ហេប្រឺ 2:1-18

ហេប្រឺ 2:1-18 គខប

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ ដែល​យើង​បាន​ស្ដាប់​ឲ្យ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ។ ប្រសិន​បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវតា​ថ្លែង​ប្រាប់​យក​ជា​ការ​បាន ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស និង​មិន​ស្ដាប់​តាម បាន​ទទួល​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ចំណង់​បើ​យើង​វិញ ធ្វើ​ម្ដេច​នឹង​ឲ្យ​រួច​ខ្លួន​បាន បើ​យើង​ធ្វេស‌ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ថ្លៃ​វិសេស​នេះ? ជា​បឋម ព្រះ‌អម្ចាស់​បាន​ថ្លែង​អំពី​ការ​សង្គ្រោះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់​ក៏​បញ្ជាក់​ប្រាប់​យើង​ដែរ។ ព្រះ‌ជាម្ចាស់​ផ្ដល់​សក្ខីភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សម្តែង​ទី​សម្គាល់ ឫទ្ធិ​បាដិ‌ហារិយ៍ ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​មក ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះអង្គ​ផង។ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រគល់​ឲ្យ​ពួក​ទេវតា*​ត្រួត‌ត្រា​ពិភព​លោក​ខាង​មុខ ដូច​យើង​ធ្លាប់​និយាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មាន​ម្នាក់​បាន​ផ្ដល់​សក្ខីភាព​នៅ​ក្នុង​វគ្គ​មួយ​ដែល​ចែង​ថា៖ «តើ​មនុស្ស​មាន​ឋានៈ​អ្វី​បាន​ជា​ព្រះអង្គ​នឹក ដល់​គេ​ដូច្នេះ តើ​បុត្រ​មនុស្ស​ជា​អ្វី​ដែរ​បាន​ជា​ព្រះអង្គ​យក ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ»? «ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាង ទេវតា​តែ​មួយ​រយៈ​ប៉ុណ្ណោះ ព្រះអង្គ​ប្រទាន​សិរី‌រុងរឿង និង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ ព្រះអង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ នៅ​ក្រោម​ជើង​របស់​គេ» ។ ព្រះ‌ជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឥត​ទុក​ឲ្យ​មាន​អ្វី​មួយ​នៅ​សល់ ដែល​ពុំ​បាន​ចុះ​ចូល​នោះ​ឡើយ។ ប៉ុន្តែ នៅ​ពេល​នេះ យើង​ពុំ​ឃើញ​ថា អ្វីៗ​សព្វ​សារ‌ពើ​សុទ្ធ​តែ​បាន​ចុះ​ចូល​នឹង​អំណាច​របស់​មនុស្ស​ហើយ​នោះ​ទេ តែ​យើង​ឃើញ​ថា ព្រះ‌យេស៊ូ​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ ព្រោះ​ព្រះអង្គ​បាន​រង‌ទុក្ខ និង​សោយ​ទិវង្គត​នោះ ឥឡូវ​នេះ ព្រះអង្គ​ទទួល​សិរី‌រុងរឿង និង​ព្រះ‌កិត្តិនាម​ទុក​ជា​មកុដ​រាជ្យ។ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។ អ្វីៗ​ទាំង​អស់​មាន​ជីវិត​ដោយ‌សារ​ព្រះ‌ជាម្ចាស់ និង​សម្រាប់​ព្រះអង្គ ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​នាំ​បុត្រ‌ធីតា​ជា​ច្រើន​ឲ្យ​ទទួល​សិរី‌រុងរឿង ដូច្នេះ គួរ​គប្បី​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះ បាន​គ្រប់​លក្ខណៈ ដោយ​រង‌ទុក្ខ​លំបាក។ ព្រះ‌យេស៊ូ​ដែល​ប្រោស​មនុស្ស​ឲ្យ​វិសុទ្ធ* និង​មនុស្ស​ដែល​ព្រះអង្គ​ប្រោស​ឲ្យ​វិសុទ្ធ​នោះ ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេស៊ូ មិន​ខ្មាស​នឹង​ហៅ​គេ​ថា​ជា​បងប្អូន​របស់​ព្រះអង្គ​ឡើយ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទូលបង្គំ​នឹង​ផ្សាយ​ដំណឹង​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ» ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ» ហើយ​ថា«ខ្ញុំ​នៅ​ឯ​នេះ​រួម​ជា​មួយ​នឹង​កូន​ចៅ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ» ។ ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា ព្រះអង្គ​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​ព្រះអង្គ​សោយ​ទិវង្គត ដើម្បី​កម្ទេច​មារ*​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​ទាសករ​មួយ​ជីវិត ព្រោះ​តែ​ខ្លាច​ស្លាប់។ ព្រះ‌យេស៊ូ​ពិត​ជា​ពុំ​បាន​យាង​មក​ជួយ​ពួក​ទេវតា*​ទេ គឺ​ព្រះអង្គ​មក​ជួយ​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បងប្អូន​របស់​ព្រះអង្គ​គ្រប់​ចំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មហា​បូជា‌ចារ្យ* ដែល​មាន​ចិត្ត​មេត្តា‌ករុណា មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ‌ជាម្ចាស់ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប*​ផង។ ដោយ​ព្រះអង្គ​ផ្ទាល់​បាន​រង‌ទុក្ខ​លំបាក នៅ​ពេល​ជួប​ការ​ល្បង‌ល ព្រះអង្គ​ក៏​អាច​ជួយ​អស់​អ្នក​ដែល​ជួប​នឹង​ការ​ល្បង‌ល​បាន​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហេប្រឺ 2:1-18

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ