ហេប្រឺ 11:23-39

ហេប្រឺ 11:23-39 គខប

ដោយ‌សារ​ជំនឿ ពេល​លោក​ម៉ូសេ​កើត​មក ឪពុក​ម្ដាយ​បាន​លាក់​លោក​ទុក​ចំនួន​បី​ខែ ព្រោះ​ឃើញ​ទារក​ស្អាត ហើយ​គាត់​មិន​កោត​ខ្លាច​បញ្ជា​របស់​ស្ដេច​ទេ។ ដោយ‌សារ​ជំនឿ លុះ​ដល់​ម៉ូសេ​ធំ​ពេញ​វ័យ​ហើយ លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​លោក​ថា​ជា​កូន​របស់​បុត្រី​ព្រះចៅ​ផារ៉ោន​ទេ។ លោក​សុខ​ចិត្ត​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់ ជា​ជាង​សប្បាយ​នឹង​អំពើ​បាប​តែ​មួយ‌ភ្លែត ។ លោក​យល់​ឃើញ​ថា លោក​រង​ការ​ប្រមាថ​មើល‌ងាយ​ដូច​ព្រះ‌គ្រិស្ត ប្រសើរ​ជាង​បាន​ទ្រព្យ​សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​លោក​ជាប់​ចិត្ត​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។ ដោយ‌សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​លោក​កាន់​ចិត្ត​រឹង‌ប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​ព្រះ‌ជាម្ចាស់ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។ ដោយ‌សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​ចម្លង* និង​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​មច្ចុរាជ ​បៀត‌បៀន​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក រីឯ​ជន‌ជាតិ​អេស៊ីប​ដែល​ខំ​ឆ្លង​មក​ដែរ ត្រូវ​ទឹក​សមុទ្រ​គ្រប​ពី​លើ ​ស្លាប់​អស់​ទៅ។ ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដើរ​ជុំ‌វិញ​ក្រុង​យេរីខូ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ ហើយ​កំពែង​ក្រុង​ក៏​រលំ​អស់។ ដោយ‌សារ​ជំនឿ នាង​រ៉ាហាប ជា​ស្ត្រី​ពេស្យា ពុំ​បាន​វិនាស​អន្តរាយ​ជា​មួយ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប‌ការណ៍​ដោយ​មេត្រី‌ភាព។ តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត? ខ្ញុំ​គ្មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោក​គេឌាន លោក​បារ៉ាក់ លោក​សាំសុន លោក​យ៉ែប‌ថា ព្រះ‌បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ព្យាការី​នានា​ទេ។ ដោយ‌សារ​ជំនឿ លោក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​សន្យា​ប្រទាន​ឲ្យ បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព។ ស្ត្រីៗ​បាន​ឃើញ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ មាន​ជីវិត​រស់​ឡើង​វិញ។ អ្នក​ខ្លះ​សុខ​ចិត្ត​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម មិន​ព្រម​ឲ្យ​នរណា​ដោះ​លែង​ឡើយ ដើម្បី​ឲ្យ​បាន​ជីវិត​រស់​ឡើង​វិញ​ដ៏​ប្រសើរ​ជាង។ អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​ឲ្យ​គេ​ចំអក​ឡក‌ឡឺយ ឲ្យ​គេ​វាយ‌ដំ ហើយ​ថែម​ទាំង​ឲ្យ​គេ​ដាក់​ច្រវាក់​ឃុំ‌ឃាំង​ថែម​ទៀត​ផង។ អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទ‌បាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។ លោកីយ៍​ពុំ​ស័ក្ដិ‌សម​នឹង​ឲ្យ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោ‌ស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។ ទោះ​បី​អ្នក​ទាំង​នោះ​ទទួល​សក្ខីភាព​ល្អ ព្រោះ​តែ​ជំនឿ​របស់​ខ្លួន​ក្ដី ក៏​គេ​ពុំ​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហេប្រឺ 11:23-39