ហេប្រឺ 7:1-10
ហេប្រឺ 7:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទម៉ិលគីស្សាដែកនេះ ជាព្រះមហាក្សត្រនៅក្រុងសាឡឹម និងជាបូជាចារ្យ*របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ស្ដេចបានទៅជួបលោកអប្រាហាំ ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយស្ដេចជូនពរលោក។ លោកអប្រាហាំបានយកអ្វីៗទាំងអស់ដែលលោកមានចំនួនមួយភាគដប់ មកថ្វាយព្រះបាទម៉ិលគីស្សាដែក។ ព្រះនាមរបស់ស្ដេចអង្គនេះមានន័យថា «ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយព្រះរាជាជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ត»។ ស្ដេចគ្មានមាតាបិតា និងគ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេចក៏គ្មានដើមកំណើត និងចុងបញ្ចប់ដែរ។ ស្ដេចដូចព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយស្ថិតនៅជាបូជាចារ្យ*រហូតតរៀងទៅ។ សូមបងប្អូនពិចារណាមើលចុះ ព្រះបាទម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុនណា បានជាលោកអប្រាហាំ បុព្វបុរស*របស់យើង យកអ្វីៗដែលលោករឹបអូសបានពីចម្បាំង ចំនួនមួយភាគដប់មកថ្វាយដូច្នេះ!។ អស់អ្នកក្នុងពូជពង្សរបស់លោកលេវី*ដែលបានទទួលមុខងារជាបូជាចារ្យ*នោះ ក៏បានទទួលបញ្ជាឲ្យហូតយកតង្វាយមួយភាគដប់*ពីប្រជាជន ស្របតាមក្រឹត្យវិន័យ* គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។ ចំណែកឯព្រះបាទម៉ិលគីស្សាដែកវិញ លោកគ្មានជាប់សាច់ញាតិអ្វីនឹងកូនចៅលោកលេវីទេ តែលោកបានយកទ្រព្យចំនួនមួយភាគដប់ពីលោកអប្រាហាំ! ស្ដេចក៏ជូនពរដល់លោកអប្រាហាំ ដែលបានទទួលព្រះបន្ទូលសន្យា! ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកឡើយ។ លោកលេវី ដែលទទួលតង្វាយមួយភាគនោះ ជាមនុស្សតែងតែស្លាប់។ រីឯព្រះបាទម៉ិលគីស្សាដែកវិញ ទ្រង់មានព្រះជន្មរស់ដូចគម្ពីរបានបញ្ជាក់ស្រាប់។ យើងអាចពោលឲ្យអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលតង្វាយមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ថ្វាយព្រះបាទម៉ិលគីស្សាដែក តាមរយៈលោកអប្រាហាំដែរ ដ្បិតនៅពេលដែលព្រះបាទម៉ិលគីស្សាដែកទៅជួបលោកអប្រាហាំនោះ លោកលេវីស្ថិតនៅក្នុងលោកអប្រាហាំនៅឡើយ។
ហេប្រឺ 7:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ិលគីស្សាដែក ជាស្តេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត បានជួបលោកអ័ប្រាហាំ ក្រោយពីបានបំផ្លាញពួកស្តេចនានា ហើយក៏បានជូនពរលោក លោកអ័ប្រាហាំបានយកចំណែកមួយភាគដប់ ពីអ្វីៗទាំងអស់មកជូនលោកម៉ិលគីស្សាដែក។ នាមរបស់ស្តេចអង្គនោះ ដំបូងមានន័យថា «ស្តេចនៃសេចក្តីសុចរិត» រួចមក លោកជាស្តេចក្រុងសាឡិម ដែលមានន័យថា «ស្តេចនៃសេចក្តីសុខសាន្ត»។ លោកគ្មានមាតាបិតា គ្មានពង្សាវតារ ក៏គ្មានដើមកំណើត ឬចុងបញ្ចប់ឡើយ គឺមានភាពដូចជាព្រះរាជបុត្រារបស់ព្រះ ហើយនៅជាសង្ឃរហូតតទៅ។ ចូរពិចារណាមើលពីស្តេចអង្គនេះ ដែលមានឋានៈធំយ៉ាងណា បានជាលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង បានថ្វាយមួយភាគដប់ ពីអ្វីៗដែលលោករឹបអូសបាន។ រីឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបញ្ជាតាមក្រឹត្យវិន័យ ឲ្យហូតយកមួយភាគដប់ពីប្រជាជន គឺពីពួកបងប្អូនរបស់គេ ទោះបើអ្នកទាំងនោះជាពូជពង្សលោកអ័ប្រាហាំដូចគ្នាក៏ដោយ។ ប៉ុន្ដែ លោកម៉ិលគីស្សាដែកនេះ ដែលមិនជាប់សាច់ញាតិអ្វីនឹងគេ លោកបានទទួលចំណែកមួយភាគដប់ពីលោកអ័ប្រាហាំ ហើយក៏ឲ្យពរដល់លោក ដែលបានទទួលសេចក្តីសន្យា។ ធម្មតា អ្នកធំតែងឲ្យពរអ្នកតូច យើងពុំអាចប្រកែកបានឡើយ។ ក្នុងករណីមួយនេះ មនុស្សដែលតែងតែស្លាប់ ទទួលតង្វាយមួយភាគដប់ តែក្នុងករណីមួយទៀត គឺម្នាក់ដែលគម្ពីរធ្វើបន្ទាល់ថា លោកមានជីវិតរស់នៅ។ គេអាចនិយាយបានថា លោកលេវីដែលទទួលតង្វាយមួយភាគដប់ លោកក៏បានថ្វាយមួយភាគដប់ តាមរយៈលោកអ័ប្រាហាំដែរ ដ្បិតកាលលោកម៉ិលគីស្សាដែកបានជួបលោកអ័ប្រាហាំ នោះលោកលេវីស្ថិតនៅក្នុងខ្លួនបុព្វបុរសរបស់លោកនៅឡើយ។
ហេប្រឺ 7:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯលោកម៉ិលគីស្សាដែក ស្តេចក្រុងសាឡិម ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតនេះ ដែលបានទៅជួបនឹងលោកអ័ប្រាហាំ ក្នុងកាលដែលត្រឡប់ពីវាយបំផ្លាញពួកស្តេចវិញ ក៏បានប្រទានពរដល់លោក ហើយលោកអ័ប្រាហាំបានយក១ភាគក្នុង១០ ពីរបស់ទាំងអស់ជូនលោក នាមស្តេចនោះ ដើមដំបូងស្រាយថា ស្តេចនៃសេចក្ដីសុចរិត រួចមកជាស្តេចក្រុងសាឡិម គឺថា ជាស្តេចនៃសេចក្ដីសុខសាន្ត លោកគ្មានមាតាបិតា គ្មានពង្សាវតារទេ ក៏គ្មានថ្ងៃកំណើត ឬថ្ងៃស្លាប់ដែរ លោកមានភាពដូចជាព្រះរាជបុត្រានៃព្រះ ក៏នៅជាសង្ឃជារៀងរាបដរាបតទៅ ចូរពិចារណាពីលោកនោះ ដែលជាធំដល់ម៉្លេះ បានជាលោកអ័ប្រាហាំ ជាឰយុកោ បានជូនរបឹប១ភាគក្នុង១០ផង រីឯខាងឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបង្គាប់តាមក្រិត្យវិន័យ ឲ្យហូតយក១ភាគក្នុង១០ពីប្រជាជនដែរ គឺពីពួកបងប្អូនគេទាំងប៉ុន្មាន ទោះបើពួកនោះកើតអំពីពូជពង្សលោកអ័ប្រាហាំក៏ដោយ តែលោកម៉ិលគីស្សាដែកនេះ ដែលមិនបានរាប់ជាវង្សាគេទេ នោះបានទទួល១ភាគក្នុង១០ ពីលោកអ័ប្រាហាំវិញ ហើយក៏ឲ្យពរ ដល់លោកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មានផង ហើយច្បាប់នេះដែលថា គឺអ្នកធំតែងឲ្យពរដល់អ្នកតូច នោះប្រកែកមិនបានឡើយ រីឯនៅទីនេះ មនុស្សដែលតែងតែស្លាប់ គេទទួល១ភាគក្នុង១០ តែនៅទីនោះមានសេចក្ដីបន្ទាល់ថា លោកនេះរស់នៅ ហើយលោកលេវី ដែលទទួលដង្វាយ១ភាគក្នុង១០ នោះលោកឧបមាដូចជាបានថ្វាយ១ភាគក្នុង១០ដែរ ដោយសារលោកអ័ប្រាហាំ ដ្បិតកាលលោកម៉ិលគីស្សាដែកបានទៅចួបនឹងលោកអ័ប្រាហាំ នោះលោកលេវីនៅជាពូជ ក្នុងខ្លួននៃឰយុកោលោកនៅឡើយ។