដី​ប្រកាស​ស្ដី​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែល
ព្រះ‌អម្ចាស់​បន្ទោស​ប្រជា‌ជន​របស់​ព្រះអង្គ
1 ក្នុង​រជ្ជកាល​ព្រះ‌បាទ​អ៊ូសៀស ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស និមិត្ត​ឃើញ​ការ​អស្ចារ្យ​ស្ដី​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ត​ទៅ:
2ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់!
ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
យើង​បាន​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​កូន
យើង​បាន​អប់រំ​ពួក​វា
តែ​ពួក​វា​បែរ​ជា​បះ‌បោរ​ប្រឆាំង​នឹង​យើង។
3គោ​ស្គាល់​ម្ចាស់​វា
រីឯ​លា​ក៏​ស្គាល់​ម្ចាស់​ដែល​ឲ្យ​ចំណី​វា​ដែរ
តែ​ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​ស្គាល់​អ្វី​ទាំង​អស់
ប្រជា‌ជន​របស់​យើង​មិន​ចេះ​ពិចារណា​សោះ!
4អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​មាន​បាប
ជា​ប្រជា‌ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
ជា​ពូជ​មនុស្ស​ខិល‌ខូច ជា​អំបូរ​ពុក​រលួយ
អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន!
អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់
អ្នក​រាល់​គ្នា​បាន​មើល‌ងាយ
ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
ហើយ​បែរ​ខ្នង​ដាក់​ព្រះអង្គ​ទៀត​ផង!
5យើង​មិន​ដឹង​ថា ត្រូវ​វាយ​ប្រដៅ​អ្នក​រាល់​គ្នា
ត្រង់​កន្លែង​ណា​ទៀត​ទេ
ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​បះ‌បោរ
ប្រឆាំង​នឹង​យើង​ជានិច្ច។
ក្បាល​របស់​អ្នក​រាល់​គ្នា​របួស​សព្វ​ទី​កន្លែង
ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​មាន​ជំងឺ​ដែរ។
6តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង
គ្មាន​អ្វី​នៅ​ល្អ​សោះ គឺ​មាន​សុទ្ធ​តែ​ដំបៅ
ស្នាម​ជាំ និង​មុខ​របួស​ថ្មីៗ នៅ​គ្រប់​កន្លែង
ដែល​គ្មាន​នរណា​លាង រុំ ឬ​លាប​ប្រេង
ឲ្យ​ធូរ​ស្បើយ​ឡើយ។
7ស្រុក​ទេស​របស់​អ្នក​រាល់​គ្នា​ត្រូវ​ហិន‌ហោច
ក្រុង​របស់​អ្នក​រាល់​គ្នា​ត្រូវ​ភ្លើង​ឆេះ​អស់
ជន​បរទេស​ប្លន់​យក​ផល​ពី​ទឹក​ដី
របស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខ
ដូច​មាន​ខ្មាំង​មក​រាត‌ត្បាត
ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ
8គឺ​នៅ​សល់​តែ​ក្រុង​ស៊ីយ៉ូន​ដែល​ប្រៀប​ដូច​ជា​ខ្ទម
នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ
ឬ​ដូច​ខ្ទម​នៅ​ចម្ការ​ត្រសក់
ឬ​ដូច​ក្រុង​ដែល​ខ្មាំង​ឡោម‌ព័ទ្ធ។
9 ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*
មិន​បាន​ទុក​យើង​ឲ្យ​នៅ​សេស‌សល់
មួយ​ចំនួន​តូច​ទេ​នោះ
យើង​មុខ​ជា​វិនាស​ដូច​អ្នក​ក្រុង​សូដុម
យើង​នឹង​ប្រៀប​ដូច​ជា​អ្នក​ក្រុង​កូម៉ូរ៉ា។
10អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់
ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយ
ចូរ​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អម្ចាស់!
អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​អាក្រក់
ដូច​ប្រជា‌ជន​ក្រុង​កូម៉ូរ៉ា​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀន‌ប្រដៅ
របស់​ព្រះ​នៃ​យើង!
11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
យើង​មិន​រវី‌រវល់​នឹង​យញ្ញ‌បូជា
ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក​រាល់​គ្នា​ទេ
យើង​ធុញ‌ទ្រាន់​នឹង​ពពែ​ឈ្មោល
ព្រម​ទាំង​ខ្លាញ់​កូន​គោ
ដែល​អ្នក​រាល់​គ្នា​ដុត​ទាំង​មូល​ថ្វាយ​យើង
ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម​គោ
ឈាម​ចៀម និង​ឈាម​ពពែ
របស់​អ្នក​រាល់​គ្នា​ដែរ។
12ពេល​អ្នក​រាល់​គ្នា​ចូល​មក​រក​យើង
តើ​នរណា​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​ជាន់
ទី‌លាន​ដំណាក់​របស់​យើង​ដូច្នេះ?
13ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះ
មក​ថ្វាយ​យើង​ទៅ!
យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់
ហើយ​យើង​ក៏​ធុញ‌ទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗ
បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ*
ឬ​ពិធី​ដ៏​ឱឡា‌រិក
ដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។
14យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ
របស់​អ្នក​រាល់​គ្នា​ណាស់
ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់
ទ្រាំ​មិន​បាន។
15កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ
យើង​ងាក​មុខ​ចេញ
ទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដី
ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ
ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។
16ចូរ​លាង​សម្អាត និង​ជម្រះ​ខ្លួន
ឲ្យ​បាន​ស្អាត​បរិសុទ្ធ!
ចូរ​យក​អំពើ​ទុច្ចរិត​ចេញ​ពី​មុខ​យើង​ទៅ
កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ឡើយ!
17ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌!
ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេ
ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ!
ចូរ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា
ហើយ​ការពារ​ស្ត្រី​មេម៉ាយ!
18 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
ចូរ​មក​យើង​ពិភាក្សា​ជា​មួយ​គ្នា
ទោះ​បី​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់
យ៉ាង​ណា​ក្ដី
ក៏​វា​នឹង​ប្រែ​ទៅ​ជា ស ដូច​សំឡី​វិញ​ដែរ
ហើយ​ទោះ​បី​វា​មាន​ពណ៌​ខ្មៅ​យ៉ាង​ណា​ក៏​ដោយ
វា​នឹង​ប្រែ​ជា ស​ដូច​កប្បាស ។
19ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​យើង
អ្នក​រាល់​គ្នា​នឹង​បរិភោគ
ផល​ល្អៗ​នៅ​ក្នុង​ស្រុក​នេះ។
20ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​មិន​យល់​ព្រម
ហើយ​មាន​ចិត្ត​រឹង​ចចេស
អ្នក​រាល់​គ្នា​មុខ​ជា​ស្លាប់​ដោយ​មុខ​ដាវ​ពុំ‌ខាន​ឡើយ!
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
21ហេតុ​ដូច​ម្ដេច​បាន​ជា​បុរី​ដ៏​ស្មោះ​ត្រង់
បែរ​ជា​ខូច អស់​បែប​នេះ?
ពី​មុន នៅ​ក្នុង​ទីក្រុង មាន​ពេញ​ដោយ​យុត្តិធម៌
សេចក្ដី​សុចរិត​ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ។
ប៉ុន្តែ ឥឡូវ​នេះ អ្នក​គ្រប់‌គ្រង
សុទ្ធ​តែ​ជា​ឃាតក!
22អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ
ប្រាក់​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត‌ស្អំ​ទេ
ហើយ​ស្រា​របស់​អ្នក​រាល់​គ្នា​ក៏​លាយ​ទឹក​ដែរ។
23អ្នក​ដឹក​នាំ​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ
ពួក​គេ​ចូល​ដៃ​ជា​មួយ​ចោរ
ពួក​គេ​ចូល​ចិត្ត​សំណូក
ហើយ​គិត​តែ​ពី​ស្វះ‌ស្វែង​រក​ជំនូន
គឺ​ពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា​ទេ
ហើយ​ក៏​មិន​រវី‌រវល់​ស្ដាប់​ស្ត្រី​មេម៉ាយ​ដែរ។
24ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់
នៃ​ពិភព​ទាំង​មូល គឺ​ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា
របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា:
យើង​នឹង​ដណ្ដើម​យក​ជ័យ‌ជម្នះ​ពី​បច្ចា‌មិត្ត​របស់​យើង
ហើយ​យើង​នឹង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​យើង!
25យេរូ‌សាឡឹម​អើយ
យើង​នឹង​វាយ​ប្រដៅ​អ្នក
យើង​នឹង​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​លោហ‌ធាតុ
យើង​ក៏​នឹង​ដក​អ្វីៗ​ទាំង​អស់​ដែល​សៅហ្មង
ចេញ​ពី​អ្នក​ដែរ។
26យើង​នឹង​ធ្វើ​ឲ្យ​ចៅ‌ក្រម​របស់​អ្នក
បាន​ដូច​ចៅ‌ក្រម​នៅ​ជំនាន់​ដើម
ហើយ​ធ្វើ​ឲ្យ​ទី​ប្រឹក្សា​របស់​អ្នក
បាន​ដូច​ទី​ប្រឹក្សា​នៅ​ជំនាន់​មុន​ដែរ។
ពេល​នោះ គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​ដ៏​សុចរិត”
“បុរី​ដ៏​ស្មោះ​ត្រង់”។
27យុត្តិធម៌​នឹង​រំដោះ​ក្រុង​ស៊ីយ៉ូន
ឲ្យ​មាន​សេរី‌ភាព
ហើយ​សេចក្ដី​សុចរិត​ក៏​នឹង​រំដោះ
ប្រជា‌ជន​ដែល​កែ​ប្រែ​ចិត្ត​គំនិត
ឲ្យ​មាន​សេរី‌ភាព​ដែរ។
28រីឯ​ពួក​បះ‌បោរ មនុស្ស​បាប
និង​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់​វិញ
គេ​នឹង​វិនាស​អន្តរាយ​ជា​មួយ​គ្នា​អស់​ទៅ។
29ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​មុខ
ព្រោះ​តែ​ជំពាក់​ចិត្ត​នឹង​ដើម​ឈើ​ដ៏​សក្ការៈ
ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​អាម៉ាស់
ព្រោះ​តែ​បាន​ជ្រើស​រើស​សួន​ឧទ្យាន​ទាំង​នោះ
ទុក​ជា​កន្លែង​ធ្វើ​សក្ការ‌បូជា​ដែរ។
30ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ដើម​ឈើ​ទាំង​នោះ
ដែល​មាន​ស្លឹក​ក្រៀម​ស្ងួត
ហើយ​ដូច​សួន​ឧទ្យាន​ដែល​គ្មាន​ទឹក។
31មនុស្ស​ខ្លាំង​ពូកែ​នឹង​ក្លាយ​ទៅ​ជា​កម្ទេច​ឈើ​ស្ងួត
ហើយ​អ្វីៗ​ដែល​គេ​ធ្វើ ប្រៀប​បាន​នឹង​ផ្កា​ភ្លើង
ដែល​ឆេះ​ជា​មួយ​គ្នា
គ្មាន​នរណា​ពន្លត់​បាន​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល