ព្រះបាទម៉ិលគីស្សាដែកនេះ ជាព្រះមហាក្សត្រនៅក្រុងសាឡឹម និងជាបូជាចារ្យ*របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ស្ដេចបានទៅជួបលោកអប្រាហាំ ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយស្ដេចជូនពរលោក។ លោកអប្រាហាំបានយកអ្វីៗទាំងអស់ដែលលោកមានចំនួនមួយភាគដប់ មកថ្វាយព្រះបាទម៉ិលគីស្សាដែក។ ព្រះនាមរបស់ស្ដេចអង្គនេះមានន័យថា «ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយព្រះរាជាជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ត»។ ស្ដេចគ្មានមាតាបិតា និងគ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេចក៏គ្មានដើមកំណើត និងចុងបញ្ចប់ដែរ។ ស្ដេចដូចព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយស្ថិតនៅជាបូជាចារ្យ*រហូតតរៀងទៅ។ សូមបងប្អូនពិចារណាមើលចុះ ព្រះបាទម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុនណា បានជាលោកអប្រាហាំ បុព្វបុរស*របស់យើង យកអ្វីៗដែលលោករឹបអូសបានពីចម្បាំង ចំនួនមួយភាគដប់មកថ្វាយដូច្នេះ!។ អស់អ្នកក្នុងពូជពង្សរបស់លោកលេវី*ដែលបានទទួលមុខងារជាបូជាចារ្យ*នោះ ក៏បានទទួលបញ្ជាឲ្យហូតយកតង្វាយមួយភាគដប់*ពីប្រជាជន ស្របតាមក្រឹត្យវិន័យ* គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។ ចំណែកឯព្រះបាទម៉ិលគីស្សាដែកវិញ លោកគ្មានជាប់សាច់ញាតិអ្វីនឹងកូនចៅលោកលេវីទេ តែលោកបានយកទ្រព្យចំនួនមួយភាគដប់ពីលោកអប្រាហាំ! ស្ដេចក៏ជូនពរដល់លោកអប្រាហាំ ដែលបានទទួលព្រះបន្ទូលសន្យា! ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកឡើយ។ លោកលេវី ដែលទទួលតង្វាយមួយភាគនោះ ជាមនុស្សតែងតែស្លាប់។ រីឯព្រះបាទម៉ិលគីស្សាដែកវិញ ទ្រង់មានព្រះជន្មរស់ដូចគម្ពីរបានបញ្ជាក់ស្រាប់។ យើងអាចពោលឲ្យអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលតង្វាយមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ថ្វាយព្រះបាទម៉ិលគីស្សាដែក តាមរយៈលោកអប្រាហាំដែរ ដ្បិតនៅពេលដែលព្រះបាទម៉ិលគីស្សាដែកទៅជួបលោកអប្រាហាំនោះ លោកលេវីស្ថិតនៅក្នុងលោកអប្រាហាំនៅឡើយ។
អាន ហេប្រឺ 7
ស្ដាប់នូវ ហេប្រឺ 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហេប្រឺ 7:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ