ហេប្រឺ 12:18-29

ហេប្រឺ 12:18-29 គខប

បងប្អូន​ពុំ​បាន​ចូល​មក​ជិត​ភ្នំ​មួយ ដែល​អាច​ពាល់​បាន ជា​ភ្នំ​ដែល​មាន​ភ្លើង​ឆេះ ដែល​មាន​ភាព​ងងឹត​សូន្យ‌សុង មាន​ខ្យល់​ព្យុះ​នោះ​ឡើយ ហើយ​បងប្អូន​ក៏​ពុំ​បាន​ឮ​ស្នូរ​ត្រែ និង​ឮ​ព្រះ‌សូរសៀង​ដែរ។ ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឮ គេ​បាន​អង្វរ​សុំ​កុំ​ឲ្យ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត ព្រោះ​គេ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង​ព្រះ‌បញ្ជា​នេះ​ទេ គឺ​ថាៈ «នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ» ។ នេះ​ជា​អព្ភូត‌ហេតុ​មួយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថាៈ «ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ក៏​ញ័រ​រន្ធត់​ទៀត​ផង» ។ ផ្ទុយ​ទៅ​វិញ បងប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​បរម‌សុខ ដែល​មាន​ទេវតា*​រាប់​លាន​រាប់​កោដិ និង​មាន​ក្រុម‌ជំនុំ​របស់​ពួក​រៀម‌ច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ កំពុង​ជួប‌ជុំ​គ្នា​យ៉ាង​អធិក‌អធម។ បងប្អូន​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​វិញ្ញាណ‌ក្ខ័ន្ធ​អ្នក​សុចរិត​ដែល​បាន​គ្រប់​លក្ខណៈ បងប្អូន​ចូល​មក​ជិត​ព្រះ‌យេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ហើយ​ចូល​មក​ជិត​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត​ដែល​ទូល‌អង្វរ ប្រសើរ​ជាង​លោហិត​របស់​លោក​អេបិល​ទៅ​ទៀត។ ចូរ​ប្រយ័ត្ន! បើ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​បងប្អូន សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់​នោះ​ឡើយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចំណង់​បើ​យើង​ផ្ទាល់ បើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះអង្គ ដែល​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង​ពី​ស្ថាន​បរម‌សុខ​វិញ នោះ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​ឡើយ។ ពី​ដើម ព្រះ‌សូរសៀង​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា​ថាៈ «ម្ដង​នេះ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​កក្រើក​មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ​ទេ គឺ​កក្រើក​ទាំង​ផ្ទៃ​មេឃ​ផង​ដែរ» ។ ពាក្យ«ម្ដង​នេះ​ទៀត»បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក ហើយ​រលាយ​សូន្យ​អស់​ទៅ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ ដែល​នៅ​សល់។ ដោយ​យើង​បាន​ទទួល​ព្រះ‌រាជ្យ*​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ តាម​របៀប​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ ដោយ​ចិត្ត​គោរព​ប្រណិ‌ប័តន៍ និង​គោរព​កោត​ខ្លាច​ព្រះអង្គ ដ្បិត​ព្រះ​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ។