ចូរហៅបងប្អូនប្រុសរបស់អ្នករាល់គ្នាថា “អាំមី” ចូរហៅបងប្អូនស្រីរបស់អ្នករាល់គ្នាថា “រូហាម៉ា” ។ ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ! ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យា ចេញពីមុខរបស់ខ្លួន ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដី ចេញពីដើមទ្រូងរបស់ខ្លួនទៅ! បើមិនដូច្នោះទេ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ទុកឲ្យខ្លួននៅទទេ ដូចថ្ងៃដែលនាងទើបនឹងកើត យើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោស្ថាន។ យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែង យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។ យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេ ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី អំពើពេស្យាចារ។ ម្ដាយរបស់ពួកគេជាស្រីពេស្យា ស្រីដែលពរផ្ទៃពួកគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ ព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹក រោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយ ព្រមទាំងប្រេង និងស្រាផង។ ហេតុនេះហើយបានជាយើងយកបន្លា មកស្រះផ្លូវរបស់នាង យើងដាក់របងឃាំងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។ នាងខំរត់តាមគូស្នេហ៍របស់នាង តែតាមពួកគេមិនទាន់ទេ នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។ នាងក៏ពោលថា: បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។ នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។ ហេតុនេះបានជាយើងនឹងវិលមកយក ស្រូវរបស់យើងវិញ នៅរដូវចម្រូត យើងនឹងយកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងយករោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយនាងទៅវិញដែរ។ ឥឡូវនេះ យើងបើកកេរខ្មាសនាង នៅចំពោះមុខគូស្នេហ៍របស់នាង គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។ យើងធ្វើឲ្យនាងបាត់បង់ ការសប្បាយទាំងប៉ុន្មាន ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន ក៏លែងមានទៀតដែរ។ យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរ និងចម្ការឧទុម្ពររបស់នាង ព្រោះនាងពោលថា ចម្ការទាំងនោះ ជាកម្រៃដែលគូស្នេហ៍បានប្រគល់ឲ្យ។ យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃ ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។ យើងដាក់ទោសនាង តាមចំនួនថ្ងៃ ដែលនាងបានដុតគ្រឿងក្រអូបសែន ព្រះបាលទាំងឡាយ នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក រត់តាមគូស្នេហ៍របស់នាង។ រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុនេះយើងនឹងទាក់ទាញចិត្តនាង ដោយនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយលួងលោមចិត្តនាង។ ពេលនោះ យើងនឹងប្រគល់ចម្ការ ទំពាំងបាយជូរឲ្យនាងវិញ។ ជ្រលងភ្នំអាកោរ នឹងក្លាយទៅជាទ្វារ នាំនាងទៅរកសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានាងនៅពីក្មេង គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
អាន ហូសេ 2
ស្ដាប់នូវ ហូសេ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 2:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ