ហេប្រឺ 2:1-18

ហេប្រឺ 2:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​រឹត​តែ​ខ្លាំង​ថែម​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពីសេចក្ដី​ទាំង​នេះ​បាត់​ទៅ។ ប្រសិន‌បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវតា​បាន​ថ្លែង​ប្រាប់​នោះ ជា​ការ​ពិត ដូច្នេះ អ្នក​ដែល​ប្រព្រឹត្ត​រំលង ហើយ​រឹង​ចចេស ត្រូវ​ទទួល​ទោសទៅ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​ខ្លួន​បាន បើ​យើង​ធ្វេស​ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ធំ​ដូច្នេះ? ជា​ដំបូង ព្រះ‌អម្ចាស់​បាន​ផ្សាយ​ការ​សង្គ្រោះ​មក ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ។ ព្រះ​បាន​ធ្វើ​បន្ទាល់​ជា​មួយ​ពួក​គេ ដោយ​សម្តែង​ការ​អស្ចារ្យ និង​ឫទ្ធិ‌បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ រីឯ​បរិលោក​ដែល​យើង​និយាយ​នេះ ព្រះ​មិន​បាន​ប្រគល់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ពួក​ទេវតា​ទេ។ ប៉ុន្ដែ មាន​ម្នាក់​បាន​ធ្វើ​បន្ទាល់​នៅ​កន្លែង​មួយ​ថា៖ «តើ​មនុស្ស​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ ឬ​កូន​មនុស្ស​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ? ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​មួយ​រយៈ​ទេ ក៏​បាន​ប្រទាន​សិរី​ល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ជើង​គេ» ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ គឺ​មិន​បាន​ទុក​អ្វី ដែល​មិន​ចុះ​ចូល​សោះ​ឡើយ។ ឥឡូវ​នេះ យើង​មិន​ទាន់​ឃើញ​ថា​គ្រប់​ទាំង​អស់​ចុះ​ចូល​នៅ​ឡើយ​ទេ តែ​យើង​ឃើញ​ព្រះ‌យេស៊ូវ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ ដោយ​ព្រះ‌អង្គ​បាន​រង​ទុក្ខ និង​សុគត ឥឡូវ​នេះ ព្រះ‌អង្គ​បាន​ទទួល​សិរី​ល្អ និង​ព្រះ​កិត្តិ‌នាម​ទុក​ជា​មកុដ។ ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ ដែល​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់។ អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង​ដោយ​សារ​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌អង្គ​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ នោះ​គួរ​គប្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក។ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​ញែក​ជា​បរិសុទ្ធ និង​អស់​អ្នក​ដែល​ព្រះ‌អង្គ​ញែក​ជា​បរិសុទ្ធ សុទ្ធ​តែ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង‌ប្អូន​ឡើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទូល​បង្គំ​នឹង​ប្រកាស​ពី​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ដល់​ពួក​បង‌ប្អូន​ទូល​បង្គំ ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ នៅ​កណ្តាល​ក្រុម​ជំនុំ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ទូល​បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ» ហើយ​ថា «មើល៍ ទូល‌បង្គំ​នៅ​ជាមួយ​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូល‌បង្គំ» ។ ដូច្នេះ ដោយព្រោះ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​នឹង​គ្នា ព្រះ‌អង្គ​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដោយ​ព្រះ‌អង្គ​សុគត ដើម្បី​បំផ្លាញ​អា​នោះ​ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺ​អារក្ស ហើយ​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​បាវ​បម្រើ​អស់​មួយ​ជីវិត ដោយ​សារ​ការ​ភ័យ​ខ្លាច ឲ្យ​បាន​រួច​វិញ។ ដ្បិត​ព្រះ‌អង្គ​ពិត​ជា​មិន​បាន​យាង​មក​ជួយ​ពួក​ទេវតា​ទេ គឺ​ជួយ​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គួរ​ឲ្យ​ព្រះ‌អង្គ មាន​លក្ខណៈ​ដូច​បង‌ប្អូន​របស់​ព្រះ‌អង្គ​គ្រប់​ជំពូក​ដែរ ដើម្បី​ធ្វើ​ជា​សម្តេច​សង្ឃ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​រំដោះ​ប្រជាជន​ឲ្យ​រួច​ពី​បាប។ ដ្បិត​ដោយ​ព្រះ‌អង្គ​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​ល្បួង ព្រះ‌អង្គ​ក៏​អាច​ជួយ​អស់​អ្នក ដែល​ត្រូវ​ល្បួង​បាន​ដែរ។

ចែក​រំលែក
អាន ហេប្រឺ 2

ហេប្រឺ 2:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ ដែល​យើង​បាន​ស្ដាប់​ឲ្យ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ។ ប្រសិន​បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវតា​ថ្លែង​ប្រាប់​យក​ជា​ការ​បាន ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស និង​មិន​ស្ដាប់​តាម បាន​ទទួល​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ចំណង់​បើ​យើង​វិញ ធ្វើ​ម្ដេច​នឹង​ឲ្យ​រួច​ខ្លួន​បាន បើ​យើង​ធ្វេស‌ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ថ្លៃ​វិសេស​នេះ? ជា​បឋម ព្រះ‌អម្ចាស់​បាន​ថ្លែង​អំពី​ការ​សង្គ្រោះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់​ក៏​បញ្ជាក់​ប្រាប់​យើង​ដែរ។ ព្រះ‌ជាម្ចាស់​ផ្ដល់​សក្ខីភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សម្តែង​ទី​សម្គាល់ ឫទ្ធិ​បាដិ‌ហារិយ៍ ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​មក ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះអង្គ​ផង។ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រគល់​ឲ្យ​ពួក​ទេវតា*​ត្រួត‌ត្រា​ពិភព​លោក​ខាង​មុខ ដូច​យើង​ធ្លាប់​និយាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មាន​ម្នាក់​បាន​ផ្ដល់​សក្ខីភាព​នៅ​ក្នុង​វគ្គ​មួយ​ដែល​ចែង​ថា៖ «តើ​មនុស្ស​មាន​ឋានៈ​អ្វី​បាន​ជា​ព្រះអង្គ​នឹក ដល់​គេ​ដូច្នេះ តើ​បុត្រ​មនុស្ស​ជា​អ្វី​ដែរ​បាន​ជា​ព្រះអង្គ​យក ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ»? «ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាង ទេវតា​តែ​មួយ​រយៈ​ប៉ុណ្ណោះ ព្រះអង្គ​ប្រទាន​សិរី‌រុងរឿង និង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ ព្រះអង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ នៅ​ក្រោម​ជើង​របស់​គេ» ។ ព្រះ‌ជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឥត​ទុក​ឲ្យ​មាន​អ្វី​មួយ​នៅ​សល់ ដែល​ពុំ​បាន​ចុះ​ចូល​នោះ​ឡើយ។ ប៉ុន្តែ នៅ​ពេល​នេះ យើង​ពុំ​ឃើញ​ថា អ្វីៗ​សព្វ​សារ‌ពើ​សុទ្ធ​តែ​បាន​ចុះ​ចូល​នឹង​អំណាច​របស់​មនុស្ស​ហើយ​នោះ​ទេ តែ​យើង​ឃើញ​ថា ព្រះ‌យេស៊ូ​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ ព្រោះ​ព្រះអង្គ​បាន​រង‌ទុក្ខ និង​សោយ​ទិវង្គត​នោះ ឥឡូវ​នេះ ព្រះអង្គ​ទទួល​សិរី‌រុងរឿង និង​ព្រះ‌កិត្តិនាម​ទុក​ជា​មកុដ​រាជ្យ។ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។ អ្វីៗ​ទាំង​អស់​មាន​ជីវិត​ដោយ‌សារ​ព្រះ‌ជាម្ចាស់ និង​សម្រាប់​ព្រះអង្គ ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​នាំ​បុត្រ‌ធីតា​ជា​ច្រើន​ឲ្យ​ទទួល​សិរី‌រុងរឿង ដូច្នេះ គួរ​គប្បី​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះ បាន​គ្រប់​លក្ខណៈ ដោយ​រង‌ទុក្ខ​លំបាក។ ព្រះ‌យេស៊ូ​ដែល​ប្រោស​មនុស្ស​ឲ្យ​វិសុទ្ធ* និង​មនុស្ស​ដែល​ព្រះអង្គ​ប្រោស​ឲ្យ​វិសុទ្ធ​នោះ ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេស៊ូ មិន​ខ្មាស​នឹង​ហៅ​គេ​ថា​ជា​បងប្អូន​របស់​ព្រះអង្គ​ឡើយ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទូលបង្គំ​នឹង​ផ្សាយ​ដំណឹង​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ» ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ» ហើយ​ថា«ខ្ញុំ​នៅ​ឯ​នេះ​រួម​ជា​មួយ​នឹង​កូន​ចៅ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ» ។ ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា ព្រះអង្គ​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​ព្រះអង្គ​សោយ​ទិវង្គត ដើម្បី​កម្ទេច​មារ*​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​ទាសករ​មួយ​ជីវិត ព្រោះ​តែ​ខ្លាច​ស្លាប់។ ព្រះ‌យេស៊ូ​ពិត​ជា​ពុំ​បាន​យាង​មក​ជួយ​ពួក​ទេវតា*​ទេ គឺ​ព្រះអង្គ​មក​ជួយ​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បងប្អូន​របស់​ព្រះអង្គ​គ្រប់​ចំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មហា​បូជា‌ចារ្យ* ដែល​មាន​ចិត្ត​មេត្តា‌ករុណា មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ‌ជាម្ចាស់ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប*​ផង។ ដោយ​ព្រះអង្គ​ផ្ទាល់​បាន​រង‌ទុក្ខ​លំបាក នៅ​ពេល​ជួប​ការ​ល្បង‌ល ព្រះអង្គ​ក៏​អាច​ជួយ​អស់​អ្នក​ដែល​ជួប​នឹង​ការ​ល្បង‌ល​បាន​ដែរ។

ចែក​រំលែក
អាន ហេប្រឺ 2

ហេប្រឺ 2:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោយ​ហេតុ​នោះ បាន​ជា​គួរ​ឲ្យ​យើង​រាល់​គ្នា​ប្រុង​ប្រយ័ត​លើស​ទៅ​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​រាល់​គ្នា​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពី​សេចក្ដី​ទាំង​នោះ ដ្បិត​បើ​សិន​ជា​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ពួក​ទេវតា​បាន​ពោល នោះ​បាន​ឃើញ​ថា​ពិត​មែន ហើយ​គ្រប់​ទាំង​អំពើ​រំលង នឹង​សេចក្ដី​រឹង‌ចចេស​ក៏​ត្រូវ​ទោស​ចំពោះ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន បើ​យើង​ធ្វេស​នឹង​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​ម៉្លេះ ដែល​ព្រះ‌អម្ចាស់​បាន​ចាប់​ផ្តើម​ផ្សាយ​មក រួច​ពួក​អ្នក​ដែល​ឮ ក៏​បាន​បញ្ជាក់​មក​យើង​រាល់​គ្នា​ដែរ ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ជា​មួយ​ផង ដោយ​ទី​សំគាល់ ការ​អស្ចារ្យ នឹង​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ផង។ រីឯ​នៅ​ខាង​បរ‌លោក​ដែល​យើង​ខ្ញុំ​និយាយ​នេះ ទ្រង់​មិន​បាន​បញ្ចុះ‌បញ្ចូល មក​ក្រោម​អំណាច​នៃ​ពួក​ទេវតា​ទេ តែ​មាន​មនុស្ស​ម្នាក់​បាន​ធ្វើ​បន្ទាល់ នៅ​កន្លែង​ណា​មួយ​ថា «តើ​មនុស្ស​ជា​អ្វី បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ឬ​កូន​មនុស្ស​បាន​ជា​ទ្រង់​ប្រោស​ដូច្នេះ ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេ ក៏​បាន​បំពាក់​សិរី‌ល្អ នឹង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ ទ្រង់​បាន​តាំង​ឡើង​ឲ្យ​ត្រួត‌ត្រា​លើ​អស់​ទាំង​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់ ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​ជើង​គេ» ហើយ​ដែល​ទ្រង់​បាន​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់ នោះ​គឺ​មិន​បាន​ទុក​អ្វី ដែល​មិន​ចុះ​ចូល​សោះ​ឡើយ តែ​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​ឃើញ​គ្រប់​ទាំង​អស់​ចុះ​ចូល​នៅ​ឡើយ​ទេ តែ​យើង​ឃើញ​ព្រះ‌យេស៊ូវ​វិញ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​បន្តិច ទ្រង់​ពាក់​សិរី‌ល្អ នឹង​ល្បី​ព្រះ‌នាម ទុក​ជា​មកុដ ដោយ​ព្រោះ​ទ្រង់​បាន​រង​ទុក្ខ​សុគត ដើម្បី​នឹង​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់ ដោយ​នូវ​ព្រះ‌គុណ​នៃ​ព្រះ ដ្បិត​ឯ​ព្រះ ដែល​គ្រប់​របស់​ទាំង​អស់​សំរាប់​ទ្រង់ ហើយ​ដោយ‌សារ​ទ្រង់ កាល​ទ្រង់​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ នោះ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មេ​នៃ​សេចក្ដី​សង្គ្រោះ​គេ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក ពី​ព្រោះ​ព្រះ‌អង្គ ដែល​ញែក​ជា​បរិសុទ្ធ នឹង​ពួក​អ្នក​ដែល​ទ្រង់​ញែក​ជា​បរិសុទ្ធ នោះ​សុទ្ធ​តែ​កើត​មក​ពី​ព្រះ​តែ​១ បាន​ជា​ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ ទ្រង់​មាន​បន្ទូល​ថា «ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ពី​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ» ហើយ​១​ទៀត​ថា «ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់» ហើយ​១​ទៀត​ថា «មើល ទូលបង្គំ​នេះ នឹង​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូលបង្គំ» ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់​១​ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ ដ្បិត​ច្បាស់​ជា​ទ្រង់​មិន​បាន​យក​ពួក​ទេវតា​ទេ គឺ​បាន​យក​ពូជ​លោក​អ័ប្រា‌ហាំ​វិញ ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់​បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ប្រយោជន៍​នឹង​ថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជា‌ជន​ទាំង‌ឡាយ ដ្បិត​ដែល​ទ្រង់​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​សេចក្ដី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក ដែល​ត្រូវ​សេចក្ដី​ល្បួង​បាន​ដែរ។

ចែក​រំលែក
អាន ហេប្រឺ 2