ហេប្រឺ 5:1-6

ហេប្រឺ 5:1-6 គខប

គេ​ជ្រើស​រើស​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប​ពី​ចំណោម​មនុស្ស ហើយ​តែង‌តាំង​សម្រាប់​ឲ្យ​ទាក់ទង​ជា​មួយ​ព្រះ‌ជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប​មនុស្ស។ លោក​មហា​បូជា‌ចារ្យ​អាច​មាន​អធ្យាស្រ័យ​ដល់​មនុស្ស​ល្ងិត​ល្ងង់ និង​មនុស្ស​វង្វេង​បាន ព្រោះ​ខ្លួន​លោក​ផ្ទាល់​ក៏​ទន់​ខ្សោយ ហើយ​ដោយ​លោក​ទន់​ខ្សោយ ដូច្នេះ លោក​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ និង​ប្រជា‌រាស្ត្រ​រួច​ពី​បាប។ គ្មាន​នរណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​ទាល់​តែ​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​ដូច​លោក​អើរ៉ុន ទើប​បំពេញ​បាន។ រីឯ​ព្រះ‌គ្រិស្ត​វិញ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​ពុំ​បាន​លើក​តម្កើង​ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​មហា​បូជា‌ចារ្យ​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​បាន​តែង‌តាំង​ព្រះអង្គ ដោយ​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះអង្គ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ។ ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖ «ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក» ។