ហេប្រឺ 4:4-12

ហេប្រឺ 4:4-12 គខប

ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំ‌ពីរ​ថាៈ ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ រួច​ព្រះអង្គ​ក៏​សម្រាក ។ ក្នុង​អត្ថ‌បទ​គម្ពីរ​ខាង​លើ​នេះ​មាន​ចែង​សា​ជា​ថ្មី​ថា: «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​សម្រាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។ ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​សម្រាក ក៏​ប៉ុន្តែ ដោយ​អស់​អ្នក​ដែល​ទទួល​ដំណឹង‌ល្អ​ពី​មុន​មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់ ព្រះអង្គ​ក៏​កំណត់​យក“ថ្ងៃ​នេះ”​មួយ​ទៀត គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ‌បាទ​ដាវីឌ​ជា​យូរ​អង្វែង​ក្រោយ​មក​ទៀត ដូច​មាន​ចែង​ទុក​នៅ​ខាង​លើ​នេះ​ស្រាប់​ថា: «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ឡើយ»។ ប្រសិន​បើ​លោក​យ៉ូស្វេ​នាំ​ប្រជា‌រាស្ដ្រ​ឲ្យ​បាន​សម្រាក​មែន ក្រោយ​មក​ទៀត​នោះ ព្រះ‌ជាម្ចាស់​មុខ​ជា​ពុំ​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។ ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ទុក​ឲ្យ​មាន​ថ្ងៃ​សម្រាក​មួយ​ទៀត សម្រាប់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ដែរ ដ្បិត​អ្នក​ណា​ចូល​ទៅ​សម្រាក​ជា​មួយ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​បាន​បង្ហើយ​កិច្ចការ របស់​ខ្លួន ដូច​ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ​ដែរ។ ហេតុ​នេះ យើង​ត្រូវ​តែ​ខ្នះ‌ខ្នែង​ចូល​ទៅ​រក​សម្រាក​ជា​មួយ​ព្រះអង្គ​នោះ​វិញ កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ខ្លួន​ទៅ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បន្ទូល​ដ៏​មាន​ជីវិត និង​មាន​មហិទ្ធិ‌ឫទ្ធិ​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ ព្រះ‌បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ ព្រះ‌បន្ទូល​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។